ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីថ្ងៃ​ទី​ ២៤ ខែមករា លោក វេង សាខុន បានឱ្យដឹងថា បច្ចុប្បន្ន​អគ្គ​រដ្ឋបាល​គយចិន​បាន​គាំទ្រ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន ២២ ​សម្រាប់​ការនាំចេញ​ចេកអំបូង​លឿង​ស្រស់​ទៅកាន់​ប្រទេស​ចិន ខណៈ​ដំបូង​ឡើយ​មានតែ​ក្រុមហ៊ុន​ ៦ ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អនុញ្ញាត​។

ទាក់ទង​ទៅនឹង​ការវិនិយោគ​របស់​ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd លោក​រដ្ឋមន្ត្រី​បាន​ប្រាប់ថា ការជ្រើសរើស​តំបន់ អន្លង់វែង ដើម្បី​ដាំ​ដំណាំ​ចេក គឺជា​ការសម្រេចចិត្ត​ដ៏ត្រឹមត្រូវ ព្រោះ​តំបន់​នោះ​មាន​ប្រភពទឹក​គ្រប់គ្រាន់ ដែល​អំណោយផល​ដល់​ដំណាំ​ចេក​។

លោក​ថ្លែងថា​៖ «​តំបន់​អន្លង់វែង​មាន​ប្រភពទឹក​សំខាន់​មួយ គឺ​អាងទឹក​តាម៉ុក ដែលជា​ប្រភព​ទឹក​ដ៏សំខាន់​សម្រាប់​វិស័យ​កសិកម្ម ដូចនេះ​ទីតាំង​នេះ​ជា​ទីតាំង​ល្អ​ស័ក្តិសម​នឹង​ការ​ដាំចេក ដែលជា​ដំណាំ​មួយ​ប្រភេទ​ត្រូវការ​ទឹកជា​ចាំបាច់​»​។

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រំពឹងថា កម្ពុជា​នឹង​អាច​នាំចេញ​ផ្លែ​ចេក​ស្រស់​រាប់លាន​តោន​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នាពេល​ឆាប់ៗ​ខាងមុខនេះ ខណៈ​ក្រុមហ៊ុន​ដែលមាន​សិទ្ធិ​នាំចេញ​ចេក​ទៅកាន់​ប្រទេស​ចិន​កើនឡើង​ពី ៦ ​ក្រុមហ៊ុន​ដល់ ២២ ​ក្រុមហ៊ុន​ហើយ​បើ​គិត​ត្រឹម​ដើមឆ្នាំ​ ២០២២ នេះ​។

លោក​បន្ថែមថា​៖ «​លទ្ធភាព​នៃ​ការនាំ​ផ្លែ​ចេកអំបូង​លឿង​ទៅកាន់​ប្រទេស​ចិន អាច​ទទួលបាន​ប្រាក់ចំណូល​សមស្រប​ប្រសើរ​ជាង​ផ្លែស្វាយ ដោយសារតែ​ដំណាំ​ស្វាយ​ត្រូវការ​ប្រើប្រាស់​ទុនវិនិយោគ​ច្រើន​»​។

អគ្គនាយក​ក្រុមហ៊ុន Longmate Agriculture លោក ហ៊ុន ឡាក់ ដែល​វិនិយោគ​លើ​ការដាំ និង​នាំចេញ​ចេកអំបូង​លឿង​ទៅ​កាន់​ប្រទេស​ចិន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សណ្ឋាន​ដី អាកាសធាតុ និង​ប្រភពទឹក​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ដាំចេក​អំបូង​លឿង​។ នៅ​កម្ពុជា​តំបន់​ដែល​ដី​មាន​ជីជាតិ និង​មាន​ប្រភពទឹក​គ្រប់គ្រាន់​សម្រាប់​ការដាំដុះ​ចេក មិនមាន​ច្រើន​ទេ ខណៈ​ទុនវិនិយោគ​ក៏​ច្រើន​ដែរ ដើម្បី​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​បែប​បច្ចេកវិទ្យា​ទំនើប​ឱ្យបាន​ត្រឹមត្រូវ ហេតុដូចនេះ​ទាមទារ​ឱ្យ​វិនិយោគិន​ត្រូវ​សិក្សា​ឱ្យបាន​ច្បាស់លាស់ មុននឹង​សម្រេចចិត្ត​វិនិយោគ​។

លោក​បាន​បញ្ជាក់ថា​៖ «​ចេកអំបូង​លឿង​ដែល​កម្ពុជា​កំពុង​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន​គឺជា​ពូជ​ចេក​ម្យ៉ាង​ដែលមាន​លក្ខណពិសេស​ជាង​ចេក​ដទៃទៀត ដោយ​ចេក​ប្រភេទ​នេះ​មាន​រសជាតិ​ឆ្ងាញ់​ជាង​ចេក​ដទៃទៀត ហើយ​មិនអាច​ទុក​ទុំ​នៅលើ​ដើម​បានទេ តម្រូវឱ្យ​បេះ​នៅ​ខៀវចាស់ និង​អាច​ដឹកជញ្ជូន​បាន​ឆ្ងាយ ព្រោះ​អាច​ទុក​រហូតដល់​ជិត ២ ​ខែ​»​។

លោក ហ៊ុន ឡាក់ បាន​ប្រាប់ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ទិន្នផល និង​ការចេញ​ចេក​មាន​កំណើន​ជា​បន្តបន្ទាប់​ដែល​បាន​ជំរុញ​ឱ្យ​អ្នកវិនិយោគ​ចាប់​អារម្មណ៍​ដាំដុះ​កាន់តែច្រើន​។ បែបនេះ​ក្តី លោក​បានស្នើ​ដល់​ក្រុមហ៊ុន​ដែល​ចង់​វិនិយោគ​ដំណាំ​ប្រភេទ​នេះ ត្រូវគោរព​តាម​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ​របស់​ចិន​ឱ្យ​បានល្អ ដើម្បី​បន្ត​រក្សា​កំណើន​នៃ​ការនាំចេញ​ជា​បន្តបន្ទាប់​។

បើតាម​លោក វេង សាខុន សព្វថ្ងៃនេះ​កម្ពុ​ជាមាន​ផ្ទៃដី​ដាំដុះ​ចេក​ប្រមាណ​ជាង ១៦​ ពាន់​ហិកតា និង​ផ្ទៃដី​កំពុង​ប្រមូល​ផល​ជាង ១១ ​ពាន់​ហិកតា ក្នុងនោះ​ខេត្ត​ដែលមាន​ដាំដុះ​ចេក​ច្រើនជាងគេ រួមមាន រតនគិរី ក្រចេះ ស្ទឹងត្រែង កំពង់ចាម កំពត និង​កំពង់ស្ពឺ​ជាដើម​។

ទិន្នន័យបឋម​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចេញ​ផ្លែ​ចេក​ស្រស់ ៤២៣ ១៦៨,៩៧ ​តោន កើនឡើង ២៧,០២ ​ភាគរយ​ធៀប​ឆ្នាំ ​២០២០ ក្នុងនោះ​នាំទៅ​ប្រទេស​ចិន ៣៧៦ ៩៦១,៦០ ​តោន​, វៀតណាម ៤៥ ១៩៣,៣៧ ​តោន​, ជប៉ុន ៥៣៣,៥២​ តោន និង​សិង្ហ​បុរី ៤៨០,៤៨​ តោន​៕ LA