ទីក្រុងវៀងចន្ទន៍ៈ រដ្ឋាភិបាល​ឡាវ​បាន​សន្យាថា​នឹង​លុបចោល​របាំង​ដែល​រារាំង​ដល់​ប្រតិបត្តិការ​អាជីវកម្ម​នៅក្នុង​ប្រទេស​ឡាវ ខណៈពេល​ដែល​បង្កើនល្បឿន​នៃ​ការបង្កើត​រូបិយប័ណ្ណ​ឌីជីថល bitcoin ដោយ​ក្រុមហ៊ុន​ដែល​ទទួលបាន​ការអនុញ្ញាត​។

ការផ្តោត​ដែល​ពង្រឹង​លើ​អាជីវកម្ម គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​ការលំបាក​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រទេសមួយ​នេះ និង​គាំទ្រ​ដល់​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច បន្ទាប់ពី​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។

ការកាត់បន្ថយ​ចំនួន​ការិយាធិបតេយ្យ និង​ការកែលម្អ​បរិយាកាស​វិនិយោគ​គឺ​ស្ថិត​ក្នុងចំណោម​ប្រធានបទ​ចម្បង​ទាំង ​៥ ដែល​ត្រូវបាន​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែ​របស់​គណៈរដ្ឋមន្ត្រី​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២០​ ដល់​ថ្ងៃទី​ ២១ ខែមករា​។

កិច្ចប្រជុំ​រយៈពេល​ ២ ​ថ្ងៃនេះ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី Phankham Viphavanh និង​មានការ​ចូលរួម​ពី​សមាជិក​គណៈរដ្ឋមន្ត្រី​ជាច្រើន​ទៀត​។

លោក Thipphakone Chanthavongsa អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​៖ «​កិច្ចប្រជុំ​នេះ បាន​ណែនាំ​ឱ្យ​ក្រសួងផែនការ និង​វិនិយោគ​ធ្វើ​ការងារ​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ និង​វិស័យ​ផ្សេងទៀត ដើម្បី​ពិនិត្យមើល​គោលនយោបាយ​ និង​ច្បាប់ និង​ត្រួតពិនិត្យ​គោលនយោបាយ​នេះ និង​ច្បាប់​ទាំងនេះ​ឡើងវិញ​»​។

ទន្ទឹមនឹងនេះ សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជាតិ​ឡាវ​បាន​ណែនាំ​ឱ្យ​ពង្រឹង​តួនាទី​របស់ខ្លួន ជាពិសេស​ក្នុងការ​បង្កើត​ក្រុម​ផលិតកម្ម​ និង​សមាគម​នានា ដើម្បី​បង្កើន​អំណាច​ចរចា​របស់​ពួកគេ​នៅក្នុង​ប្រតិបត្តិការ​ធុរកិច្ច​។

មេដឹកនាំ​ធុរកិច្ច​ត្រូវបាន​ណែនាំ​ឱ្យ​កែលម្អ​វិធីសាស្ត្រ​ប្រតិបត្តិការ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង និង​ធ្វើ​ទំនើបកម្ម​ប្រតិបត្តិការ​របស់​ពួកគេ​ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​។

លើសពីនេះ សមាជិក​គណៈរដ្ឋមន្ត្រី​បាន​ព្រមព្រៀងគ្នា​ក្នុង​ការព្យាយាម​បង្កើន​ចំនួន​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​ការជីក​យក​រ៉ែ​ និង​ពាណិជ្ជកម្ម​ជា​រូបិយប័ណ្ណ​ឌីជីថល​ក៏ដូចជា​បាន​ពី​ពន្ធ​ និង​តម្លៃ​ហូតពន្ធ​នៅតាម​ច្រកព្រំដែន​។

លោក Bounchom Ubonpaseuth រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បាន​ប្រាប់​រដ្ឋសភាជាតិ កាលពី​ឆ្នាំមុន​ថា រដ្ឋាភិបាល​រំពឹងថា​នឹង​រកប្រាក់​ចំណូល​បាន ២ ០០០ ​ពាន់​ពាន់​លានគុប​ (១៧៦ ​លាន​ដុល្លារ​) ពី​ដំណើរ​ការបង្កើត​រូបិយប័ណ្ណ​ឌីជីថល bitcoin​។

លោក Thipphakone បាន​ថ្លែងថា​៖ «​យើង​ក៏​នឹង​សង្កត់ធ្ងន់​បន្ថែមទៀត​លើ​ការបង្កើន​ផលិតភាព​ឧស្សាហកម្ម​កែច្នៃ​សេវាកម្ម និង​ទេសចរណ៍​ដោយ​ភ្ជាប់​ជាមួយ​ផ្លូវដែក​ឡាវ​ជាមួយ​នឹង​ប្រទេស​ចិន​»​។

ប្រទេស​ឡាវ​បានដាក់​ដំណើរការ​ផ្លូវ​រថភ្លើង​ភ្ជាប់​ទៅកាន់​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​ ២០២១ ដោយ​រំពឹងថា នឹង​បង្កើន​សក្តានុពល​ទេសចរណ៍ និង​ការដឹកជញ្ជូន​។

គេ​មើលឃើញថា វា​មាន​សារៈសំខាន់​ផងដែរ ក្នុង​ការកែលម្អ​សេវា​ផ្លូវដែក និង​សម្រួលការ​ដឹកជញ្ជូន​ទំនិញ​ទ្រង់ទ្រាយ​ធំ​ និង​ឡូជីស្ទិក​ឆ្លងកាត់​ព្រំដែន​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​បន្ថែមទៀត​។

ក្នុង​កិច្ចប្រជុំ​នោះ សមាជិក​គណៈរដ្ឋមន្ត្រី​បាន​ស្តាប់​របាយការណ៍​ស្តីពី​វឌ្ឍនភាព​ក្នុងការ​អនុវត្ត​វិធានការ​នានា​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​។

កិច្ចប្រជុំ​នេះ​បាន​ណែនាំ​ដល់​ក្រុមការងារ​ពិសេស​ថ្នាក់ជាតិ​ទទួលបន្ទុក​ទប់ស្កាត់ និង​ត្រួតពិនិត្យ​ជំងឺ​កូវីដ​ ១៩ ត្រូវ​តាមដាន​ឱ្យបាន​ដិតដល់​អំពី​ស្ថានភាព​ជុំវិញ​ការរីក​រាលដាល​វីរុស​នេះ​ និង​ដើម្បី​ធានាឱ្យមាន​តុល្យភាព​រវាង​វិធានការ​ត្រួតពិនិត្យ​ការឆ្លង​ជំងឺ និង​កិច្ចខិតខំ​ប្រឹងប្រែង​នៃ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​របស់់​រដ្ឋាភិបាល​។

ក្រុម​អ្នកចូលរួម ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នេះ​បាន​ឯកភាព​គ្នា​ជាគោលការណ៍​ជាមួយនឹង​សេចក្តី​ព្រាងច្បាប់​ផ្សេងៗ​ពិសេស​ពាក់ព័ន្ធ​នឹង​ដី ដែល​បម្រុង​ទុក​សម្រាប់​ផ្លូវ​ល្បឿន​លឿន និង​ការ​សម្លាប់សត្វ​៕Vientiane Times-ANN/LA