ភ្នំពេញៈ ចំនួន​ភ្ញៀវទេសចរ​បរទេស​ចូលមក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​នា​ឆ្នាំ​ ២០២៥ ខាងមុខ​ត្រូវបាន​ព្យាករ​ថា​នឹងមាន​ចំនួន​ច្រើន​ប្រហាក់ប្រហែល​ឆ្នាំ​ ២០១៩ ខណៈ​ឥទ្ធិពល​នៃ​ជំងឺឆ្លង​កូវីដ ​១៩ បានធ្វើឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា រយៈពេល ២ ​ឆ្នាំកន្លងមក​ធ្លាក់ចុះ​ជាង ៩៧ ​ភាគរយ​។ នេះ​បើ​យោងតាម​ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍​។

កម្ពុជា បាន​កត់ត្រា​តួលេខ​ខ្ពស់បំផុត​នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ចូលមក​កម្សាន្ត​កាលពី​ឆ្នាំ​ ២០១៩ ដោយមាន​ចំនួន​សរុប ៦ ៦១០ ៥៩២ ​នាក់ កើនឡើង ៦,៦ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន ៥ ៦០២ ១៥៧ ​នាក់​។ ទោះបីយ៉ាងណា វត្តមាន​របស់​ជំងឺ​កូ​វីដ​-១៩ កាលពី​ចុងឆ្នាំ​២០១៩ ដែល​បន្ត​រហូតមកទល់​ពេលនេះ បានធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ចូលមក​កម្ពុជា ធ្លាក់ចុះ​ជា​បន្តបន្ទាប់ នៅក្នុង​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១​។

ទិន្នន័យ​ក្រសួងទេសចរណ៍​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២១ ទេសចរ​បរទេស​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​មាន​ចំនួន ១៩៦ ៤៩៦ ​នាក់ ធ្លាក់ ៨៥​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០ ខណៈ​ឆ្នាំ​ ២០២០ ភ្ញៀវទេសចរ មាន​ចំនួន ១ ៣០៦ ១៤៣ ​នាក់​ធ្លាក់ចុះ ៨០,២ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩ ដែលមាន ៦ ៦១០ ៥៩២ ​នាក់​។

អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍ លោក តុប សុភ័ក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ​២៤ ខែមករា​ថា ទន្ទឹមនឹង​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា​នា​អំឡុងពេល ២ ​ឆ្នាំ​មកនេះ ​(២០២០-២០២១) ក្រសួង​ទេសចរណ៍​កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុង​ការផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា ទៅកាន់​ពិភពលោក​ក្នុងន័យ​បង្កើន​កម្លាំង​ស្រូប​ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ និង​អ្នកវិនិយោគ​បរទេស​ឱ្យធ្វើ​ដំណើរ​មក​កម្ពុជា​កាន់​តែ​ច្រើន​។ ការផ្សព្វផ្សាយ​នេះ​ត្រូវបានធ្វើ​តាមរយៈ​ព្រឹត្តិការណ៍​ក្នុងស្រុក និង​នៅ​ឆាក​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​កម្ពុជា​បាន​ព្យាករ​ទុក​ថា យ៉ាងយូរ​ក្នុង​ឆ្នាំ​ ២០២៥ យើង​នឹង​អាច​ស្តារ​វិស័យ​ទេសចរណ៍​របស់​យើង​ឱ្យ​បានមក​ដូចដើម​វិញ គឺ​ដូច​មុន​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩ (​មុន​ឆ្នាំ​ ២០២០)​។ នេះ​ជា​អ្វីដែល​យើង​បានគិត​ទុក ដោយ​បច្ចុប្បន្ន​យើង​មាន​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​កំពុង​អនុវត្ត​ជា​រៀងរាល់ថ្ងៃ​»​។

លោក​បន្ថែមទៀតថា វិស័យ​ទេសចរណ៍ ពិតជា​មាន​តួនាទី​សំខាន់​ណាស់​នៅក្នុង​ការជួយ​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​បង្កើន​ប្រាក់ចំណូល​សម្រាប់​សេដ្ឋកិច្ច​ជាតិ​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន ទទួលស្គាល់ថា ផែនការ និង​យុទ្ធសាស្ត្រ​ដែល​រដ្ឋាភិបាល និង​ក្រសួង​ទេសចរណ៍​ដាក់ចេញ​ជា​បន្តបន្ទាប់​ដើម្បី​ស្រោចស្រង់​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​បរិបទ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ គឺ​ពិតជា​ល្អប្រសើរ​ណាស់ ប៉ុន្តែ​ដោយសារ​ជំងឺ​កូវីដ​ ១៩ ជា​វិបត្តិ​សុខភាព​សកល និង​មិនទាន់​បិទ​បញ្ចប់​ (​ការឆ្លង​រាលដាល​) ដូច្នេះ​ការវាយតម្លៃ​ពី​ស្ថានភាព​នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ចូលមក​កម្ពុជា ហាក់​នៅ​ស្រពេចស្រពិល​នៅឡើយ​។ លោក​បន្តថា ប្រសិនបើ​ជំងឺ​កូវីដ ​១៩ មិនទាន់​បញ្ចប់​ទាំងស្រុង មនុស្ស​គ្រប់រូប​នឹង​មិនមាន​ទំនុកចិត្ត​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ការ​វាយតម្លៃថា វិស័យ​ទេសចរណ៍​កម្ពុជា​នឹង​អាច​សម្រេចបាន​ដូច​ការព្យាករ​ (​ឆ្នាំ​ ២០២៥) ឬ​យ៉ាងណា​នោះ គឺ​យើង​ត្រូវ​រង់ចាំ​ពិនិត្យ​លើ​ដំណើរការ​វិស័យ​ទេសចរណ៍​ក្នុង​ឆ្នាំ ​២០២២ និង​២ ០២៣ ជាមុនសិន ថា​តើ ២ ​ឆ្នាំ​ហ្នឹង​កម្លាំង​របស់​វា ​(​ឥទ្ធិពល​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩)​ មានការ​ថយចុះ​ដែរឬទេ​? បើ​ករណី​ជំងឺ​កូវីដ​ ១៩ នៅតែ​បន្ត​មាន​នោះ ខ្ញុំ​គិតថា ឆ្នាំ​ ២០២៥ វា​ដូចជា​លឿន​ពេក​។ សម្រាប់​ខ្ញុំ​វា​អាច​អូសបន្លាយ​រហូតដល់​ឆ្នាំ ​២០២៧ ទើប​វិស័យ​ទេសចរណ៍​អាច​វិលត្រឡប់​ដូច​ឆ្នាំ ​២០១៨-២០១៩ វិញ​»​។

ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​ ១៦-២២ ខែមករា ថ្មីៗ​នេះ​ទើបបាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ២០២២ ដែលមាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ និង​ពិភពលោក ភ្ញៀវ​អន្តរជាតិ និង​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ ជាង ៥០០ ​នាក់​។

ទាក់ទង​នឹង​វេទិកា​ខាងលើ​លោក ស៊ីណាន និយាយថា ការទទួល​បាន​ជោគជ័យ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ វេទិកា​នេះ​នឹងចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល និង​ទំនុកចិត្ត​ទៅ​ថ្នាក់ដឹកនាំ​នៃ​វិស័យ​ទេសចរណ៍ ក៏ដូចជា​ភ្ញៀវទេសចរ​ទៅក្នុង​តំបន់ និង​ពិភពលោក​។

ចំណែក​លោក តុប សុភ័ក បាន​អះអាង​ថា វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០២២ បានបញ្ជាក់​ទៅកាន់​ពិភពលោក​ថា​៖ «​កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍​ដែលមាន​សុវត្ថិភាព​មួយ​ក្នុងចំណោម​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ាន​»​។

ក្នុង​ឆ្នាំ ២០១៩ កម្ពុជា​ទទួល​បាន​ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ​ចំនួន ៤,៩១៩ លាន​ដុល្លារ​កើនឡើង ១២,៤ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន ៤,៣៧ ​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួងទេសចរណ៍​៕ LA