ភ្នំពេញៈ ដំណើរ​ការបើក​ទីផ្សារ​នាំចេញ​ត្រីប្រា​ទៅ​ប្រទេស​ចិន​ បាននិងកំពុង​ចាប់ផ្តើម ខណៈ​តំណាង​ភាគី​កម្ពុជា និង​ចិន ជួបពិភាក្សា​គ្នា​ជា​លើក​ទី​១ ដើម្បី​វាយតម្លៃ​លើ​ភូតគាម​អនាម័យ​ត្រីប្រា​កម្ពុជា សម្រាប់​ឈានទៅ​នាំចេញ​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។

ភាគី​កម្ពុជា​តំណាង​ដោយ​ក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​គយ​ចិន កាលពី​ថ្ងៃទី​ ២០ ខែមករា បានរៀបចំ​កិច្ចប្រជុំ​វាយតម្លៃ​លើកដំបូង​តាម​វីដេអូ​ទៅលើ​ភូតគាម​អនាម័យ​ត្រីប្រា​កម្ពុជា​។ យោងតាម​ការរៀបចំ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការវាយតម្លៃ​នេះ​អាចមាន​រយៈពេល ៩ ​ថ្ងៃ និង​បញ្ចប់​នៅ​ថ្ងៃទី​ ២៨ ខែមករា​។

កិច្ចប្រជុំ​ខាងលើ គឺជា​វិធានការ​ដ៏សំខាន់​មួយទៀត​សម្រាប់​ចិន និង​កម្ពុជា​ក្នុងការ​អនុវត្ត​កុងសង់ស៊ីស​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង ២ ក្នុង​ការពន្លឿន​នាំចេញ​កសិផល​កម្ពុជា​។

ប្រទេស​ទាំង ​២ កំពុង​ខិតខំ​សម្រេច​ឆន្ទៈ និង​ការប្ដេជ្ញាចិត្ត​ដ៏មុតមាំ​ក្នុងការ​នាំចេញ​កសិផល​កម្ពុជា​ទៅកាន់​ប្រទេស​ចិន និង​ការជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​កាន់តែច្រើន​។

លោក សុខ រ៉ាដែន ប្រធាន​សមាគម​វារីវប្បករ​កម្ពុជា ដែល​ពេលនេះ​មាន​សមាជិក​ជា​អ្នក​ចិញ្ចឹម​ត្រី​ជាង ៤០០ ​គ្រួ​សារបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៣ ខែមករា​ថា ការចិញ្ចឹម​ត្រីប្រា​នៅ​កម្ពុជា​មិនមាន​ភាព​ផុលផុស​ទេ ព្រោះ​មិនសូវមាន​ទីផ្សារ ប៉ុន្តែ​បើ​ប្រទេស​ចិន​យល់ព្រម​ទទួល​ទិញ​ត្រីប្រា​កម្ពុជា និង​ឱ្យ​តម្លៃ​សមរម្យ ការចិញ្ចឹម​ប្រាកដជា​នឹងមាន​សម្ទុះ​ឡើង ព្រោះ​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ស្រះ​ចិញ្ចឹម​ត្រី​ជាច្រើន​កន្លែង​។

លោក​បញ្ជាក់ថា​៖ «​ក្នុងនាម​សមាគម​វ៉ារីវប្បករ​កម្ពុជា ខ្ញុំ​អាច​និយាយ​ថាបើ​មាន​តម្រូវការ​ច្រើន ប្រាកដ​ណាស់​គឺ​កម្ពុជា​អាចធ្វើ​បាន​ទាំង​បរិមាណ និង​គុណភាព​។ ដូនតា​ខ្មែរ​អាច​សង់​ប្រាសាទអង្គរវត្ត​ដ៏អស្ចារ្យ​បាន ហេតុអ្វី​គ្រាន់តែ​ការចិញ្ចឹម​ត្រី​ធ្វើ​មិនបាន​? យើង​ប្រាកដជា​ធ្វើបាន​ប្រសិនបើ​មាន​ទីផ្សារ​ធានា​ទទួល​ទិញ និង​ទទួលបាន​តម្លៃ​សមរម្យ​»​។

យោងតាម​លោក រ៉ាដែន ក្រៅពី​ប្រភេទ​ត្រីប្រា កម្ពុជា​ក៏មាន​សក្តានុពល​គ្រប់គ្រាន់​ក្នុងការ​នាំចេញ​ប្រភេទ​ត្រី​មួយចំនួនទៀត​ដូចជា ត្រី​អណ្តែង ត្រីឆ្ពិន និង​ត្រីទីឡាព្យ៉ា ជាដើម​។

បច្ចុប្បន្ន​ត្រីប្រា នៅ​ទីផ្សារ​មានតម្លៃ​ក្នុង​រង្វង់​ជាង ៤ ០០០ ​រៀល ​ក្នុង ​១​ គីឡូក្រាម ដែល​តម្លៃ​នេះ​មិនអាច​ឱ្យ​អ្នក​ចិញ្ចឹម​រួច​ថ្លៃដើម​ផលិត​ឡើយ​។ ការចិញ្ចឹម​ត្រីប្រា គេ​ត្រូវ​ចំណាយពេល​ពី ៨-១២ ​ខែ ដើម្បី​បាន​ត្រី​ទម្ងន់​ចាប់ពី ១ ​គីឡូក្រាម​ឡើងទៅ​។ នេះ​បើតាម​លោក រ៉ាដែន​។

លោក សុង សីហា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី នៅ​ស្រុក​ពញា​ក្រែក ខេត្ត​ត្បូងឃ្មុំ បាន​និយាយថា រូបលោក និង​ម្ចាស់​កសិដ្ឋាន​ជាច្រើន​កំពុង​រង់ចាំ​ព័ត៌មាន​ការចរចា​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​ចិន ព្រោះ​បើ​ប្រទេស​ចិន​អនុញ្ញាត​ការចិញ្ចឹម​ត្រីប្រា​នឹង​កើនឡើង​។ ការចិញ្ចឹម​ត្រីប្រា​នាពេលនេះ​មិនសូវ​ច្រើន​ទេ ព្រោះ​ពេល​លក់​ចេញ​បាន​តម្លៃ​ទាប​។ ត្រី​ប្រា​ងាយស្រួល​ចិញ្ចឹម​ជាង​ត្រី​ភាគច្រើន ព្រោះ​វា​មិន​រើស​ចំណី​ឡើយ​។

លោក​ប្រាប់ថា​៖ «​អ្នក​ចិញ្ចឹម​កំពុង​មើល​ព័ត៌មាន បើ​ប្រទេស​ចិន​យល់ព្រម​ទទួល​ការចិញ្ចឹម​នឹងមាន​កំណើន​ភ្លាមៗ​»​។

យោងតាម​ក្រសួងកសិកម្ម ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចេញ​ផលិតផល​ជលផល ៤ ០៩៩ ៥៣០ ​ដុល្លារ​៕ LA