ភ្នំពេញៈ គម្រោង​សាកល្បង​ «​ទីផ្សារ​កសិករ Farmer Market» ​នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ចុងខែ​មករា រហូតដល់​ដើមខែ​កុម្ភៈ ដោយមាន​ការដាក់​តាំង​លក់​នូវ​ផលិតផល​ខ្មែរ​នៅតាម​ស្ថានីយប្រេងឥន្ធនៈ PTT នានា​ក្នុង ៥ ​រាជធានី​ភ្នំពេញ-ខេត្ត​។

គំនិត​ផ្តួចផ្តើម​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​ភីធីធី​ (​ខេមបូឌា​) ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ស្តីពី​កិច្ចសហការ​ជំរុញ និង​បង្កើន​ការលក់​ផលិតផល​ខ្មែរ​នៅតាម​បណ្តា​ស្ថានីយប្រេងឥន្ធនៈ PTT ចំនួន ៥ នៅ​រាជធានី​-​ខេត្ត​ក្នុង​រយៈពេល​ ៧​ ថ្ងៃ​ក្នុង​គោលបំណង​ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ផលិតផល​ខ្មែរ​ត្រូវបាន​សាធារណជន​ងាយស្រួល​ក្នុង​ការទិញ​។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោក Nuttapong Kaewtra-kulpong អភិបាល​ក្រុមហ៊ុន​ភីធីធី​ (​ខេមបូឌា​) បាន​ចុះ​ហត្ថលេខា​លើ MoU នេះ​កាលពី​ថ្ងៃ​ទី​ ២១ ខែមករា ឆ្នាំ​ ២០២២ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម លើកឡើង​ថា​៖ «​គោលបំណង​នៃ​អនុស្សរណៈ​នេះ គឺ​ដើម្បី​ជួយ​ជ្រោមជ្រែង​លើកកម្ពស់​ផលិតផល​ខ្មែរលើ​ទីផ្សារ​ក្នុងស្រុក អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​នៅលើ​មូលដ្ឋាន​នៃ​តម្លាភាព និង​ផលប្រយោជន៍​សហគមន៍​ជំរុញ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក បង្កើន និង​កសាង​សមត្ថភាព​សហគ្រិន ក៏ដូចជា​បង្កើត​ឱកាស​ធុរកិច្ច​សម្រាប់​ចូលរួម​អភិវឌ្ឍ​ពាណិជ្ជកម្ម និង​លើក​ស្ទួយ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ប្រកបដោយ​បរិយាប័ន្ន​»​។

«​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច ពិសេស​ជំរុញ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅក្នុង​ស្រទាប់​មហាជន ព្រមទាំង​ជំរុញឱ្យមាន​ទីផ្សារ​សម្បូ​រ​បែប​សម្រាប់​ផលិតផល​ក្នុងស្រុក​»​។ នេះ​បើ​យោងតាម​ក្រសួង​ពាណិជ្ជកម្ម​។

លោក ប៉ែន សុ​វិជាតិ អ្នក​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី ​២៤ ខែមករា ថា MoU នេះ​គឺជា​គម្រោង​សាកល្បង​នៃ​ «​ទីផ្សារ​កសិករ Farmer Market» ដែល​នឹង​ចាប់ផ្ដើម​នៅ​ចុងខែ​មករា ដល់​ដើមខែ​កុម្ភៈ​ឆ្នាំនេះ ដោយ​អនុវត្ត​លើ​ស្ថានីយប្រេងឥន្ធនៈ PTT មួយចំនួន​ក្នុង​ខេត្ត​ចំនួន ៥ រួមមាន សាខា​រាជធានី​ភ្នំពេញ សៀមរាប កំពង់ឆ្នាំង កំពង់ចាម​ (​ស្គន់​) និង​សាខា​ខេត្តតាកែវ​។

លោក​ប្រាប់ថា​៖ «​ក្រុមហ៊ុន PTT នឹង​ផ្ដល់​កន្លែង​លក់​ដោយ​មិន​យក​កម្រៃ ដោយ​ធ្វើជា​ស្តង់​រួមមួយ​អាច​ឱ្យ​អាជីវករ​ដែល​រស់នៅ​ក្បែរ​ស្ថានីយ​នោះ​ចូល​លក់​មិន​លើសពី​ ១០ ​នាក់​»​។

ប្រធាន​សមាគម​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​-​ថៃ ប្រចាំ​ទីក្រុង​បាងកក លោក សម្បត្តិ សុធា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ផែនការ​នេះ​នឹង​ជួយ​លើកកម្ពស់​ការលក់​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែ​ទូលាយ និង​ងាយស្រួល​ដល់ដៃ​អ្នកទិញ​ក្នុងស្រុក​។ នេះ គឺជា​យន្តការ​មួយ​ដែល​ជួយ​ចូលរួមចំណែក​លើកទឹកចិត្ត​ដល់​ផលិតករ​ក្នុងស្រុក​ផងដែរ​។

លោក​ប្រាប់ថា​៖ «​យើង​ពិតជា​គាំទ្រ​ដែល​ក្រុមហ៊ុន​សាំង PTT បាន​ចូលរួមចំណែក​លើកស្ទួយ​ការលក់​ផលិតផល​ខ្មែរ​នៅតាម​ការ៉ាស់សាំង​របស់គាត់​ដែល​ធ្វើឱ្យ​ភាពងាយស្រួល​ដល់​អតិថិជន​អាច​ទិញ​ផលិតផល​ខ្មែរ​។ លើសពីនេះ ផលិតករ​ក្នុងស្រុក​ក៏​សប្បាយរីករាយ​ដែល​ខាង​ក្រុមហ៊ុន PTT បាន​ជួយ​ដល់​ការលក់​របស់​ពួកគាត់​»​។

លោក សុវិជាតិ បាន​ពន្យល់ថា ក្រោយពី​គម្រោង​សាកល្បង​រយៈពេល ៧ ​ថ្ងៃ​ត្រូវ​បានបញ្ចប់ ក្រុមហ៊ុន PTT នឹង​អនុវត្ត​បន្ត​ចំនួន​ ៣ ​ទៀត ដែល​នឹង​រៀបចំ​នៅ​ខែឧសភា ខែសីហា និង​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ដែល​នឹងមាន​អាជីវករ​ចូលរួម​លក់​ផលិតផល​ខ្មែរ​មាន​ចំនួន ៦៣ ​នាក់​»​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​នេះ​នឹង​រៀបចំ​លក់​នៅ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ នៅតាម​បណ្តា​ស្ថានីយប្រេងឥន្ធនៈ PTT មួយចំនួន​ក្នុង​ត្រីមាស​ទី ​២ ឆ្នាំ​ ២០២២ ​នៅ​ស្ថានីយ​ចំនួន​ ១៦, តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ​២ លេខ​ ៣ និង​លេខ ​៤»៕ LA