ទីក្រុងវៀងចន្ទន៍ៈ តម្លៃ​ទំនិញ និង​សេវាកម្ម​ក្នុងប្រទេស​ឡាវ​បន្ត​កើនឡើង​ក្នុង​អត្រា​មួយ​ដែល​មិនអាច​ព្យាករ​បាន​ចាប់តាំងពី​ខែសីហា ឆ្នាំ​ ២០២០ ដោយ​កើនឡើង ៥,២៧ ​ភាគរយ​កាលពី​ខែធ្នូ បើ​ធៀប​នឹង​តួលេខ​សម្រាប់​ខែ​ដូចគ្នា​ឆ្នាំ​ ២០២០​។

អត្រា​អតិផរណា​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ បាន​កើនឡើង​ជាង ៤ ​ភាគរយ​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​ ២០២១ ដែល​ត្រូវបាន​ជំរុញ​ដោយ​កត្តា​ជាច្រើន​រួមមាន តម្លៃ​អាហារ និង​ការចំណាយ​លើ​ផ្នែក​ទំនាក់ទំនង ការដឹក​ជញ្ជូន និង​ការថែទាំ​វេជ្ជសាស្ត្រ​។

ជា​ឧទាហរណ៍ តម្លៃ​ប្រេងឥន្ធនៈ​បាន​កើនឡើង ៣៨,៧ ​ភាគរយ​កាលពី​ខែ​មុន​ (​ខែធ្នូ​) ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ខណៈ​តម្លៃ​សាច់ជ្រូក​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​។ លើសពីនេះ ការធ្លាក់​តម្លៃ​រូបិយប័ណ្ណ​គីប​ (​ឡាវ​) ធៀប​នឹង​ប្រាក់​បាត​ថៃ និង​ប្រាក់​ដុល្លារ​បាន​បង្កើន​តម្លៃ​នៅ​ទីផ្សារ​ក្នុងស្រុក ជាពិសេស​សម្រាប់​ទំនិញ​នាំចូល​។

ការិយាល័យ​ស្ថិតិ​របស់​ប្រទេស​ឡាវ​បាន​ឱ្យដឹងថា សន្ទស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​បាន​កើនឡើង ០,២៣ ​ភាគរយ​កាលពី​ខែធ្នូ បើ​ប្រៀបធៀប​ជាមួយ​តួលេខ​ខែវិច្ឆិកា ខណៈ​អតិផរណា​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០ បាន​កើនឡើង​ពី ៥,០៤​ ភាគរយ​ដល់ ៥,២៧ ​ភាគរយ​កាលពី​ខែធ្នូ ដែល​ជា​ចំណុច​ខ្ពស់បំផុត​បាន​កត់ត្រា​ក្នុង​រយៈពេល ១៥ ​ខែ​។

ភាពមិន​ច្បាស់លាស់​ផ្នែក​សេដ្ឋកិច្ច​ពិភពលោក​អាច​ជះឥទ្ធិពល​បន្ថែមទៀត​ដល់​សេដ្ឋកិច្ច​ប្រទេស​ឡាវ ជាពិសេស​វិស័យ​ទេសចរណ៍ និង​ការវិនិយោគ​។

ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ បាន​បន្ត​រំខាន​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល ដែលនាំឱ្យ​មានការ​ខ្វះខាត និង​បង្កើន​តម្លៃ​ទំនិញ ដោយសារ​ភាពមិន​ត្រូវ​គ្នា​រវាង​តម្រូវការ និង​ការផ្គត់ផ្គង់​។ កាលពី​ខែធ្នូ ការចំណាយ​ផ្នែក​ទំនាក់ទំនង និង​ការដឹកជញ្ជូន​បាន​កើនឡើង ១,៦ ​ភាគរយ ធៀប​នឹង​ខែវិច្ឆិកា និង​ ១២,៧ ​ភាគរយ ធៀប​ឆ្នាំ​ ២០២០​។

តម្លៃ​រថយន្ត និង​ឧបករណ៍​ដឹកជញ្ជូន​បាន​កើនឡើង ១២,៤ ​ភាគរយ និង ២០,៦ ​ភាគរយ​រៀង​គ្នា​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

តម្លៃ​ការថែទាំ​វេជ្ជសាស្ត្រ​បាន​កើន ០,៥​ ភាគរយ​រវាង​ខែធ្នូ​ធៀប​ខែវិច្ឆិកា និង ៨,២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០ ដោយសារ​ការកើនឡើង​តម្លៃ​ថ្នាំពេទ្យ និង​សេវា​មន្ទីរពេទ្យ​។

តម្លៃ​ឱសថ​កើនឡើង ៧,៨ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ខណៈ​តម្លៃ​សេវា​មន្ទីរពេទ្យ និង​គ្លីនិក​បាន​កើន ១៣,៥ ​ភាគរយ​។

តម្លៃ​នៅ​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ក្នុង​ខែធ្នូ បាន​កើន ០,៧​ ភាគរយ​ធៀប​ខែវិច្ឆិកា និង ៨,៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ជា​ឧទាហរណ៍ តម្លៃ​អាហារ​ដែល​គិតថ្លៃ​ដោយ​ភោជនីយដ្ឋាន និង​សណ្ឋាគារ​បាន​កើនឡើង ១០,៤ ​ភាគរយ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ​ខណៈ​តម្លៃ​ផ្ទះសំណាក់ និង​សេវាកម្ម​សណ្ឋាគារ​បាន​ធ្លាក់ចុះ ០,៨ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

លើសពីនេះ តម្លៃ​ផ្ទះ ទឹក អគ្គិសនី និង​ឧស្ម័ន បាន​កើន ០,៧ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ខែ​មុន (​វិច្ឆិកា​) និង ៥,៨ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០​។

តម្លៃ​នៃ​សេវាកម្ម​សំណង់​បាន​កើនឡើង ៩,៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០ ខណៈដែល​តម្លៃ​ឧស្ម័ន និង​ប្រភព​ថាមពល​ផ្សេងទៀត​បាន​កើនឡើង ៦,៤ ​ភាគរយ​។ តម្លៃ​សម្លៀកបំពាក់ និង​ស្បែក​ជើងបាន​កើនឡើង ១,៨ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែ​មុន និង ៥,៤​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ជា​ឧទាហរណ៍​តម្លៃ​សម្លៀក​បំពាក់​បុរស​បាន​កើនឡើង ៦,៤ ​ភាគ​រយ ខណៈ​តម្លៃ​សម្លៀកបំពាក់​ស្ត្រី​បាន​កើនឡើង ៤,២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០​។

ទន្ទឹមនឹង​នេះដែរ តម្លៃ​ម្ហូបអាហារ និង​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល​បាន​កើនឡើង ២,៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ចំណែក​តម្លៃ​ប្រេងឆា និង​គ្រឿងទេស​កើនឡើង ២៩,៦ ​ភាគរយ និង ១៩,៧ ​ភាគរយ​រៀង​គ្នា​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០៕ Vientiane Times/Asia News Network/LA