ព្រះសីហនុៈ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានគាំទ្រ និងទទួលអនុវត្តអនុសាសន៍របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចំពោះការរៀបចំឱ្យមានកិច្ចពិភាក្សាបើកទេសចរណ៍អាស៊ានឡើងវិញ ដោយចាប់ផ្តើមពីការជំរុញទេសចរណ៍ផ្ទៃក្នុង (Intra-ASEAN Travel) ឱ្យបានឆាប់។ នេះបើយោងតាមក្រសួងទេសចរណ៍កម្ពុជា។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី ២៥ និងកិច្ចប្រជុំពាក់ព័ន្ធរបស់ក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី ២១ ខែមករា ឱ្យដឹងថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានគាំទ្រ និងទទួលអនុវត្តនូវអនុសាសន៍របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំពោះការជំរុញឱ្យពិភាក្សាពីការបើកទេសចរណ៍អាស៊ានឡើងវិញ ដោយត្រូវជំរុញបើកទេសចរណ៍ផ្ទៃក្នុងរបស់ខ្លួន (Intra-ASEAN Travel) ឱ្យបានឆាប់ចំពោះមុខតាមរយៈការគិតគូររៀបចំអនុវត្តច្រករបៀងនៃការធ្វើដំណើរក្នុងតំបន់អាស៊ាន (ASEAN Travel Corridor), ការគិតគូរបង្កើតឱ្យមានប្រព័ន្ធរួមទទួលស្គាល់ការចាក់វ៉ាក់សាំង ដូចជាលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងតាមប្រព័ន្ធឌីជីថល (Digital Vaccination Certificate) ជាដើម។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានឯកភាពជំរុញអនុវត្តផែនការ និងគោលការណ៍ដែលបានអនុម័តមានដូចជា ផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ និងគោលការណ៍ណែនាំអាស៊ានស្តីពីវិធានសុវត្ថិភាព និងអនាម័យអាស៊ាន ស្របតាមសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីទេសចរណ៍អាស៊ាន ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់កាន់តែប្រសើរ។
តាមរយៈវេទិកាទេសចរណ៍អាស៊ាន ២០២២ «តារារះទិសនិរតី» ដែលកម្ពុជា ជាម្ចាស់ផ្ទះ និងកំពុងរៀបចំនៅក្រុងព្រះសីហនុ ពីថ្ងៃទី ១៦-២២ ខែមករា នេះ ក្រុមរដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានឯកភាពគ្នាលើកិច្ចការមួយចំនួនទៀតមានដូចជា៖ ការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញក្រោមបរិបទកូវីដ ១៩ ទាំងទេសចរណ៍ផ្ទៃក្នុងអាស៊ាន និងទេសចរណ៍អន្តរជាតិ, ការលើកទឹកចិត្តឱ្យពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញជាមួយដៃគូអន្តរជាតិ សមាគមទេសចរណ៍នានា និងផ្នែកឯកជន ដើម្បីបង្កើនការចូលរួមជ្រោមជ្រែងការបើកទេសចរណ៍តំបន់ឡើងវិញ ប្រកបដោយភាពរលូន កំណើន និងមានសុវត្ថិភាព, ការឯកភាព និងអនុម័តលើឯកសារស្នើឡើងដោយប្រធានស្ថាប័នជាតិទេសចរណ៍ អាស៊ាន (ASEAN NTOs), និងបានឯកភាពគ្នាផ្តល់កិច្ចសហការសម្របសម្រួលចាំបាច់នានា ដើម្បីអនុវត្តការបើកទេសចរណ៍អាស៊ាន ប្រកបដោយភាពរលូនជាដំណាក់កាល និងទទួលបាននូវចីរភាព និងកំណើន។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលបានផ្តល់ការគាំទ្រខ្ពស់ដល់វិស័យទេសចរណ៍អាស៊ាន និងបានផ្តល់នូវអនុសាសន៍ណែនាំជាច្រើន ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានមានដំណើរការឡើងវិញជាបណ្តើរៗ និងមានសុវត្ថិភាព បន្ទាប់ពីត្រូវបានជាប់គាំងជាង ២ ឆ្នាំ ដោយសារវិបត្តិនៃជំងឺកូវីដ ១៩។
ប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍អាស៊ាន ២០២២ នៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ ២០២២ តាមទម្រង់ផ្ទាល់រវាងប្រទេសសមាជិកអាស៊ាន និងដៃគូអាស៊ានមួយចំនួនមានដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO), សមាគមន៍ទេសចរណ៍អាស៊ាន (ASEANTA) និងសមាគមន៍ទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA)។ រីឯដៃគូអាស៊ានមួយចំនួនច្រើនទៀត ដូចជាប្រទេសបូកបី ឥណ្ឌា រុស្ស៊ី ស្ថាប័នទេសចរណ៍ដៃគូអាស៊ាន និងផ្នែកឯកជនបានចូលរួមតាមប្រព័ន្ធអនឡាញ។
វេទិកានេះមានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ទាំងផ្ទាល់ និងអនឡាញ ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន និងតំណាងអង្គទូតនានានៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជាផងដែរ៕