ភ្នំពេញៈ ការប្រមូល​ចំណូល​ពន្ធអាករ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) ក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ក្នុង​ទឹកប្រាក់​ជាង ២,៧ ​ពាន់​លាន​ដុល្លារ កើន​លើស​ផែនការ​ប្រចាំឆ្នាំ​ជាង ២៤​​ ភាគរយ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ GDT​។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រមូល​ចំណូល​ពន្ធ ប្រចាំឆ្នាំ​ ២០២១ ឱ្យដឹងថា ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ដែល​សេដ្ឋកិច្ច​សកល ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា​នៅ​មិនទាន់មាន​ភាពប្រាកដប្រជា ជាពិសេស​ក្នុង​បរិការណ៍​នៃ​ការទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ និង​រលក​នៃ​ការរីក​រាលដាល និង​វីរុស​បំប្លែង​ថ្មី​ឥតឈប់ឈរ​នៃ​កូវីដ​ ១៩ ក៏​ការប្រមូល​ពន្ធអាករ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅតែ​រក្សាបាន​នូវ​កំណើន​គួរឱ្យ​កត់សម្គាល់​។ ជាក់ស្តែង​ចាប់ពី​ខែមករា​ដល់​ដំណាច់​ខែធ្នូ ឆ្នាំ​ ២០២១ ចំណូល​ពន្ធអាករ ដែល GDT ប្រមូលបាន​មាន​ចំនួន ២ ៧៨១,៩២ ​លាន​ដុល្លារ ធៀប​ទៅនឹង​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១ ដែល​តម្រូវឱ្យ​ប្រមូល​ឱ្យបាន ២ ២៤៣,០៧​ លាន​ដុល្លារ ឃើញថា​កើន​លើស​ផែនការ ២៤,០២ ​ភាគរយ​ស្មើនឹង​ប្រាក់​ប្រមាណ ៥៣៨,៨៥​ លាន​ដុល្លារ​។

ដោយឡែក​ចំណូល​ពន្ធអាករ​ប្រចាំ​ខែធ្នូ ឆ្នាំ​ ២០២១ មាន​ចំនួន​ ២២១,៦៨​ លាន​ដុល្លារ ស្មើ ៩,៨៨ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​ ២០២១​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធ​ដារ លោក គង់ វិបុល បាន​និយាយថា លទ្ធផល​ជាទី​មោទនៈ​នេះ គឺ​មិនអាច​កាត់ផ្តាច់​ចេញពី​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការឆ្លង​រាលដាល​កូវីដ​ ១៩ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​តាមរយៈ​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ប្រកបដោយ​ស្មារតី​បុរេសកម្ម និង​ទាន់ពេលវេលា ដែល​អាច​កសាង​ភាពស៊ាំ​ក្នុង​សហគមន៍​ទៅនឹង​ជំងឺ​រាតត្បាត និង​ឈានទៅ​បើក​ប្រទេសជាតិ​ឱ្យ​ដំណើរការ សេដ្ឋកិច្ច​សង្គម​ឡើងវិញ​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ បានឡើយ​។

លោក​បន្ថែមទៀតថា ភាព​វិជ្ជមាន​ទាំងអស់នេះ​ក៏ដោយ​សារ GDT បាន​ដាក់ឱ្យអនុវត្ត​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មីៗ​មួយចំនួន​ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ផងដែរ ដែលមាន​ដូចជា​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធគ្រប់គ្រង​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​តាម​អនឡាញ (Tol E-Filling), ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បញ្ជូន​ឯកសារ​អេឡិចត្រូនិក (E-Document Submission System), ការដាក់ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធី​សម្រាប់​ប្រកាស និង​បង់ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​តាម​អនឡាញ​, ការអនុញ្ញាតឱ្យ​ចុះបញ្ជី​ពន្ធដារ​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ (CamDX), និង​ការដាក់ឱ្យ​អនុវត្ត​យន្តការ​ដំឡើង​ឧបករណ៍​វាស់​ចំណុះ​ (Flowmetor) ស្រាបៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​របស់​សហគ្រាស​ផលិត​នៅក្នុង​ស្រុក ដែលជា​ការពង្រឹង​អនុលោមភាព និង​តម្លាភាព​ក្នុង​ការបង់ពន្ធ​, និង​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្នើសុំ​លិខិតបញ្ជាក់ និង​វិញ្ញាបនបត្រ​ពន្ធដារ​នានា​តាម​​អនឡាញ​ជាដើម​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២៧ ខែមករា​ថា ចំណូល​ពន្ធអាករ​ដែល​រក្សាបាន​សញ្ញា​វិជ្ជមាន​ក្នុងអំឡុងពេល​ដ៏លំបាក​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ គឺអាច​បណ្តាលមកពី​កត្តារួមផ្សំ​មួយចំនួន​ដូចជា កំណើន​នៃ​ការចុះ​បញ្ជី​អាជីវកម្ម​របស់​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស​, ការធ្វើ​បច្ចុប្បន្នភាព​នៃ​ដាក់ឱ្យ​ដំណើរការ​នីតិវិធី​នៃ​ការ​ប្រ​-​កាស និង​បង់ប្រាក់​ពន្ធ​តាម​អនឡាញ​, និង​ការប្រមូល​ពន្ធ​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឱ្យមាន​ភាព​គ្រប់​ជ្រុងជ្រោយ​ជាង​មុន​។ លោក​បន្តថា ក្រៅពី​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​ដែល​បាន​ដាក់ចេញ និង​ការចូល​ជាធរ​មាននៃ​ច្បាប់​វិនិយោគ​ថ្មី និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ក៏​នឹង​ជួយ​ធ្វើឱ្យ​ការប្រមូល​ចំណូល​ពន្ធ​បាន​កាន់តែច្រើន​ផងដែរ​ចាប់ពី​ឆ្នាំ​ ២០២២ នេះ​តទៅ​។

លោក​និយាយថា​៖ «​ទោះបី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ នៅ​បន្ត​អូសបន្លាយ ប៉ុន្តែ​ខ្ញុំ​មានជំនឿថា ការប្រមូល​ចំណូល​ពន្ធដារ​ក្នុង​ឆ្នាំ​ ២០២២ នេះ​នឹងមាន​កំណើន​ជា​បន្តទៀត​»​។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើង​ថា បើទោះជា​មានការ​ស្រកស្រុត​បន្តិចបន្តួច​ក្នុងពេល​ជួប​ប្រឈម​នឹង​វិបត្តិ GDT តែងតែ​អនុវត្ត​បានល្អ​ជាង​ការវាយតម្លៃ​ប៉ាន់ស្មាន​។

កាលពី​ឆ្នាំ​ ២០២០ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បាន ២ ៨៨៩, ០២ ​លាន​ដុល្លារ កើនឡើង ១០៤,៤៩ លាន​ដុល្លារ ស្មើនឹង ៣,៧៣ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩៕ LA