ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​នៅក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ទឹកប្រាក់​ប្រមាណ​ជាង ៧៨៥ ​លាន​ដុល្លារ​ធ្លាក់ចុះ​ជាង ១០,៤៨ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​ឱ្យដឹងថា ការនាំ​ចេញពី​កម្ពុជា​ទៅកាន់​ចក្រភព​អង់គ្លេស​ចាប់ពី​ខែមករា ដល់​ខែធ្នូ ២០២១ មាន​ទំហំ​ទឹកប្រាក់​ជាង​ ៧៣១ ​លាន​ដុល្លារ ធា្លក់​ចុះ​ជាង​ ១១,៤២ ​ភាគរយ ខណៈដែល​ការនាំ​ចូល​ពី​ចក្រភព​អង់គ្លេស​មក​កម្ពុជា​វិញ​មាន​ទឹកប្រាក់​ជាង ៥៣ ​លាន​ដុល្លារ​កើនឡើង​ជាង ៤ ​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

បើតាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម បង្ហាញថា ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​ បាន​ធ្លាក់ចុះ ២ ​ឆ្នាំ​ជាប់​គ្នា ពោល​ចាប់តាំងពី​ជំងឺ​កូវីដ​ ១៩ បាន​រីករាលដាល​មក​ដោយ​ក្នុង​ឆ្នាំ​ ២០២០ មាន​ទឹកប្រាក់​ជាង ៨៧៧​ លាន​ដុល្លារ ថយចុះ​ ១៧ ​ភាគរយ និង​ក្នុង​ឆ្នាំ​ ២០២១ មានតម្លៃ​ទឹកប្រាក់​ប្រមាណ​ ៧៨៥ ​លាន​ដុល្លារ ធ្លាក់ចុះ​ជាង​ ១០,៤៨ ​ភាគរយ​។

លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែមករា​ថា ការធ្លាក់​ចុះ​នេះ គឺ​ដោយសារ​ការរីក​រាលដាល​នៃ​មេរោគ​កូវីដ និង​ការរំខាន​ទីផ្សារ​នៅក្នុង​ចក្រភព​អង់គ្លេស បូករួម​ទាំង​ឧបសគ្គ​មួយចំនួន​ទាក់ទង​នឹង​ការដឹកជញ្ជូន ដែល​នេះ​ជា​មូលហេតុ​ធម្មតា​នៃ​ពាណិជ្ជកម្ម ឬ​ប្រតិបត្តិការ​។

លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា​យល់ថា ការធ្លាក់ចុះ​នេះ​ដោយសារតែ​បញ្ហា​តម្រូវការ​ទំនិញ​មិនចាំបាច់​របស់​ចក្រភព​អង់គ្លេស​មានការ​ថយចុះ ដោយ​ប្រទេស​នេះ​បាន​បង្វែរ​ថវិកា​ភាគច្រើន​ទៅប្រើ​ប្រាស់​សម្រាប់​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ និង​ចំណាយ​ទៅលើ​វិបត្តិ​នៅ​ប្រទេស​អ៊ុយក្រែន​។

លោក​បន្ថែមថា ប្រទេស​អង់គ្លេស​មិនមែន​មាន​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​តែមួយ​នោះទេ ប្រទេស​ក្នុង​សមាជិក​អាស៊ាន​ភាគច្រើន​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នេះដែរ​។

លោក វណ្ណៈ បញ្ជាក់ថា​៖ «​ដើម្បី​ទាក់ទាញ​ដៃគូ​ពាណិជ្ជកម្ម​ធំ​ដូច​ប្រទេស​អង់គ្លេស​នេះ កម្ពុជា​ត្រូវ​ប្រឹង​ផលិត​ទំនិញ​ឱ្យ​ឆ្លើយ​នឹង​ស្តង់ដា​របស់​ប្រទេស​នេះ ក៏ដូចជា​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ធុរជន​ជាតិ​អង់គ្លេស រួមទាំង​ទំនាក់ទំនង​ផ្នែក​ការទូត​ឱ្យ​កាន់តែ​ល្អប្រសើរ​ផងដែរ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ដែរ​ថា ចាប់តាំងពី​ចក្រភព​អង់គ្លេស​បាន​ចាកចេញ​ពី​សហគមន៍​អឺរ៉ុប កិច្ចព្រមព្រៀង​ដែល​ប្រទេស​នេះ​គ្រោង​នឹង​ផ្តល់ GSP ឱ្យ​កម្ពុជា​គឺ​មិនទាន់​ដំណើរការ​ល្អ​នៅឡើយ​។ លោក​បាន​បន្ថែមថា ខាង​អង់គ្លេស​កំពុងតែ​ដាក់​ធាតុ​ចូល​បន្ថែមទៀត​ក្នុង​កិច្ចព្រមព្រៀង​នេះ​ក្នុងការ​ពិនិត្យ​មើលថា គួរ​បន្ថែម​លក្ខខណ្ឌ​អ្វី​ទៀត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រទេស​ជា​ដៃគូ​។

លោក​បញ្ជាក់ថា​៖ «​ការទទួលបាន​ភាពអនុគ្រោះ​ពន្ធ GSP ពី​អង់គ្លេស​ឡើងវិញ នឹងធ្វើ​ឱ្យ​យើង​ធូរស្បើយ​មួយចំនួនធំ ព្រោះថា​យើង​ជាប់ពន្ធ ២០ ​ភាគរយ​លើ EBA ដូចនេះ​ទំនិញ​មួយចំនួនធំ យើង​អាច​ចូល​តាមរយៈ​អង់គ្លេស ហើយ​បន្ត​ចែកចាយ​បាន​ក្នុង​សហគមន៍​អឺរ៉ុប​»​។

ទំនិញ​ភាគច្រើន​ដែល​កម្ពុជា​នាំទៅ​អង់គ្លេស​មានដូចជា សម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ និង​ផលិតផល​កសិកម្ម​។ ចំណែក​ផលិតផល​អង់គ្លេស​នាំមក​កម្ពុជា មានដូចជា រថយន្ត និង​គ្រឿងចក្រ​ជាដើម​៕ LA