ភ្នំពេញៈ ក្រសួងកសិកម្ម​បានសម្រេច​វិនិយោគ​លើ​ផ្សារ​បោះ​ដុំ ដែលមាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រួតពិនិត្យ និង​ការបញ្ជាក់​ពី​គុណភាព សុវត្ថិភាព​ត្រឹមត្រូវ​នៅ​ទីតាំង​ចំនួន ៣ ​កន្លែង​នៅ​ជាយ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្ត​ត្បូងឃ្មុំ ក្នុង​ឆ្នាំ​ ២០២២​ នេះ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ផ្សារ​បោះដុំ ដែល​ក្រសួង​កំពុង​រៀបចំ​នេះ គឺជា​ផ្សារ​បោះដុំ​លក់​ផលិតផល​កសិកម្ម​ដែលមាន​ការបញ្ជាក់​គុណភាព និង​សុវត្ថិភាព ត្រឹមត្រូវ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ទទួលទាន​។

លោក​បន្តថា ផ្សា​របោះ​ដុំ​ថ្មី​នេះ​នឹង​ក្លាយជា​កន្លែង​ប្រមូលផ្តុំ និង​ចែកចាយ​បន្លែ និង​ផលិតផល​កសិកម្ម​ដែល​ផ្តល់​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ និង​ជាការ​ពង្រីក​ទីផ្សារ​ឱ្យ​កសិករ​ផងដែរ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​ផ្សា​របោះ​ដុំ​នឹងមាន​រៀបចំ​ប្រព័ន្ធ​បញ្ជាក់​ប្រភពដើម​ផលិតផល និង​រចនាសម្ព័ន្ធ​គាំទ្រ​ជាច្រើន​ដូចជា ទូ​ត្រជាក់ តាម​យន្តការ PPP (Plant Protection Product) នៅលើ​ទីតាំង​ជា​កម្មសិទ្ធិ​របស់​រដ្ឋ និង​ឯកជន ដែលមាន​សក្តានុពល​ខ្ពស់ ដោយ​ធ្វើការ​សាកល្បង​ក្នុង​ជំហាន​ទី ​១ ចំនួន ៣ ទីតាំង​ដូចជា តំបន់​ជាយក្រុង​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្ត​ត្បូងឃ្មុំ​»​។

លោក​បញ្ជាក់ថា ផែនការ​នេះ​មាន​គោលដៅ​សម្រេច​ឱ្យបាន​ជោគជ័យ​ក្នុង​ឆ្នាំ​ ២០២២ ​នេះ​ដោយ​បន្លែ​មាន​សុវត្ថិភាព​ទាំងអស់​មិន​ត្រឹមតែ​អាច​ផ្គត់ផ្គង់​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​នាំចេញ​ក្រៅប្រទេស​ផងដែរ​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន ត្រូពិកខេម ដែល​កំពុង​វិនិយោគ​លើ​ការដាំដុះ​បន្លែ​សុវត្ថិភាព បានឱ្យដឹងថា ការរៀបចំ​ឱ្យមាន​ផ្សារ​បោះដុំ​បន្លែ​សុវត្ថិភាព​នេះ គឺជា​គោលបំណង​ធំ​របស់លោក ដោយ​កន្លងទៅ​ក្រុមហ៊ុន​លោក​បានចាប់ផ្តើម​រៀបចំ​ឱ្យមាន​ការធ្វើ​ទំនើបកម្ម​កសិកម្ម ការដាំដុះ​ដំណាំ​សាកវប្បកម្ម ដោយ​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំពុល​គីមី ហើយ​ងាក​មកប្រើប្រាស់​ជីធម្មជាតិ​វិញ​។

លោក​បាន​បន្ថែមថា ដោយមាន​ការសហការ​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​ក្រុមហ៊ុន​លោក​បានរៀបចំ​មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូ​មួយ​រួចហើយ ក្នុង​ការបង្កើត​ភាពជា​ដៃគូ ដើម្បី​ជំរុញ​ខ្សែចង្វាក់​បន្លែ​សុវត្ថិភាព​តាម​ស្តង់ដា​ការអនុវត្ត​កសិកម្ម​ល្អ (CamGAP)​។

លោក​និយាយថា​៖ «​ដើម្បីឱ្យ​ផ្សារ​នេះ​ដំណើរការ​បាន​ល្អ​នាពេល​អនាគត គឺ​ទាមទារ​ឱ្យ​យើង​ប្រឹងប្រែង​ផលិត​ដែរ​ដោយ​ជំរុញ​ឱ្យ​កសិករ​មាន​អាជីព​ជា​អ្នក​ដាំ​ដុះ​ដំណាំ​សាកវប្បកម្ម​ទាំងអស់​ត្រូវ​ប្រឹងប្រែង​ផលិត​ឱ្យបាន​ច្រើនដង ដោយ​ប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​ឱ្យបាន​ត្រឹមត្រូវ និង​អនុវត្ត​កសិកម្ម​ល្អជា​ដើម ដើម្បី​ចៀសវាង​ការ​ប្រឈម​នឹង​ការប្រកួតប្រជែង​តម្លៃ​ជាមួយនឹង​បន្លែ​នាំចូល​ពី​ក្រៅប្រទេស​»​។

លោក សម វិទូ នាយក​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា សេដាក​ (CEDAC) បាន​និយាយថា កសិករ ក៏ដូចជា​អ្នក​ដាំដុះ​បន្លែ​សុវត្ថិភាព​នឹង​លែងមាន​បញ្ហា​ទីផ្សារ​នៅពេល​ដែលមាន​ផ្សារ​បោះដុំ​ថ្មី​នេះ ប៉ុន្តែ​ត្រូវមាន​ការគិតគូរ​ពី​តម្លៃ​ឱ្យបាន​សមរម្យ ដើម្បីឱ្យ​អ្នក​បរិភោគ​ទទួលយកបាន និង​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​ផងដែរ​។

លោក វិទូ បាន​លើកឡើង​ថា​៖ «​ជាធម្មតា អ្នកលក់​តែងតែ​ចង់បាន​តម្លៃ​ខ្ពស់ ប៉ុន្តែ​ត្រូវតែមាន​ការកំណត់​តម្លៃ​សមរម្យ​មួយ ដែល​អាចមាន​ការប្រកួត​ប្រជែង​ដែរ​សម្រាប់​អ្នក​បរិភោគ ព្រោះថា​ផលិតផល​នាំចូល​ថ្វីដ្បិតតែ​មាន​ការដឹកជញ្ជូន​មក​ឆ្ងាយ​មែន ប៉ុន្តែ​តម្លៃ​ធូរ​ថ្លៃ​ជាង​ផលិតផល​នៅក្នុង​ស្រុក ដូចនេះ​រឿង​តម្លៃ​គឺជា​បញ្ហាសំខាន់​ណាស់​ដែល​ត្រូវ​គិតគូរ​»​។

យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម ក្នុង​ឆ្នាំ ​២០២១ ដំណាំ​សាកវប្បកម្ម ប្រមូលផល​បាន​ចំនួន ៤ ៣៦៥ ៨៧៨ ​តោន​ក្នុងនោះ​ដំណាំ​បន្លែ​មាន​ចំនួន ៩០៨ ៥៩៥ ​តោន ដំណាំ​ហូប​ផ្លែ ចំនួន ៣ ៤៥៧ ១៩៣ ​តោន និង​រុក្ខជាតិ​លម្អ​ចំនួន ជាង ៩០ ​តោន​៕ LA