ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចុះ​អនុស្សរណ:​នៃ​ការយោគយល់​គ្នា​ (MoU) ​ស្តីពី​ «​ការ​អភិវឌ្ឍ​ហ្គ្រីនហៅស៍ កសិបច្ចេកវិទ្យា ៤.០» ជាមួយ​ក្រុមហ៊ុន​ចំនួន​៣ នៅក្នុង​គោលបំណង​ដើម្បី​ផលិត​បន្លែ​បន្ថែម​ឱ្យបាន​ជា​អប្បបរមា​ចំនួន ៤០០ ​តោន​ក្នុង​​ ១ ​ឆ្នាំ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​។

ក្រុមហ៊ុន​ចំនួន​ ៣ ដែល​ចុះ MoU ជាមួយ​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី ​២១ ខែមករា រួមមាន ក្រុមហ៊ុន Agri-Sambathkhmer Co., Ltd, PLMP Venture Capital Co., Ltd និង ISBP Group-Sun Business Investment Globe Co., Ltd​។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ថ្លែង​ក្នុង​ពិធី​ចុះ MoU ថា ការបង្កើត​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន គឺជា​ការឆ្លើយតប​អភិក្រម​ «​រដ្ឋ-​ឯកជន-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​»​។ MoU នេះ​ធ្វើឡើង​ក្នុង​បំណង​ជំរុញ និង​លើកកម្ពស់​ខ្សែចង្វាក់​តម្លៃ​បន្លែ​តាម​ស្តង់ដា​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា ដើម្បី​ធានា​បាន​នូវ​បរិមាណ​ផ្គត់ផ្គង់ គុណភាព និង​សុវត្ថិភាព រួមចំណែក​បង្កើន​ផលិតភាព ពិពិធ​ភាវូបនីយកម្ម និង​ពាណិជ្ជបនីយកម្ម​កសិកម្ម​។

លោក​បន្តថា MoU នេះ​ប្រាកដជា​នឹង​ជួយ​បំពេញ​នូវ​អត្ថប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​រវាង​គូភាគី​ទាំងអស់​ក្នុង​ការកសាង​ភាពជា​ដៃគូ​អភិវឌ្ឍន៍​ខ្សែចង្វាក់​តម្លៃ​ផលិតកម្ម​បន្លែ ប្រកបដោយ​ចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួល​អាកាសធាតុ និង​នវានុវត្តន៍ ជាពិសេស​វា​នឹង​ចូលរួមចំណែក​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ក្នុង​ការជំរុញ​ផលិតភាព និង​ពិពិធកម្ម​ដំណាំ​បន្លែ​សុវត្ថិភាព​ឱ្យ​កាន់តែ​ល្អ ព្រមទាំង​ចូលរួម​លើកកម្ពស់​ខ្សែចង្វាក់​ផលិតកម្ម​បន្លែ ការកែច្នៃ តម្លៃបន្ថែម និង​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស បង្កើត​ឱកាស​ការងារ និង​បង្កើន​ប្រាក់ចំណូល​។

លោក វេង សាខុន ថ្លែងថា​៖ «​នេះ​ក៏​ជា​យន្តការ​មួយ​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កសិករ​កំពុង​ជួបប្រទះ និង​កែលម្អ ដើម្បី​លើកកម្ពស់​សមត្ថភាព​ផលិត និង​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ក្នុងការ​ប្រែក្លាយ​កសិករ​ទៅ​ជា​កសិសហគ្រិន ឆ្លើយតប​នឹង​ផែនទី​បង្ហាញផ្លូវ​ស្តីពី​ប្រព័ន្ធ​ស្បៀង​ប្រកប​ដោយ​ចីរភាព​សម្រាប់​ឆ្នាំ​ ២០៣០ និង​គោលនយោបាយ​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​ ២០២១-២០៣០»​។

លោក​បន្ថែមទៀតថា​៖ «​ជាងនេះទៅទៀត គឺ​ស្របទៅនឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការធ្វើ​ទំនើបកម្ម​កសិកម្ម​ឱ្យមាន​លក្ខណៈ​ប្រកួតប្រជែង បរិយាប័ន្ន ភាពធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព​សំដៅ​បង្កើន​ប្រាក់ចំណូល និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​»​។

បើតាម​លោក វេង សាខុន MoU ស្តីពី​ការអភិវឌ្ឍ​ហ្គ្រីនហៅស៍ បច្ចេកវិទ្យា ៤.០ នឹង​អាចឱ្យ​ភាគី​ទាំងអស់​ធ្វើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា សំដៅ​សម្រេច​ឱ្យបាន​តាម​គោលដៅ​សាងសង់ ហ្គ្រីនហៅស៍​កសិបច្ចេកវិទ្យា ៤.០ ឱ្យបាន​ចំនួន ១០ ០០០ ​ខ្នង​ក្នុង​រយៈពេល ១០​ ឆ្នាំ​បន្ទាប់​ទៀត ដើម្បី​ផលិត​បន្ថែម​ជា​អប្បបរមា​ចំនួន ៤០០​ តោន​ក្នុង​ ១ ​ឆ្នាំៗ​។

លោក ដេម ឌីណា នាយក​គ្រប់គ្រង​វិនិយោគ​នៃ​ក្រុមហ៊ុន PLMP Venture Capital Co., Ltd ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែមករា ថា MoU នេះ​សំដៅ​ដល់​ការបង្កើត ហ្គ្រីនហៅស៍​តាមបែប​បច្ចេកវិទ្យា​រប​ស់​ប្រទេស​អ៊ីស្រាអែល​សម្រាប់​អនុវត្ត​ក្នុងប្រទេស​កម្ពុជា​។ លោក​បន្តថា មិនមែន​មានតែ​ក្រុមហ៊ុន​ ៣ ខាងលើនេះ​ទេ សរុប​ទាំងអស់​មាន ៩ ​ក្រុមហ៊ុន​ដែល​បាន​សហការ​ធ្វើ​កិច្ចការ និង​មាន​តួនាទី​រៀង​ខ្លួន ប៉ុន្តែ​ក្រោយមក​ក្រសួងកសិកម្ម​បាន​ប្តូរ​កម្មវិធី ក៏​សម្រេច​យកតែ ៣ ​ក្រុមហ៊ុន​មក​ចុះ MoU ដើម្បី​ជំរុញ​ការងារ​នេះ​ឱ្យ​សម្រេច​ទៅតាម​គម្រោង​ដ៏ធំ​មួយ គឺ​ការកសាង​ឱ្យបាន ១០ ០០០ ហ្គ្រីនហៅស៍ ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០៣០​។

លោក​បាន​បន្តថា គម្រោង​នេះ​ក៏​នឹង​បញ្ជូន​និស្សិត​កម្ពុជា​ទៅ​បណ្តុះបណ្តាល​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​រយៈពេល ១១ ​ខែ​ផងដែរ ហើយ​នៅពេល​វិល​មកវិញ និស្សិត​ទាំងនេះ​នឹង​ធ្វើការ​នៅក្នុង​គម្រោង​នេះ​តែម្តង​។

លោក​និយាយថា​៖ «​បច្ចុប្បន្ន​គម្រោង​នេះ​ផ្តោត​សំខាន់​ទីផ្សារ​ក្នុងស្រុក​សិន ហើយ​សម្រាប់​ទីផ្សារ​នៅ​ខាងក្រៅ​មិនទាន់មាន​គ្រប់​តម្រូវការ​ទេ ប៉ុន្តែ​អាច​ក្នុង​រយៈពេល​ត្រឹម ២ ​ឆ្នាំ​ទៀត​យើង​នឹង​អាច​នាំចេញ​បាន​ហើយ​»​។

បើតាម លោក ដេម ឌីណា បច្ចុប្បន្ន​ទីផ្សារ​បន្លែ​សុវត្ថិភាព​កំពុង​ពេញ​និយម​ខ្លាំង ព្រោះ​បន្លែ​ប្រភេទ​នេះ​ត្រូវបាន​បញ្ជា​ទិញ​ពី​ផ្សារ​ទំនើប​នានា​។

លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​និយាយថា ប្រទេស​កម្ពុជា​ដល់ពេល​ដែល​ត្រូវធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​ហើយ ដោយ​មិនអាច​បន្តធ្វើ​កសិកម្ម​តាមបែប​បុរាណ​ទេ​។ ដូច្នេះ​ការបង្កើតឱ្យមាន ហ្គ្រីនហៅស៍​កសិបច្ចេកវិទ្យា ៤.០ វា​នឹង​ធ្វើឱ្យ​វិស័យ​កសិកម្ម​របស់​កម្ពុជា​កាន់តែ​ទំនើប​ដោយ​ការពារ​បាន​សត្វល្អិត និង​បាក់តេរី​ផ្សេងៗ និង​ការប្រើប្រាស់​សរីរាង្គ​ដើម្បី​ឈានទៅ​តម្លៃបន្ថែម​ខ្ពស់ជាង​មុន​។

លោក​បន្តថា បញ្ហា​នេះ​ត្រូវតែ​ចង​ជា​សហគមន៍​ឱ្យបាន ព្រោះ​នៅពេល​មាន​ក្រុមហ៊ុន​រួចហើយ ប្រជាកសិករ​ត្រូវតែ​ចង​ជា​សហគមន៍​ដើម្បី​កុំឱ្យ​ក្រុមហ៊ុន​កេងចំណេញ​ពី​កសិករ​បាន​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​តាម​កសិដ្ឋាន​បន្លែ​នៅ​តំបន់​នីមួយៗ​ដែល​ដាំ​ដំណាំ​ប្រហាក់ប្រហែលគ្នា គឺ​ត្រូវ​ចងក្រង​គ្នា​ដើម្បីឱ្យ​មានការ​ផ្គត់ផ្គង់​កាន់តែច្រើន​។ ចំពោះ​បន្លែ​ដែល​គាត់ (MoU) អាច​ផលិត​បាន ៤០០ ​តោន​បន្ថែម​ក្នុង​ ១ ​ឆ្នាំនេះ គឺជា​កសិផល​ដ៏តិច​មួយ ព្រោះ​យើង​នាំចូល​មកពី​ក្រៅប្រទេស​ក្នុង​ថ្ងៃៗ​រាប់រយ​តោន​ឯណោះ​»៕ LA