ភ្នំពេញៈ ផល​នេសាទ​ដែល​ប្រមូលបាន​ក្នុង​ឆ្នាំ ​២០២១ មាន​ចំនួន ៨៥៦ ៤០០​ តោន ធ្លាក់ចុះ​តិចតួច​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដោយ​ក្នុងនោះ​ផលនេសាទ​ទឹកសាប និង​វារីវប្បកម្ម ធ្លាក់ចុះ​តិចតួច ខណៈ​ផល​នេសាទ​សមុទ្រ​កើនឡើង​។ ចំណែក​ប្រាក់​បាន​ពី​ផលនេសាទ​មាន​ប្រមាណ​ជាង​ ១,៧​ ពាន់​លាន​ដុល្លារ​។

របាយការណ៍​កិច្ចប្រជុំ​បូកសរុប​ការងារ​វិស័យ​ជលផល​ប្រចាំឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​ ២០២២ បាន​បង្ហាញថា ការប្រមូល​ផលនេសាទ​ក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន ៨៥៦ ៤០០ ​តោន ក្នុងនេះ​ផល​នេសាទ​ទឹកសាប​មាន​ចំនួន ៣៨៣ ០៥០ ​តោន ផល​នេសាទ​សមុទ្រ ១២៥ ០០០ ​តោន និង​ផល​វារីវប្បកម្ម មាន​ចំនួន ៣៤៨ ៣៥០ ​តោន ស្មើនឹង​ទឹកប្រាក់​សរុប ១ ៧១២ ៨០០ ០០០ ​ដុល្លារ​។

របាយការណ៍​ឱ្យដឹងទៀតថា ក្នុង​ឆ្នាំ​ ២០២១ ការនាំចេញ​ផល​នេសាទ សម្រេចបាន ៣ ៤៦៩​ តោន​។

ក្នុង​ពិធី​បូកសរុប​ការងារ​វិស័យ​ជលផល​ប្រចាំឆ្នាំ​ ២០២១ កាលពី​ថ្ងៃទី​ ២៤ ខែមករា លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងថា​ការអនុវត្ត​ការងារ​ដើម្បី​ពង្រឹក​ការអនុវត្ត​ច្បាប់​គ្រប់គ្រង​វិស័យ​ជលផល​កន្លងមក​បាន​ជួបនឹង​បញ្ហា​ស្មុគស្មាញ​ជាច្រើន​។ ទោះជា​យ៉ាងណា​លោក​សង្ឃឹមថា នៅក្នុង​ឆ្នាំ​ ២០២២ ​នេះ​ឈរលើ​ស្មារតី​ទទួលខុស​ត្រូវ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​តួអង្គ​ពាក់ព័ន្ធ រដ្ឋបាល​ជលផល​នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជាង​ពេលមុនៗ​។

លោក​បាន​ថ្លែងថា​៖ «​អ្វីដែល​សំខាន់​គឺ​ត្រូវ​បន្ត​ខិតខំ​យកចិត្ត​ទុកដាក់​ពង្រឹង​ការអនុវត្ត​អនុសាសន៍​ឆ្នាំ​ ២០២១ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ដោយ​ធ្វើយ៉ាងណា​ឱ្យស្រប​នឹង​បរិបទ​នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គមជាតិ​យើង​នាពេល​បច្ចុប្បន្ន​»​។

យោងតាម លោក សាខុន សម្រាប់​ឆ្នាំ​ ២០២២ នេះ​រឿង​សំខាន់​ដែល​រដ្ឋបាល​ជលផល គួរផ្តល់​អាទិភាព​គិតគូរ​មានដូចជា ការសិក្សា​អំពី​ការពង្រីក​ទីតាំង​ធ្វើ​វារីវប្បកម្ម​ទាំង​ទឹកសាប និង​សមុទ្រ ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន​ទាំង​ក្នុង និង​ក្រៅប្រទេស ការសិក្សា​ពី​លទ្ធភាព​ស្តារ​បឹង​ទន្លេ​ឆ្មា​ ដើម្បី​ធ្វើ​វារីវប្បកម្ម ឬ​ហ៊ុមព័ទ្ធ​ជា​កន្លែង​អភិរក្ស​ពូជ​ត្រី​របស់​ជាតិ​, ការជំរុញ​ការ​ស្រាវ​ជ្រាវ​ពូជ​ត្រី​ទាំង​ត្រី​ទឹកសាប និង​ទឹកប្រៃ​នៅតាម​គ្រប់​ស្ថានីយ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បង្កាត់​ពូជ​ត្រី​របស់​រដ្ឋ និង​ឯកជន ការបន្ត​ជំរុញ គាំទ្រ និង​លើក​ទឹកចិត្ត​ឱ្យ​វារីវប្បករ​ចងក្រង​បណ្តាញ ឬ​បណ្តុំ​វារីវប្បកម្ម​ ដើម្បី​ធានាបាន​នូវ​បរិមាណ​ផ្គត់ផ្គង់ គុណភាព ទីផ្សារ​តម្លៃ និង​ឥណទាន​ជាដើម​។

អនុប្រធាន​រដ្ឋបាល​ជលផល លោក អ៊ឹង ទ្រី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២៥ ខែមករា ថា ទិន្នផល​ជលផល​សរុប​នៅក្នុង​ឆ្នាំ​ ២០២១ បាន​ធ្លាក់ចុះ​បន្តិចបន្តួច​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២០ ដែល​ការធ្លាក់ចុះ​នេះ​កើតឡើង​ចំពោះ​ផល​នេសាទ​ទឹកសាប និង​វារីវប្បកម្ម ចំណែក​ផល​នេសាទ​សមុទ្រ​មិនបាន​ធ្លាក់ចុះ​ទេ​។ លោក​ពន្យល់ថា មូលហេតុ​ដែល​ធ្វើឱ្យ​ផល​នេសាទ​ទឹកសាប ធ្លាក់ចុះ គឺ​ដោយសារ​កត្តា​ប្រែប្រួល​អាកាសធាតុ កម្ពស់​ទឹក​នៅតាម​ទន្លេ ស្ទឹង និង​បឹងបួ​នានា មាន​កម្រិត​ទាប និង​បទល្មើស​នៃ​ការកាប់បំផ្លាញ និង​ទន្ទាន​ដីព្រៃ​លិច​ទឹក ដែលជា​ជម្រក​សម្រាប់​ត្រីពង និង​រស់នៅ​។ ចំណែក​ការធ្លាក់ចុះ​ផល​វារីវប្បកម្ម គឺ​ជាប់​ទាក់ទង​នឹង​ការធ្លាក់ចុះ​នៃ​តម្រូវការ​ទីផ្សារ​ដែល​បណ្តាលមកពី​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​បរិមាណ​ត្រី​ប្រមូលបាន​ក្នុង​ឆ្នាំ​ ២០២១ ធៀប​ឆ្នាំ​ ២០២០ គឺមាន​ការធ្លាក់ចុះ​តិចតួច​»​។

បើតាម​លោក អ៊ឹង ទ្រី នៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​កូវីដ ​១៩ ការនាំចេញ​ផល​នេសាទ​មិនសូវមាន​ច្រើន​ទេ ហើយ​ការនាំចេញ​នោះ​ភាគច្រើន​គឺ​ធ្វើ​ជាមួយ​ប្រទេសជិតខាង​។

សម្រាប់​ឆ្នាំ​ ២០២២ នេះ លោក អ៊ឹង ទ្រី បាន​អះអាងថា ដោយសារ​ផល​នេសាទ​ធម្មជាតិ​ត្រូវ​ពឹង​អាស្រ័យ​លើ​របប​ទឹក ដូច្នេះ​លោក​មិនទាន់​ហ៊ាន​សន្និដ្ឋានថា​ទិន្នផល​ត្រី​នឹង​បែបណា​នៅឡើយ​ទេ​។

លោក​បន្ថែមថា​៖ «​ទោះបីយ៉ាងណា​រដ្ឋបាល​ជលផល​កំពុង​ខិតខំ​ក្នុងការ​ពង្រឹង និង​ពង្រីក​ការធ្វើ​វារីវប្បកម្ម​ឱ្យបាន​កាន់តែច្រើន ខណៈ​កម្ពុជា​នឹង​កំពុង​ចរចា​ជាមួយ​ភាគី​ចិន ដើម្បី​បើក​ទីផ្សារ​នាំចេញ​ត្រី​ប្រា​ដោយផ្ទាល់​ទៅ​ប្រទេស​ចិន​»​។

លោក សុខ រ៉ាដែន ប្រធាន​សមាគម​វារីវប្បករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីពេល​ថ្មីៗ​នេះ​ថា កត្តា​តម្រូវការ​ទីផ្សារ និង​តម្លៃ​បាន​ធ្វើឱ្យ​សកម្មភាព​នៃ​ការធ្វើ​វារីវប្បកម្ម​ក្នុង​ឆ្នាំ​ ២០២១ កន្លងមក​មិនសូវមាន​ភាព​រីកចម្រើន​ទេ ប៉ុន្តែ​វា​នឹងមាន​សម្ទុះ​ខ្លាំង​ប្រសិន​បើ​ការចរចា​រវាង​កម្ពុជា និង​ចិន​ស្តីពី​ការនាំចេញ​ត្រីប្រា​ទទួលជោគជ័យ​។

លោក​បាន​លើកឡើងថា​៖ «​វារីវប្បករ​កម្ពុជា​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការវិនិយោគ​បន្ថែម​លើ​ការចិញ្ចឹម​ត្រី បើ​វា​មាន​ទីផ្សារ និង​តម្លៃ​សមរម្យ​អាច​ទទួល​យកបាន​»៕ LA