ភ្នំពេញៈ កម្ពុជា​បាន​ស្នើឱ្យ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជួយ​ជំរុញ​វិនិយោគិន​របស់ខ្លួន​ចូលមក​បណ្ដាក់ទុន​នៅ​កម្ពុជា​ឱ្យបាន​ច្រើន ព្រមទាំង​សិក្សា​ពី​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង ឬ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) សំដៅ​បង្កើន​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេភាគី ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ នៅមាន​ចំនួន​តិចតួច​នៅឡើយ​។

សំណើ​នេះ​ត្រូវបាន​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក ពេជ ឫទ្ធី លើកឡើង​ក្នុងជំនួប​ជាមួយ លោក Saud F.M. Al Suwelim ឯកអគ្គរាជទូត​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (​និវេសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ​) ដើម្បី​ពិភាក្សា​អំពី​ការជំរុញ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​ឱ្យបាន​ខ្ពស់​ថែម​មួយកម្រិត​ទៀត​។

ជាកិច្ច​ចាប់ផ្ដើម​លោក ពេជ ឫទ្ធី បាន​សម្តែង​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ លោក Saud F.M. Al Suwelim ដែល​បាន​ខិតខំ​ពង្រឹង​ចំណងមិត្តភាព និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​អារ៉ាប៊ី សាអ៊ូឌីត ឱ្យទទួល​បាន​នូវ​វឌ្ឍនភាព​វិជ្ជមាន​ជា​បន្តបន្ទាប់​។

លោក​លើកឡើងថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ឱ្យ​ភាគី​អារ៉ាប៊ី សាអូឌីត ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង ឬ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ក្នុង​គោលបំណង​បង្កើត​គណៈកម្មការ​ចម្រុះ​រួម ដើម្បី​ផ្លាស់ប្តូរ​យោបល់​គ្នា​សំដៅ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ទ្វេភាគី​»​។

ជា​ការឆ្លើយតប លោក Saud F.M. Al Suwelim បាន​សន្យា​នឹង​ខិតខំ​ជំរុញ​អ្នកវិនិយោគ​របស់ខ្លួន​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា ហើយ​ដើម្បី​សម្រេច​គោលបំណង​នេះ លោក​បាន​ស្នើឱ្យ​មានការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​/​ស្ថាប័នរដ្ឋ និង​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២ ក្នុង​គោលបំណង​ស្វែងយល់​ពី​តម្រូវការ​ទៅវិញទៅមក ផ្គូផ្គង​ដៃគូ​ធុរកិច្ច​វិនិយោគ និង​ការផ្លាស់ប្តូរ​មុខទំនិញ​សក្តានុពល​រវាង​ទីផ្សារ​នៃ​ប្រទេស​ទាំង​ ២​។

ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា លោក ពេជ ឫទ្ធី បាន​គាំទ្រ​លើ​សំណើ​ខាងលើ និង​សង្ឃឹមថា​ថ្នាក់ដឹកនាំ​កម្ពុជា​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអ៊ូឌីត និង​មានការ​រៀបចំ​ជំនួប​ទ្វេភាគី​រវាង​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២ នាពេល​ខាងមុខ​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​ឱ្យដឹងថា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អារ៉ាប៊ី សាអ៊ូឌីត ក្នុង​ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​សរុប ២៦​ លាន​ដុល្លារ កើន​ជិត ៤០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​ប្រមាណ ១៩ ​លាន​ដុល្លារ​។ ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំចេញ​ទៅ​អារ៉ាប៊ី សាអ៊ូឌីត មានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ពី​ស្បែក និង​ផ្លែឈើ ចំណែក​ផលិតផល​នាំ​ពី​អារ៉ាប៊ីសាអ៊ូឌីត​មក​កម្ពុជា មានដូចជា ផលិតផល​ធ្វើ​ពី​ប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី និង​សម្ភារ​សំណង់ ជាដើម​៕