ភ្នំពេញៈ រដ្ឋាភិបាល​នឹង​ចាប់​អនុវត្ត​ការយក​អាករ​លើ​តម្លៃបន្ថែម​សម្រាប់​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce VAT) ដោយ​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែមេសា ឆ្នាំ​ ២០២២ តទៅ ខណៈ​អគ្គនាយកដ្ឋាន​ (GDT) ​បានធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជាច្រើន​សម្រាប់​ដាក់ឱ្យ​អ្នក​ជាប់ពន្ធ​អនុវត្ត​។

លោក អេង រតនា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ​នៃ GDT បានលើកឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​តាម​អនឡាញ​ស្តីពី​ «​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-Commerce)» ​កាលពី​ថ្ងៃទី​ ១៨ ខែមករា ថា ការបញ្ជ្រាប​ចំណេះដឹង​ដល់​អ្នក​ជាប់ពន្ធ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុងការ​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣ ដែល​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​មិន​បង្កើន​អត្រាពន្ធ ឬ​បង្កើត​ពន្ធ​ថ្មី ដោយ​ត្រូវ​ពង្រឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ដែលមាន​ស្រាប់ និង​ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឱ្យអស់​សក្តានុពល​។

លោក​បន្ថែមថា​៖ «​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នឹងត្រូវ​អនុវត្ត​ពីថ្ងៃ​ទី​ ១ ខែមេសា ឆ្នាំ​ ២០២២ ខាងមុខនេះ​តទៅ​។ កាតព្វកិច្ច​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រកាស​ដាក់ចេញ​តាមរយៈ​សេចក្តីណែនាំ​លេខ ២០៥២២ អពជ ចុះ​ថ្ងៃទី ​៨ ខែធ្នូ ឆ្នាំ​ ២០២១»​។

ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី​ ១ ខែធ្នូ ឆ្នាំ​ ២០២១ ក៏បាន​ជូនដំណឹង​ពី​ការពន្យារពេល​ការដាក់ពាក្យ​ស្នើសុំ​លិខិត​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​រហូតដល់​ថ្ងៃទី​ ១ ខែមីនា ឆ្នាំ​ ២០២២ ដោយសារ​ក្រសួង​សង្កេតឃើញថា សហគ្រាស​ក្រុមហ៊ុន​ទាំងនោះ​បាននិងកំពុង​រៀបចំ​ឯកសារ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

លោក ឱម តារាឫទ្ធិ ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​អំឡុងពេល​នៃ​វិបត្តិ​កូវីដ​ ១៩ អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​កាន់តែ​ពេញនិយម និង​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាជន​បាន​ច្រើន ជាពិសេស​អាជីវកម្ម​លក់​អាហារ ភេសជ្ជៈ សម្លៀកបំពាក់ និង​សម្ភារ​ប្រើប្រាស់ ប៉ុន្តែ​បញ្ហា និង​ជម្លោះ​រវាង​អ្នកលក់ និង​អ្នកទិញ​យកទៅ​ប្រើប្រាស់​ក៏មាន​មិនតិច​ដែរ​។

លោក​លើកឡើងថា​៖ «​កន្លងមក​យើង​មាន​បញ្ហា​ច្រើន​ដែល​បង្កើតឱ្យមាន​ភាពមិន​ទុកចិត្ត​រវាង​អ្នកប្រើប្រាស់ និង​អ្នកលក់ ពេលខ្លះ​អ្នកទិញ​គាត់​ទិញ​ទំនិញ​ហើយ ប៉ុន្តែ​នៅពេល​យក​ដល់​ខុសពី​ការផ្សព្វផ្សាយ និង ពេលខ្លះ​គេ​បង់លុយ​ហើយ គេ​យក​អីវ៉ាន់​ទៅឱ្យ​មិនទាន់​ពេល​ជាដើម គឺ​បញ្ហា​កើតមាន​ច្រើនណាស់ ដូចនេះ​យើង​មានច្បាប់​ការពារ​សិទ្ធិ​អ្នកប្រើប្រាស់​ ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ ឬ​អ្នកទិញ​»​។

បើតាម​លោក​ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន និង​សហគ្រាស​ទាំងឡាយ​ណា​ដែល​នៅតែ​មិន​ព្រម​មក​ដាក់ពាក្យ​ស្នើសុំ​ទៀត​នោះ​ក្រសួង​នឹង​ចាត់វិធានការ​តាមច្បាប់ ដោយ​នឹង​ផ្អាក​ប្រតិបត្តិការ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (​ការលក់​តាម​អនឡាញ​) ហើយនឹង​អាច​ពិន័យ​ជា​ប្រាក់​រហូតដល់​ចំនួន​ ១០​ លាន​រៀល​សម្រាប់​អាជីវកម្ម​តាម​អនឡាញ​ណា ដែល​ធ្វើ​សកម្ម​លក់ដូរ​តាម​អនឡាញ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នេះ​។

កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​ ២០២០ រដ្ឋាភិបាល​បាន​សម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (Official Launch E-Commerce Strategy) ក្នុង​គោលបំណង​ដើម្បី​ឈានទៅ​សម្រេចបាន​កំណើន​នៃ​ភាពប្រកួតប្រជែង​ទាក់ទង​នឹង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ព្រមទាំង​ការសម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា​នៅ​ឆ្នាំ​ ២០៣០ និង​ ២០៥០​។

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​បង្ហាញថា ប្រាក់ចំណូល​ឌីជីថល​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩ មាន​ចំនួន ៤៧០ ​លាន​ដុល្លារ​។ ប្រសិនបើ​គិត​តាម​វិស័យ ពាណិជ្ជកម្ម​អេឡិចត្រូនិក​មាន​ចំនួន ២៧,៦ ​ភាគរយ សេវាកម្ម​អេឡិចត្រូនិក មាន ៧,៨ ​ភាគរយ ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល ១០,២ ​ភាគរយ បច្ចេកវិទ្យា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ (AdTech) ១២,៧​ ភាគរយ ការដឹកជញ្ជូន ៣,៨ ​ភាគរយ និង​ការធ្វើដំណើរ​អនឡាញ ៣៧,៩ ​ភាគរយ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ដើម​ខែមករា ឆ្នាំ​ ២០២២ បាន​លើកឡើងថា ចំណូល​ដែល​កម្ពុជា​បាន​ពី​ពន្ធដារ​នៅក្នុង​ឆ្នាំ​ ២០២១ មាន ២២៤៣​ លាន​ដុល្លារ លើស​ផែនការ​ជាង ២៤ ​ភាគរយ​៕ LA

វីដេអូ៖