ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ (GDT) បាន​ក្រើន​រំឭក​ដល់​អ្នក​ជាប់​ពន្ធ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ថា ការ​អនុវត្ត​អាករ​លើតម្លៃ​បន្ថែម​សម្រាប់​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce) នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​០១ ខែ​មេសា ឆ្នាំ ២០២២ តទៅ ខណៈ GDT បាន​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាច្រើន​សម្រាប់​ដាក់​ឱ្យ​អ្នក​ជាប់ពន្ធ​អនុវត្ត។

នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​តាម​អនឡាញ​ស្តីពី «ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce)» ដែល​រៀបចំ​ដោយ​អគ្គនាយដ្ឋាន​ពន្ធដារ កាល​ពី​ថ្ងៃទី​១៨ ខែ​មករា លោក អេង រតនា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នកជាប់​ពន្ធ​ធំ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​លើក​ឡើង​ថា ការ​បញ្ជ្រាប​ចំណេះ​ដឹង​ដល់​អ្នក​ជាប់ពន្ធ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម គឺពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​យុទ្ធសាស្រ្ត​កៀរគរ​ចំណូល ២០១៩-២០២៣ ដែល​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​មិន​បង្កើន​អត្រាពន្ធ ឬ​បង្កើត​ពន្ធ​ថ្មី ដោយ​ត្រូវ​ពង្រឹង​ច្បាប់ និង​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ដែល​មាន​ស្រាប់ និង​ពង្រឹង​ការ​គ្រប់គ្រងប្រមូល​ចំណូលពន្ធ​ឱ្យ​អស់​សក្តានុពល។

លោកបន្ថែមថា ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២២ ខាង​មុខ​នេះ​ត​ទៅ។

បើតាម លោក អេង រតនា កាតព្វកិច្ច​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រកាស​ដាក់​ចេញ​តាម​រយៈសេចក្តី​ណែនាំ​លេខ ២០៥២២ អពជ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

លោក អេង រតនា បាន​ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន GDT បាន​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ពន្ធដារ​សម្រាប់​ដាក់​ឱ្យ​អ្នក​ជាប់ពន្ធ​អនុវត្ត​ជា​បន្តបន្ទាប់ មាន​ដូចជា Tol E-Filing, E-Filing, E-Payment, GDT Tax Pre-filing App និង​ប្រព័ន្ធ​ទទួល​លិខិត​ប្រកាស​ពន្ធ, ពាក្យ​ស្នើសុំ​លិខិត​រដ្ឋបាល និង/ឬ​ឯកសារ​នានា​តាម​រយៈប្រព័ន្ធ​បញ្ជូន​ឯកសារ​អេឡិចត្រូនិក (E-Document Submission System) ព្រម​ទាំងការ​ស្នើសុំ​វិញ្ញាបនបត្រ/លិខិត​អនុញ្ញាត​នានា​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ជាប់ពន្ធ កាត់​បន្ថយ​ពេល​វេលា​ស្របតាម​របត់​នៃ​បច្ចេកវិទ្យា​សម័យ​ទំនើប​នា​ពេល​បច្ចុប្បន្ន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ដើម​មករា ឆ្នាំ ២០២២ បាន​លើក​ឡើង​ថា​ចំណូល​ដែល​កម្ពុជា​បាន​ពី​ពន្ធដារ មាន​ប្រមាណ ២ ២៤៣ លាន​ដុល្លារ លើស​ផែនការ​ជាង ២៤​ភាគរយ៕