
ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងទេសចរណ៍បានប្រកាសបើកយុទ្ធនាការ «កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ ១៩។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍តាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ បានប្រកាសជាផ្លូវការនូវការបើកយុទ្ធនាការគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតងដោយត្រូវរៀបចំឱ្យមានការប្រឡងប្រណាំងរវាងរដ្ឋបាលរាជធានី-ខេត្ត ដែលមានស្នាដៃឆ្នើមក្នុងយុទ្ធនាការនេះ ដើម្បីធ្វើឱ្យខ្លួនមានលក្ខណសម្បត្តិគ្រប់គ្រាន់នៅក្នុងការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាតាមច្រករបៀងនៃការធ្វើដំណើរក្នុងតំបន់អាស៊ាន។
លោកបានលើកឡើងថា នេះគឺជាយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី ពិសេសក្នុងក្របខ័ណ្ឌអាស៊ាន។
តាមរយៈការដាក់ចេញយុទ្ធសាស្ត្រនេះ លោកក៏បានស្នើឱ្យវិស័យឯកជនក្នុងវិស័យទេសចរណ៍ទាំងអស់ត្រូវតែចូលរួមអនុវត្ថវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់សេវាកម្មនីមួយៗ ដែលដាក់ចេញដោយក្រសួងពាក់ព័ន្ធ ដើម្បីពង្រឹងភាពធន់ និងការត្រៀមលក្ខណសម្បត្តិក្នុងការទទួលទេសចរអន្តរជាតិ។
លោកនិយាយថា៖ «ភ្ញៀវទេសចរ ដែលមកកម្ពុជាត្រូវតែជាទេសចរចាក់វ៉ាក់សាំងរួច និងត្រូវគោរពច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជា ពិសេសក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា»។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៧ ខែមករាថា ក្រោយបិទបញ្ចប់វេទិកាទេសចរណ៍អាស៊ានលើកទី ៤០ ទាំងរដ្ឋ និងរដ្ឋ ឯកជន និងឯកជន នៃវិស័យទេសចរណ៍បានមូលមតិគ្នានៅក្នុងការបើកទេសចរណ៍ឡើងវិញ គឺជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតងនឹងផ្តោតលើធម្មជាតិ ដូចជា ទេសចរណ៍តំបន់ឆ្នេរ និងទេសចរណ៍នៅតាមសហគមន៍បណ្តាខេត្តនានា។
លោកបន្ថែមទៀតថា ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដែលរៀបចំឱ្យមានទេសចរបរទេសទៅកម្សាន្តនៅតំបន់មួយចំនួនដូចជាកោះរ៉ុង កោះរ៉ុងសន្លឹម ភ្នំបូកគោ ឬឆ្នេរកែប ឆ្នេរកោះកុង ជាដើម ត្រូវតែប្រកាន់ខ្ជាប់វិធានសុវត្ថិភាពនានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងស្តង់ដា SOP ដើម្បីកាត់ផ្តាច់នូវការចម្លងមេរោគកូវីដ ១៩ នេះ។
លោក វណ្ឌី បន្ថែមថា នៅក្នុងអំឡុងពេលវេទិកាទេសចរណ៍អាស៊ានលើកទី ៤០ ឆ្នាំ ២០២២ សមាគមបានជួបជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍មកពីប្រទេសក្នុងតំបន់អាស៊ានផងដែរ ដើម្បីស្នើឱ្យបង្កើនជើងហោះហើរបន្ថែមទៀត។
លោកបានបញ្ជាក់ប្រាប់ថា៖ «កន្លងមក យើងបានប្រជុំជាមួយ ហ្វីលីពីន និងសិង្ហបុរី ដោយក្នុងនោះប្រធានក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសសិង្ហបុរីបានប្តេជ្ញានឹងយកបញ្ហាដែលកម្ពុជាស្នើក្នុងការបង្កើនជើងហោះហើរបន្ថែមនេះទៅពិភាក្សាជាមួយរដ្ឋាភិបាលបន្តទៀត ដើម្បីជំរុញចលនាទេសចរបន្ថែមទៀតពីប្រទេសនេះ»។
យុទ្ធនាការគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតងក៏មានគោលការណ៍ណែនាំ អ្វីគួរធ្វើ និងមិនគួរធ្វើ សម្រាប់ភ្ញៀវទេសចរដែលបានមកកម្ពុជា ដោយមានប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក សម្រាប់ហាង និងផ្សារតាមគន្លងប្រក្រតីភាពថ្មី និង SOP សម្រាប់ផ្សារទំនើបខ្នាតធំ ផ្សារទំនើបខ្នាតតូច ផ្សារមិនរៀបរយ និងផ្សារសាធារណៈផងដែរ៕ LA