
លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation លោក Han Jung Suk តាមរយៈប្រព័ន្ធដេអូពីចម្ងាយ កាលពីម្សិលមិញ។ រូបថត MPWT
ភ្នំពេញៈ ក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation របស់កូរ៉េខាងត្បូងបានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ។
ការលើកឡើងអំពីចំណាប់អារម្មណ៍នៃការវិនិយោគនេះត្រូវបានធ្វើឡើងកាលថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ ក្នុងជំនួបរវាងលោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយនឹងគណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation ដឹកនាំដោយលោក Han Jung Suk តាមប្រព័ន្ធវីដេអូដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារជំនាញពាក់ព័ន្ធ។
លោក ឡេង ធនយុទ្ធា បានលើកឡើងពីបច្ចុប្បន្នភាពនៃគម្រោងសម្រេចបានគម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគតទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀតនៅកម្ពុជា។
លោកលើកឡើងថា៖ «រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍រាល់ការវិនិយោគគ្រប់ប្រភេទទាំងអស់ ជាពិសេសការវិនិយោគក្នុងភាពជាដៃគូរដ្ឋ និងឯកជន (PPP) និងការវិនិយោគឈរលើគោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT) និងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation ពិនិត្យលទ្ធភាពវិនិយោគលើការអភិវឌ្ឍផ្លូវល្បឿនលឿន មធ្យោបាយដឹកជញ្ជូនសាធារណៈ (Mass Transit) និងផ្លូវក្រវាត់ក្រុងនៅរាជធានីភ្នំពេញព្រមទាំងកំពង់ផែជាដើម»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានស្វាគមន៍ការវិនិយោគនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជាដែលអាចធ្វើឱ្យផ្នែកឡូជីស្ទិកនៅកម្ពុជាមានតម្លៃទាបជាងមុនក្នុងការជំរុញឧត្តមភាពប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង។ លោកបានបន្ថែមថា ស្របពេលដែលប្រទេសកម្ពុជា និងកូរ៉េគ្រោងនឹងអនុវត្តនូវពាណិជ្ជកម្មសេរីនាពេលដ៏ខ្លីខាងមុខនេះ ការសម្រេចចិត្តរបស់ក្រុមហ៊ុនគឺជាការឆ្លើយតបក្នុងការជួយសម្រួលដល់ការដឹកជញ្ជូនទាំងនាំចេញនាំចូលរវាងប្រទេសទាំង ២។
លោកថ្លែងថា៖ «ខ្ញុំគិតថា នេះជារឿងមួយល្អដែលក្រុមហ៊ុននេះចង់មកបណ្តាក់ទុនរកស៊ីនៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទិកនេះ ស្របពេលដែលប្រទេសយើងទាំង ២ នឹងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលឆាប់ ដែលការវិនិយោគរបស់ក្រុមហ៊ុន Samsung គឺពិតជាឆ្លើយតបទៅនឹងការរីកចម្រើននៃទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំង ២ ទាំងនាំចេញ និងនាំចូល»។
«វាជាពេលវេលាដ៏ល្អដែលក្រុមហ៊ុនកូរ៉េមកវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនកាន់តែច្រើន វានឹងជួយសម្រួលដល់តម្លៃធ្លាក់ចុះ ដែលអាចឱ្យយើងធ្វើការប្រកួតប្រជែងជាមួយប្រទេសជិតខាងយើងដែលការដឹកជញ្ជូនរបស់ប្រទេសគេមានតម្លៃទាបជាងយើង»។ នេះបើយោងតាមការថ្លែងអះអាងរបស់លោក លឹម ហេង។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ ក្នុងឆ្នាំ ២០២១ មានទឹកប្រាក់ជាង ៩៥៦ លានដុល្លារ កើនឡើង ៨ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ក្នុងនោះចំនួនទឹកប្រាក់នាំចេញរបស់កម្ពុជា កើនជិត ១០ ភាគរយ និងការនាំចូលកើនជាង ៧ ភាគរយ។ នេះបើយោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។
ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារប្រទេសកូរ៉េ មានទឹកប្រាក់ ៣៤១,៥ លានដុល្លារ កើនឡើង ៧,៣៥ ភាគរយពីចំនួន ៣១៨,១១ លានដុល្លារ និងការនាំទំនិញពីប្រទេសកូរ៉េចូលមកកម្ពុជាមានទឹកប្រាក់ ៦២៣,៦២ លានដុល្លារ កើន ៩,៩៤ ភាគរយពីចំនួន ៥៦៧,២១ លានដុល្លារ។
ទិន្នន័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា គិតត្រឹមចុងឆមាសទី ១ ឆ្នាំ ២០២១ ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទឹកប្រាក់សរុប ៣៩ ពាន់លានដុល្លារ ក្នុងនោះប្រទេសកូរ៉េ ជាប់លេខ ២ ដោយមានទឹកប្រាក់សរុប ៤,១ ពាន់លានដុល្លារ តាមពីក្រោយប្រទេសចិន៕ LA