ភ្នំពេញៈ កម្ពុជា និង​សហភាព​អារ៉ាប់រួម​​ (UAE ) ​បាន​ឯកភាពគ្នា​នឹង​បង្កើត​ក្រុមការងារ​ដើម្បី​សិក្សា​ពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA) ជាមួយគ្នា​ដើម្បី​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យមាន​ទំហំ​កាន់តែ​ធំ​បន្ថែមទៀត​។

ព័ត៌មាន​នេះ​ត្រូវ​បានលើកឡើង​ក្នុងឱកាស​នៃ​ជំនួប​ទ្វេភាគី​រវាង​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ ជាមួយ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សហភាព​អារ៉ាប់រួម​លោក Thani bin Ahmed Al Zeyoudi កាលពី​ថ្ងៃទី​ ២៤ ខែមករា នៅ​ទីក្រុង​ឌូបៃ សហភាព​អារ៉ាប់រួម​។

លោក ប៉ាន សូរ​ស័ក្តិ បាន​លើកឡើង​ថា កម្ពុជា​មាន​ធនធាន​ធម្មជាតិ​អំណោយផល​ជាច្រើន ពិសេស​ផលិតផល​កសិផល​រាប់ពាន់​មុខ និង​មាន​វិស័យ​សក្តានុពល​ជាច្រើន​ដែល​កំពុង​អភិវឌ្ឍ​ដូចជា វិស័យ​ទេសចរណ៍​តំបន់​ឆ្នេរសមុទ្រ វិស័យ​វប្បធម៌​តំបន់​ប្រាសាទ​បុរាណ ពិសេស​ប្រាសាទអង្គរវត្ត វិស័យ​ដឹកជញ្ជូន​រួមមាន​ព្រលាន​យន្តហោះ កំពង់ផែ ផ្លូវថ្នល់ និង​សំណង់​ដែល​សហភាព​អារ៉ាប់​រួម​អាចមក​វិនិយោគ​បាន​។ លោក​បាន​ថ្លែងថា​៖ «​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ចិន និង​កូរ៉េ​រួចហើយ និង​កំពុង​បន្ត​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង​ដៃគូ​សំខាន់ៗ​មាន​ជាអាទិ៍ អង់គ្លេស ជប៉ុន ឥណ្ឌា ម៉ុងហ្គោលី និង​កាណាដា ដើម្បី​ធ្វើ​ពិពិធកម្ម​ទីផ្សារ និង​ជំរុញ​ការនាំចេញ​ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់​កាលទី​ ៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។

លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​អំពី​ឆន្ទៈ​បង្កើត​ក្រុមការងារ​មួយ​ ដើម្បី​សិក្សា និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​ប្រទេស​ទាំង​ ២ ក្នុង​គោលបំណង​បង្កើន​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ថែម​មួយកម្រិត​ទៀត​។

លោក Thani bin Ahmed Al Zeyoudi បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​កម្ពុជា និង​សម្តែង​ការកោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ និង​ចូលរួម​ក្នុង​ពិព័រណ៍​ពិភពលោក​ឌុយបៃ ឆ្នាំ​ ២០២០ ដែលមាន​រយៈពេល ៦ ​ខែ​នេះ​។ លោក​ក៏បាន​ស្នើឱ្យ​ភាគី​កម្ពុជា​ជួយផ្តល់​ព័ត៌មាន​ពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា និង​សិក្សា​បន្ថែម​អំពី​លទ្ធភាព​វិនិយោគ​រួមគ្នា​នាពេល​អនាគត​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២៧ ខែមករា​ថា ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ UAE ភាគច្រើន គឺជា​ទំនិញ​កសិកម្ម ដូចជា អង្ករ ផ្លែឈើ សាច់សត្វ អាហារ​កែច្នៃ ផលិតផល​ជា​គ្រឿងក្រអូប​ខ្លឹមចន្ទន៍ ប្រេងចន្ទន៍ ទៀនក្រអូប គ្រឿង​តុបតែង​លម្អ សម្លៀកបំពាក់ ស្បែកជើង សម្ភារ​ធ្វើ​ដំណើរ កាបូប និង​កង់​ជាដើម​។

ចំណែក​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី UAE វិញ​រួមមាន ប្រេងរំអិល ប្រេងឥន្ធនៈ គ្រឿង​ម៉ាស៊ីន ថ្នាំលាប វែកនី កៅស៊ូប៊ីទីម​ក្រាល​ថ្នល់ ជរ័បិទ​កញ្ចក់ ពិតាន​ជ័រប្លាស្ទិក ថ្នាំបៀក ឥដ្ឋការ៉ូក្រាល គ្រឿង​សេរ៉ាមិច គ្រឿង​សម្ភារ​ក្នុង​បន្ទប់ទឹក ប្រដាប់ប្រដា​ផ្ទះបាយ គ្រឿងសង្ហារិម ជណ្តើរយន្ត រថយន្ត គ្រឿងបន្លាស់​រថយន្ត ឧបករណ៍​ហាត់ប្រាណ និង​ឧបករណ៍​កីឡា​។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហភាព​អារ៉ាប់រួម ឆ្នាំ ​២០២១ មាន​ទឹកប្រាក់ ១៥១ ៥៤៧ ០៥៧ ​ដុល្លារ កើនឡើង ៥២,៦៦ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ ក្នុងនោះ​ការនាំ​ទំនិញ​ចេញពី​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ ៥២​ លាន​ដុល្លារ កើនឡើង ១៨,៩៣ ​ភាគរយ ចំណែក​ការនាំ​ចូល​ពី UAE មាន​ទឹកប្រាក់​ជាង ៩៩ ​លាន​ដុល្លារ​កើនឡើង ៧៩,៣២ ​ភាគរយ​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​៕ LA