The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផលិតករ​ត្រូវ​ពង្រឹងគុណភាព​ផលិតផល​របស់ខ្លួន​ស​ម្រា​ប់​ឱកាស​ប្រជែង​ទីផ្សារ​

ផលិតករ​ត្រូវ​ពង្រឹងគុណភាព​ផលិតផល​របស់ខ្លួន​ស​ម្រា​ប់​ឱកាស​ប្រជែង​ទីផ្សារ​

Content image - Phnom Penh Post

ផលិតករ​ត្រូវ​ពង្រឹងគុណភាព​ផលិតផល​របស់ខ្លួន​ស​ម្រា​ប់​ឱកាស​ប្រជែង​ទីផ្សារ​

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ជំរុញ​ឱ្យ​ផលិតករ​ក្នុងស្រុក​ទាំងអស់​ត្រូវតែ​ខិតខំ​ព​ង្រឹ​ក​គុណភាព​ផលិតផល​របស់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​អតិថិជន និង​មាន​ទីផ្សារ​កាន់តែ​ធំ​។​

​ក្នុងអំឡុងពេល​ចុះទៅពិនិត្យ​ស្ដង់​បង្ហាញ និង​លក់​ផលិតផល​ខ្មែរ ក្រោម​កម្មវិធី​ស្ដីពី​«​កិច្ចសហការ​ជំរុញ និង​បង្កើន​ការលក់​ផលិតផល​ខ្មែរ​»​នៅ​ស្ថានីយប្រេងឥន្ធនៈ​ភី​ធី​ធី (​ព្រែក​ព្នៅ​) កាលពី​ថ្ងៃទី​២៨ ខែមករា លោក សូរ​ស័ក្តិ បាន​លើកឡើងថា បច្ចុប្បន្ន​ក្រសួងពាណិជ្ជកម្ម កំពុង​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​ជួយ​សម្រួល​ដល់​ចរន្ដ​ទីផ្សារ​ជូន​កសិករ ផលិតករ និង​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​របស់​កម្ពុជា​។ ទោះយ៉ាងណា ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល​បាន​នោះ គ្រប់​ផលិតផល​ដែល​ផលិត​ក្នុងស្រុក គឺ​ត្រូវតែមាន​គុណភាព សុវត្ថិភាព និង​ការ​វេច​ខ្ចប់​ស្របតាម​ស្ដង់ដា​។

​លោក​បានផ្ដល់​អនុសាសន៍​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស និង​សិប្បកម្ម​នៅក្នុង​ស្រុក​ថា​៖«​ត្រូវតែ​ព្យាយាម​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ក្នុងការ​កែច្នៃ​ផលិតផល​ខ្មែរ​ដែលមាន​ស្រាប់ ធ្វើការ​វេច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ មាន​កាលបរិច្ឆេទ​កំណត់​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ក្នុងការ​ជំរុញ​ការនាំចេញ ជាពិសេស គឺអាច​លក់បាន​តម្លៃ​ថ្លៃ​ជាង​ផលិតផល​ដែល​គ្មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ​»​។

​សូមបញ្ជាក់ថា ដើម្បី​ជំរុញ និង​បង្កើន​ការលក់​ផលិតផល​ខ្មែរ ក្រសួងពាណិជ្ជកម្ម និង​ក្រុមហ៊ុន​ភី​ធី​ធី កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​(MoU) ដោយ​នឹង​អនុញ្ញាតឱ្យ​កសិករ និង​ផលិតករ​នៅក្នុង​ស្រុក អាចដាក់​លក់​ផលិតផល​របស់ខ្លួន​នៅតាម​បណ្តា​ស្ថានីយប្រេងឥន្ធនៈ​ភី​ធី​ធី​នៅ​ទូទាំង​រាជធានី​-​ខេត្ត​។ កម្មវិធី​នេះ​ធ្វើការ​សាកល្បង​ចាប់ពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយ​រៀបចំឡើង​នៅ ៣ ទីតាំង ក្នុង​រាជធានី​ភ្នំពេញ និង ៤​ទីតាំង​ទៀត​មាននៅ​ខេត្តសៀមរាប​, ខេត្តកំពង់ឆ្នាំង​, ខេត្តកំពង់ចាម​, និង​ខេត្តតាកែវ ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន សិប្បកម្ម និង​អាជីវករ​ចំនួន ៦៤​នាក់​។​

​យោងតាម MoU ក្រោយពី​បញ្ចប់​គម្រោង​សាកល្បង​រយៈពេល ៧​ថ្ងៃ ក្រុមហ៊ុន​ភី​ធី​ធី នឹង​អនុវត្ត​ឱ្យ​បន្ត​គម្រោង​បន្ថែមទៀត​ក្នុង​ឆ្នាំ​២០២២ នេះ ដោយ​រៀបចំ​ឱ្យមាន​ការផ្សព្វផ្សាយ និង​លក់​នៅតាម​បណ្តា​ស្ថានីយប្រេងឥន្ធនៈ​ភី​ធី​ធី មួយចំនួន ដូចជា ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២២ នៅ​ស្ថានីយ​ចំនួន​១៦ និង​ក្នុង​ត្រីមាស​ទី​៣ នៅ​ស្ថានីយ ចំនួន ១០៕​

អត្ថបទគួរចាប់អារម្មណ៍