អ្នកវិនិយោគ​មាស​ហាក់ដូចជា​កំពុងតែ​ចាំ​មើល​ពី​ចេតនា​របស់​ធនាគារកណ្ដាល​សហរដ្ឋ​អាមេរិក​ថា វា​នឹង​អាច​គ្រប់គ្រង​កម្រិត​អតិផរណា​របស់ខ្លួន ខណៈពេល​ដែល​តម្លៃ​មាស​បាន​បន្ត​រក្សា​កម្រិត​តម្លៃ​លើសពី ១៨៤០ ដុល្លារ ក្នុង​ ១ ​អោនស៍ ចាប់តាំងពី​ការ​បំបែក​តម្លៃ​កាលពី​សប្តាហ៍​មុន​។

តម្លៃ​មាស​កំពុង​ត្រូវបាន​ជួញដូរ​នៅ​ជិត​កម្រិត​ខ្ពស់​ក្នុង​រយៈពេល ​២ ​ខែ ប៉ុន្តែ​ការ​បំបែក​តម្លៃ​កាលពី​ថ្ងៃ​ពុធ​បាន​កើតឡើង​នៅពេល​ដែល​ទិន្នផល​សញ្ញា​បណ្ណ​របស់​សហរដ្ឋអាមេរិក​បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាង​ ២ ​ឆ្នាំ​។ បច្ចុប្បន្ន​ទិន្នផល​រយៈពេល ​១០ ​ឆ្នាំ​កំពុង​ត្រូវបាន​ជួញដូរ​នៅ​កម្រិត ១,៨៣% ធ្លាក់ចុះ​បន្តិច​ពី​ការកើនឡើង​កាលពី​ថ្ងៃ​ពុធ ០,០៤%​។ អត្រា​ការប្រាក់​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ជា​ពិន្ទុ​ភាគរយ 0,៧៥ នៅ​ឆ្នាំនេះ នេះ​បើ​យោងតាម​មន្ដ្រី​ធនាគារកណ្តាល​កាលពី​ខែ​មុន​។ ជា​លទ្ធផល​កម្រិត​អត្រា​ការប្រាក់​គោល​រយៈពេល​ខ្លី​របស់​ពួកគេ​នឹង​កើនឡើង​ដល់​ចន្លោះ​ពី ០,៧៥% និង ១% នៅ​ចុង​ឆ្នាំនេះ​ដែល​កើនឡើង​ពី​កម្រិត​បច្ចុប្បន្ន​ដែល​នៅក្បែរ​សូន្យ​។ ទោះបីជា​ការកើនឡើង​សម្ពាធ​នៃ​សន្ទស្សន៍​ថ្លៃទំនិញ​កំពុង​ធ្វើឱ្យ​អ្នកប្រើប្រាស់​មានការ​រំពឹង​ទុក​សម្រាប់​សកម្មភាព​គោលនយោបាយ​រូបិយវត្ថុ​កាន់តែខ្លាំង​ក្លា​ពី​​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក​។ លោក ញឹម កុសល ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បាន​លើកឡើងថា​៖ «​ខ្ញុំ​យល់ឃើញថា ការដំឡើង​អត្រា​ការប្រាក់​នឹងមាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​លើ​បញ្ហា​អតិផរណា ដែល​កំពុង​ត្រូវបាន​បន្ដ​ជំរុញ​ដោយ​ផ្នែក​ពី​ឧបសគ្គ​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល​»​។ តាម​លក្ខណៈ​បច្ចេកទេស​វិញ លោក​បាន​បន្ថែមថា តម្លៃ​មាស​អាច​ត្រូវបាន​ជួញដូរ​ក្នុង​ចន្លោះ​ពី ១ ៨៣០ ទៅ ១ ៨៤៧ ​ដុល្លារ ខណៈពេល​ដែល​ទីផ្សារ​កំពុង​ស្វែងរក​ការ​បំបែក​ទិសដៅ​ថ្មី​ ដើម្បី​ទិញ​មាស ប្រសិនបើ​វា​ឡើងដល់​កម្រិត​ខ្ពស់​ថ្មី​លើសពី​កម្រិត​ខ្ពស់​មុន ១ ៨៤៧ ​ដុល្លារ​។ សម្រាប់​ការវិភាគ​ជួញដូរ​នៅក្នុង​សប្តាហ៍​នេះ វិនិយោគិន​គួរ​ពិចារណា​ទិញ​មាស​នៅ​តម្លៃ ១ ៨៣០ ​ដុល្លារ​ដោយ​កំណត់​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ១ ៨១៥ ដុល្លារ និង​មុខងារ​កាត់​យកប្រាក់​ចំណេញ​នៅ​តម្លៃ ១ ៨៦៥ ដុល្លារ​៕