ភ្នំពេញៈ រដ្ឋាភិបាល​បាន​ចុះកិច្ចសន្យា​ប្រគល់​កោះ និង​ឆ្នេរ​ចំនួន ១៩ ទីតាំង​ក្នុងចំណោម ៣២ ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ និង​អភិវឌ្ឍន៍​ទៅជា​រមណីយដ្ឋាន ដើម្បី​រួមចំណែក​ទាក់ទាញ​ទេសចរណ៍ និង​វិនិយោគ​កាន់តែ​ច្រើន​ថែមទៀត​។

លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៧ ខែមករា​ថា ក្រោយពេល​ចុះកិច្ចសន្យា​ប្រគល់​កោះ និង​ឆ្នេរនេះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍ គណៈកម្មការ​អន្តរក្រសួង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​រួមជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដែលជា​អាជ្ញាធរ​ដែនដី​កាលពីពេល​ថ្មីៗ​នេះ​បាន​ចុះទៅពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​វិនិយោគ​របស់​បណ្តា​ក្រុមហ៊ុន​ទាំងអស់​នោះ​។

លោក​បន្តថា បន្ទាប់ពី​ការចុះទៅ​ត្រួត​ពិនិត្យមើល​ជាក់ស្តែង ក្រុមហ៊ុន​អភិវឌ្ឍន៍​ដែល​ទទួល​បាន​សិទ្ធិ និង​វិនិយោគ​កោះ​ទាំង ១៩ គឺ​ឃើញថា មាន​វឌ្ឍនភាព​ល្អប្រសើរ ប៉ុន្តែ​ក្រុមការងារ​ក៏បាន​ពិនិត្យឃើញ​មាន​ភាពមិនប្រក្រតី​របស់​ក្រុមហ៊ុន​មួយ​ចំនួន​តូច​ផងដែរ ខណៈ​ភាពមិន​ប្រក្រតី​ទាំងអស់​នោះ​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​រួមជាមួយ​អាជ្ញាធរខេត្ត​បាន​ធ្វើការ​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ងាក​មក​គោរព​តាម​កិច្ចសន្យា និង​ប្លង់គោល​អភិវឌ្ឍន៍​របស់​ខ្លួន​ឡើងវិញ​។

បើតាម លោក ឡុង ឌីម៉ង់ ការដែល​រដ្ឋាភិបាល​ចុះកិច្ចសន្យា​ជួល​កោះ និង​ឆ្នេរ​ទាំង ១៩ ទៅឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ គឺ​ចង់ឱ្យ​វា​ក្លាយជា​ចំណែក​នៃ​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ជួយ​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវទេសចរ​។ មិន​ត្រឹមតែ​ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​ប៉ុណ្ណេះ​ទេ ប៉ុន្តែ​ក្រោយ​ការអភិវឌ្ឍ​កោះ និង​ឆ្នេរ​ទាំងអស់នេះ​ក៏​នឹង​ជួយ​ឱ្យ​ភ្ញៀវ​ស្នាក់​នៅបាន​កាន់តែ​យូរ​ផងដែរ​។

លោក​ថ្លែងថា​៖ «​សម្រាប់​ខេត្ត​ព្រះសីហនុ​យើង គឺមាន​សក្តានុពល​ណាស់ ព្រោះ​មាន​ធនធានធម្មជាតិ និង​មាន​ហេដ្ឋាររចនាសម្ព័ន្ធ​រូបវន្ត​ដទៃទៀត​ជាច្រើន​ពិសេស​កិច្ចសហការ​របស់​អាជ្ញាធរ​ដែនដី​ជូន​ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​។ ខេត្ត​ព្រះសីហនុ​នៅតែ​បន្ត​បើកទ្វារ​រង់ចាំ​ស្វាគមន៍ និង​ផ្ដល់​កិច្ចសហការ​ដល់​អ្នកវិនិយោគ​ក្នុង​ស្រុក និង​បរទេស ដើម្បី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទាំងអស់​គ្នា​»​។

លោក ធួន ស៊ីណា ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី-ប៉ាស៊ីហ្វិក​កម្ពុជា និយាយថា មិនមែន​តែ​ប្រទេស​កម្ពុជា​នោះទេ គ្រប់​ប្រទេស​លើ​ពិភពលោក​ដែលមាន​ទាំង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុងអភិវឌ្ឍន៍ គឺ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះតែង​ចុះ​កិច្ចសន្យាជួល ឬ​ប្រគល់​កោះ និង​ឆ្នេរ​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍ ព្រោះ​រដ្ឋាភិបាល​មិនអាច​អភិវឌ្ឍន៍​ទាំងអស់​ដោយ​ខ្លួន​បានទេ​។

លោក​បន្តថា ការជួល​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចូលរួម​វិនិយោគ​កោះ និង​ឆ្នេរ​នេះ រួមជាមួយ​សម្រួល​លក្ខខណ្ឌ​សម្រាប់ធ្វើ​ការវិនិយោគ​លើ​ផ្នែក​អ្វីមួយ​នោះ វា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការធ្វើឱ្យ​ប្រទេសជាតិ​មាន​ការរីកចម្រើន ពិសេស​ទាក់ទាញ​ការវិនិយោគ​មកពី​ក្រៅប្រទេស​។

ទោះបីយ៉ាងណា​លោក​លើកឡើង​ថា រាល់​ការអភិវឌ្ឍ​ទាំងអស់​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​វិនិយោគ​ក្នុង​ប្រទេស​ឱ្យបាន​ត្រឹមត្រូវ​ពោលគឺ​មិនមែន​យក​ដុល្លារ​ជាធំ​នោះទេ ព្រោះ​ជាក់ស្តែង​មាន​កោះ​ជាច្រើន​ត្រូវបាន​គ្រប់គ្រង​ដោយ​ឧកញ៉ា​ធំៗ ប៉ុន្តែ​កោះ​ទាំងនោះ​មិនមាន​ការ​អភិវឌ្ឍ​ទេ ពោលគឺ​ទទួលបាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ហើយ​យកទៅ​ទុក និង​លក់ ឬ​ជួល​បន្តទៅ​វិនិយោគិន​ផ្សេង​។

លោក​និយាយថា​៖ «​ទាំងនេះ គឺជា​បញ្ហា​សម្រាប់​ប្រទេសជាតិ​យើង ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ដូចជា ច្បាប់​អភិវឌ្ឍន៍​ដែល CDC ជា​អ្នកគ្រប់គ្រង​នោះ ខ្ញុំ​គិតថា ល្អ​ព្រោះ​យើង​មិនអាច​ទុកចោល​កោះ​ដោយ​គ្មាន​ការអភិវឌ្ឍ​ទេ ប៉ុន្តែ​រាល់​ការអភិវឌ្ឍន៍​ត្រូវតែ​គោរព​គោលការណ៍​បរិស្ថាន​ជា​ចម្បង​ដើម្បី​បន្ត​និរន្តរភាព​នូវ​ធនធាន​ធម្ម​ជាតិ​ដែល​យើង​មាន​»៕ LA