ភ្នំពេញៈ លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា លោក​កំពុង​រៀបចំ​ផែនការ​ពង្រីក​សេវា​ទូទាត់​ឆ្លង​ប្រទេស​ជាមួយ​ប្រទេស​ ២ ​បន្ថែមទៀត​ក្នុង​តំបន់​អាស៊ាន គឺ​ប្រទេស​ឡាវ និង​វៀតណាម ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​នៃ​រំហូរ​ទំនិញ និង​សេវាកម្ម​រវាង​កម្ពុជា និង​ប្រទេស​ទាំង​ ២ បន្ទាប់ពី​ខ្លួន​ទទួលបាន​ជោគជ័យ ជាមួយ​ការទូទាត់​នេះ​ជាមួយ​ប្រទេស​ថៃ​។

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​ពិធី​ខួប ៣០​ ឆ្នាំ​នៃ​ការបង្កើត​ធនាគារ​អេស៊ីលីដា ពី​ក្រុង​បាត់ដំបង លោក ចាន់នី បាន​លើកឡើងថា​ជាមួយ​នឹង​ផែនការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ឱ្យ​កាន់តែ​ទូលំទូលាយ និង​មាន​ភាពបត់បែន​ឆ្លើយតប​នឹង​តម្រូវការ​មហាជន អេស៊ីលីដា មាន​ផែនការ​ក្នុង​ការតភ្ជាប់​ការទូទាត់​ឆ្លង​ប្រទេស​ទៅកាន់​ប្រទេសជិតខាង​នាពេល​ឆាប់ៗ​។

លោក​បាន​ថ្លែងថា​៖ «​យើង​សម្រិតសម្រាំង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​យើង​ឱ្យមាន​ភាពទន់ភ្លន់ បត់បែន​ទៅគ្រប់​មជ្ឈដ្ឋាន​មហាជន​ទាំងអស់​ទាំង​ជនបទ និង​ទីក្រុង​។ យើង​នឹង​ផ្សារភ្ជាប់​នូវ​អ្វីដែល​យើង​មាននូវ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ជាមួយ​ថ្នាក់​តំបន់ គឺ​យើង​បានធ្វើ​រួចហើយ​ដោយ​ត​ភ្ជាប់​ជាមួយ​ប្រទេស​ថៃ ហើយ​យើង​នឹង​ត​ភ្ជាប់​ជាមួយ​ប្រទេស​ ២​ ទៀត គឺ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ឡាវ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្រាប់​ការជំរុញ​ការទូទាត់​ឆ្លង​ប្រទេស (Cross-border payment) ​ដែល​នេះ​គឺជា​ផែនការ យុទ្ធសាស្ត្រ​របស់​យើង​បាន​សម្រិតសម្រាំង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យមាន​ភាពទន់ភ្លន់ និង​ជ្រាប​ជ្រៅ​ទៅក្នុង​មហាជន​គ្រប់​ស្រទាប់ និង​ថ្នាក់​តំបន់ ដែល​នេះ​ជា​ចំណុច​សំខាន់​»​។

លោក​បន្ថែមទៀតថា​៖ «​យើង​មាន​ផែនការ​ក្នុង​ការធ្វើ​សមាហរណកម្ម​ប្រព័ន្ធ​ទូទាត់​ឆ្លង​ប្រទេស​របស់​យើង​ទៅកាន់​ប្រទេស​ទាំង​ ២ ​នេះ​នៅក្នុង​ឆ្នាំ​ ២០២២ នេះ​ដោយសារ​ពេលនេះ​យើង​នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ត្រូវ​បញ្ជប់​។ គម្រោង​តភ្ជាប់​នេះ​នឹង​ចាប់ផ្តើម​ឆាប់ៗ​បន្ទាប់ពី​ធនាគារកណ្តាល​នៃ​ប្រទេស​ទាំង​ ២ ​នេះ​បានធ្វើ​ការផ្លាស់ប្តូរ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រួចរាល់​លើ​គម្រោង​ទូទាត់​ឆ្លង​ប្រទេស​នេះ​»​។

លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា​កាលពីពេល​ថ្មីៗ​បាន​និយាយថា បច្ចុប្បន្ន​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា និង​ការប្រកួត​ប្រជែង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​ផ្តល់ឱកាស និង​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដាក់ចេញ​នូវ​ឧបករណ៍ និង​សេវា​ទូទាត់​ប្រកបដោយ​នវានុវត្តន៍​ដល់​សាធារណជន ដូចជា ការទូទាត់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​, ទូរស័ព្ទ​ចល័ត និង​តាម​ឃ្យូអរកូត ជាដើម​។

លោកស្រី​ថ្លែងថា​៖ «​ទោះជា​យ៉ាងនេះ​ក៏ដោយ ការទូទាត់​តាម​ឃ្យូអរកូត​កន្លងមក​នៅ​ពុំទាន់​មាន​ប្រសិទ្ធភាព និង​ផ្តល់​ភាពងាយស្រួល​សម្រាប់​អតិថិជន​នៅឡើយ ព្រោះ​អតិថិជន​មិនអាច​ធ្វើការ​ទូទាត់​សង​ប្រាក់​ឆ្លង​គ្រឹះស្ថាន​ទៅវិញទៅមក​បាន​»​។

«​ឆ្លើយតប​នឹង​បញ្ហា​នេះ និង​ដើម្បី​អនុវត្ត​ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ចេញ​នូវ​ប្រកាស​ស្តីពី​គំរូ​បរិច្ឆិនភាព​បច្ចេកទេស​ខេអេច​ឃ្យូអរកូត (KHQR Code) សម្រាប់​ទូទាត់​សង​ប្រាក់​កាលពី​ថ្ងៃទី​ ២៦ ខែមិថុនា ឆ្នាំ​ ២០២០ កន្លងមក​» ។ ​នេះ​បើ​យោងតាម​ការថ្លែង​បញ្ជាក់​របស់លោកស្រី ជា សិរី​។

បច្ចុប្បន្ននេះ​មាន​អតិថិជន​ជាច្រើន​បានធ្វើ​ការទូទាត់​កម្មវិធី​ទូទាត់ KHQR Code របស់​ធនាគារ​អេស៊ីលីដា​នៅ​ប្រទេស​ថៃ​រួចរាល់​ហើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​កម្ពុជា​បានដាក់​ឱ្យ​ដំណើរការ​ការស្គែន Thai QR Code នៅ​ចំពេល​នៃ​ការផ្ទុះ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ហើយ​យើង​នៅតែ​មាន​ការទូទាត់​តាម QR Code ជា​ទឹកប្រាក់​ប្រមាណ ៤ ១៣៥ ៣១៣ បាត​ស្មើនឹង ៦៨៨ ​ប្រតិបត្តិការ​។ យើង​សង្ឃឹមថា ចំនួន​ប្រតិបត្តិការ​នឹងមាន​ការកើនឡើង​នៅពេល​ប្រទេស​បើក​សេដ្ឋកិច្ច​ជា​ប្រក្រតីកម្ម​ដោយ​គ្មាន​ការបិទខ្ទប់​។ បច្ចុប្បន្ន​យើង​ធ្វើការ​អនុវត្ត​ការស្គែន Cambodian QR Code នៅ​ស្រុកថៃ បើទោះបីជា​នៅមាន​ចំនួន​តិច ប៉ុន្តែ​យើង​នៅតែមាន​កំណើន​។ សម្រាប់​ជំហាន​បន្ទាប់​យើង​មាន​ផែនការ​ក្នុងការ​អនុវត្ត​ការផ្ញើ​លុយ​ត្រឡប់មក​ស្រុក និង​ការទូទាត់​តាម​កាត​ដែល​ត្រឹមត្រូវ​ម្តង​»៕ LA