ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​ពិភពលោក បាន​ផ្លាស់​ប្ដូរ​វិស័យ​អប់រំ​ឱ្យ​ឈប់​ដូចដើម​ជារៀង​រហូត។ សាលារៀន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​បាន​បិទទ្វារ ដោយ​ប៉ះពាល់​ដល់​សិស្សានុសិស្ស​​រាប់​លាន​នាក់ ដែល​ត្រូវតែ​សម្រប​ខ្លួន​ទៅ​នឹង​វិធីសាស្ត្រ​រៀនសូត្រ​ថ្មីៗ។

នៅ​ទូទាំង​ប្រទេស សិស្សានុសិស្ស​ជាង ៣,៨លាន​នាក់​ មិន​បាន​ចូលរៀន​នៅ​ក្នុង​ថ្នាក់​រៀន​ដោយ​ផ្ទាល់​ទេ ដោយសារ​តែ​វិធានការ​បិទ​ខ្ទប់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ សិស្ស​ត្រូវ​ងាក​ទៅ​ប្រើ​ប្រាស់​កម្មវិធី​ឌីជីថល​នានា ដើម្បី​រៀនសូត្រ​តាម​អនឡាញ​វិញ។

វា​គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​វិបត្តិ​កូវីដ១៩ មាន​ទៅ​លើ​វិស័យ​អប់រំ។ ក្រសួង​អប់រំ យុវជន និងកីឡា បាន​សហការគ្នា​ជាដៃគូ​ជាមួយ​ក្រុមហ៊ុន មិត្តហ្វូន បង្កើត​កម្មវិធី​ឌីជីថល SIS Cambodia ឡើង ដើម្បី​ផ្ដល់​សេវា​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ការ​រៀន​តាម​អនឡាញ ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន និង​ថ្នាក់​រៀន​ជាដើម។

កម្មវិធីអ៊ែប SIS Cambodia បាន​បង្កើន​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ផ្ដល់​នូវ​ដំណោះស្រាយ​ច្រក​ចេញ​ចូល​តែមួយ​សម្រាប់​ទាំង​គ្រូបង្រៀន ​និង​​សិស្សានុសិស្ស។ កម្មវិធី​នេះ​រួម​បញ្ចូល​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន កម្មវិធី​រៀនតាម​អនឡាញ និង​បណ្ណាល័យ​អនឡាញ​ដែល​មាន​សៀវភៅ​ឌីជីថល​ជាច្រើនដ៏​សម្បូរ​បែប។ កម្មវិធី​នេះ​ក៏ផ្ដល់​ដល់​គ្រូ​បង្រៀន​និង​សិស្សានុសិស្ស​នូវ​ពេល​វេលា​ប្រជុំ​តាម​វីដេអូ​ឥត​ដែន​កំណត់ លទ្ធភាព​ធ្វើ​កិច្ចការ​សាលា​តាម​អនឡាញ ព្រម​ទាំង​ការ​ប្រាស្រ័យ​ទាក់ទង​ភ្លាមៗ​ទាន់​ពេលវេលា​តាម​អនឡាញ សម្រាប់​សិស្ស លោកគ្រូ​អ្នកគ្រូ និង​អាណា​ព្យាបាល​សិស្ស។

ឌីជីថល​គឺជាអនាគត​នៃការសិក្សា

សមាហរណកម្ម​បច្ចេក​វិទ្យាព័ត៌មាន​ទៅ​ក្នុង​វិស័យ​អប់រំ នឹង​ត្រូវ​ពន្លឿន​កាន់តែ​លឿន​ថែមទៀត ហើយ​នៅ​ទីបំផុត​ទៅ ការ​អប់រំ​តាម​អនឡាញ​នឹង​ក្លាយ​ជា​ធាតុ​ស្នូល​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​អប់រំ​នៅ​តាម​សាលារៀន។ ខណៈ​កម្ពុជា​ឆ្លងកាត់​ភាព​ប្រឈម​នៃ​ការ​អភិវឌ្ឍ​ជាច្រើន ការ​ធ្វើ​ឌីជីថលូបនីយកម្ម​ការ​អប់រំ​នឹង​ជួយ​ពង្រឹង​បន្ថែម​ដល់​គ្រឹះ​សម្រាប់​ការ​អប់រំ​ប្រកប​ដោយ​និរន្តរភាព។

ជាមួយ​នឹង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ត្រឹម​ត្រូវ មាន​ភ័ស្តុតាង​បង្ហាញ​ថា ការ​សិក្សា​តាម​អនឡាញ​អាច​មាន​ប្រសិទ្ធភាព​ជាង​តាម​រូបភាព​ជាច្រើន។ ការ​សិក្សា​ខ្លះ​បង្ហាញ​ថា គិត​ជា​មធ្យម សិស្ស​ចាប់​បាន​ខ្លឹមសារ​មេរៀន​ពី ២៥% ទៅ ៦០% នៅ​ពេល​រៀន​តាម​អនឡាញ ច្រើន​ជាង​ការ​រៀន​នៅ​ក្នុង​ថ្នាក់​រៀន​ផ្ទាល់ ដែល​ពួកគេ​ចាប់​បាន​ខ្លឹមសារ​មេរៀន​ពី ៨% ទៅ ១០%។ នេះ​គឺ​ដោយសារ​តែ​សិស្ស​អាច​រៀន​បាន​លឿន​ជាង​នៅ​លើ​អនឡាញ ហើយ​ការ​រៀន​តាម​អនឡាញ​ត្រូវ​ការ​ពេល​វេលា​តិច​ជាង​ការ​រៀន​នៅ​ក្នុង​ថ្នាក់​រៀន​បែប​ប្រពៃណី​ពី ៤០% ទៅ ៦០% ពីព្រោះ​សិស្ស​អាច​រៀន​តាម​លទ្ធភាព​នៃ​ល្បឿន​របស់​ពួកគេ​ផ្ទាល់ ដោយ​អាច​វិល​ត្រឡប់​សា​ដើម​វិញ អាន​ឡើង​វិញ រំលង ឬ​ពន្លឿន​តាម​បែប​គំនិត​ដែល​ពួកគេ​អាច​ជ្រើស​រើស​បាន​ដោយ​ខ្លួនឯង។

ហេតុអ្វី​សាលារៀន​គួរ​ពិចារណា​ធ្វើ​ឌីជីថលូបនីយកម្ម?

ក្នុង​ពេល​កន្លងមក វិស័យ​អប់រំ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ការ​ដាក់​បញ្ចូល​រូបភាព​ក្រាហ្វិក​នៃ​ការ​អប់រំ​បែប​ឌីជីថល​បាន​បង្ហាញ​នូវ​ការចូលរួម​ខ្ពស់​ជាង​មុន និង​ការ​ជក់​ចិត្ត​ចង់​រៀន​សូត្រ​ជាង​មុន ជាពិសេស​ក្នុង​ចំណោម​សិស្សានុសិស្ស​ក្មេងៗ ដែល​ធ្វើ​ឱ្យ​ពួកគេ​ចូលចិត្ត​រៀនសូត្រ​នូវ​អ្វីៗ​ដែល​ថ្មី។

អ្វី​ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​នៅ​ក្នុង​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ គឺ​សារសំខាន់​​នៃ​ការ​ប្រែ​ក្លាយ​ការ​អប់រំ​ទៅ​ជា​ឌីជីថល នៅ​គ្រប់​ខេត្តក្រុង គ្រប់​គ្រឹះស្ថាន និង​គ្រប់​ផ្នែក​នៅ​ក្នុង​សង្គម។ ប្រសិន​បើ​បច្ចេក​វិទ្យា​រៀន​តាម​អនឡាញ​អាច​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ទី​នេះ វា​គឺជា​ទំនួល​ខុស​ត្រូវ​របស់​យើង​គ្រប់​រូប ក្នុង​ការ​សម្រេច​ឱ្យ​បាន​សក្ដានុពល​ពេញលេញ​របស់​វា៕