ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកំពុងកែសម្រួលលើខ្លឹមសារមួយចំនួននៃសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីត្រៀមស្នើសុំការសម្រេចពីរដ្ឋាភិបាល ខណៈអ្នកនៅក្នុងវិស័យនេះមានសុទិដ្ឋិនិយមថានឹងធ្វើឱ្យផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាកាន់តែមានកេរ្តិ៍ឈ្មោះ និងទីផ្សារនាំចេញកាន់តែច្រើន។
ក្នុងកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី កាលពីថ្ងៃទី ២០ ខែមករា លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងពីសារបាននៃគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដែលកន្លងមកគោលនយោបាយនេះបានដាក់ឆ្លងកិច្ចប្រជុំជាច្រើនលើករួចមកហើយ ដូចជា កិច្ចប្រជុំកម្រិតអគ្គនាយកដ្ឋានអន្តរអគ្គនាយកដ្ឋាន កិច្ចប្រជុំក្រុមការងារបច្ចេកទេស និងកិច្ចប្រជុំក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា។ បន្ថែមពីលើនេះ ក្រុមការងាររបស់ក្រសួងក៏បានបញ្ចូលធាតុចូលពីអន្តរក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធដូចជា សមាគម អ្នកនាំចេញ អ្នកដាំដុះដើម្បីបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាត។
លោកលើកឡើងថា ស្វាយចន្ទី គឺជាទំនិញមានសក្តានុពលដែលកម្ពុជាមានទាំងការដាំដុះ និងការផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក និងនាំចេញ។ ដូច្នេះការរៀបចំឱ្យមាននយោបាយជាតិនឹងរួមចំណែកយ៉ាងច្រើនដល់ការសម្រេចបាននូវមហិច្ឆតាពេលអនាគតរបស់កម្ពុជាក្នុងការក្លាយជាប្រទេសផលិត និងនាំចេញ។
លោកថ្លែងថា៖ «ខ្ញុំសូមផ្តល់អនុសាសន៍ឱ្យលេខាធិការដ្ឋានរៀបចំគោលនយោបាយជាតិស្តីពីស្វាយចន្ទីត្រៀមរៀបចំនីតិវិធីបន្ត ដើម្បីស្នើសុំដាក់ពិភាក្សានៅកិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗខាងមុខ»។
គោលបំណងនៃសេចក្តីព្រាងគោលនយោបាយជាតិ គឺប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ នេះបើតាមលោក រាជ រ៉ា។
ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ លោកស្រី អ៊ិន ឡៃហ៊ួត បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៣ ខែមករា ថា ផ្ទៃដី និងបរិមាណផលស្វាយចន្ទី កំពុងមាននិន្នាការកើនឡើងរៀងរាល់ឆ្នាំ។ កំណើននេះ គឺបណ្តាលមកពីកត្តាសំខាន់ៗមួយចំនួនដូចជា ងាយស្រួលដាំដុះមានទីផ្សារធំ និងតម្លៃសមរម្យ។ លោកស្រីបន្តថា បើដំណាំស្វាយចន្ទីស្ថិតក្នុងគោលនយោបាយជាតិដូចជា ដំឡូងមី វានឹងអាចជួយទាក់ទាញអ្នកវិនិយោគ និងប្រជាជនកាន់តែច្រើនឱ្យដាំស្វាយចន្ទី និងធ្វើការកែច្នៃសម្រាប់នាំចេញ។
លោកស្រីបញ្ជាក់ថា៖ «ពេលដំណាំស្វាយចន្ទីស្ថិតក្នុងគោលនយោបាយជាតិ ខ្ញុំមានជំនឿថា វានឹងផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់អ្នកដាំដុះ និងកែច្នៃ ខណៈបច្ចុប្បន្នខ្ញុំដឹងថាតម្រូវការមានច្រើន ប៉ុន្តែសមត្ថភាពនៃការផ្គត់ផ្គង់នៅមានចំនួនតិចតួច»។
បច្ចុប្បន្នគ្រាប់ស្វាយចន្ទីមានតម្លៃចន្លោះពី ៦ ០០០-៧ ០០០ រៀលក្នុង ១ គីឡូក្រាម ដែលជាតម្លៃប្រហាក់ប្រហែលនឹងឆ្នាំមុន។ នេះបើយោងតាមលោកស្រី ឡៃហ៊ួត។
ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនជប៉ុន Top Planning Japan (TPJ) សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ បានចាប់ផ្តើមនាំចេញស្វាយចន្ទីទៅទីផ្សារប្រទេសជប៉ុនជាលើកដំបូងកាលពីពាក់កណ្តាលឆ្នាំ ២០២១ ដោយមកទល់ពេលនេះ សិប្បកម្មបាននាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារជប៉ុនសរុបចំនួន ៣៤ តោន។
តាមការប៉ាន់ស្មានក្នុងឆ្នាំ ២០២១ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី ក្នុងទឹកប្រាក់សរុប ១ ៦០៤,៨៧ លានដុល្លារ កើនឡើង ២៣៣,៣២ ភាគរយធៀបនឹងឆ្នាំ ២០២០។ ចំណែកការនាំចេញសម្រេចបាន ៩៣៧ ៩៧៤,២៦ តោន កើន ៣២៨,៣៤ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ ទីផ្សារសំខាន់ៗរួមមាន ប្រទេសវៀតណាម, ចិន, ថៃ, ឥណ្ឌា, ជប៉ុន, និងកូរ៉េ។ នេះបើតាមក្រសួងកសិកម្ម៕ LA
វីដេអូ៖