ភ្នំពេញៈ ការចូល​ជាធរមាន​នៃ​ច្បាប់​វិនិយោគ​ថ្មី ព្រមជាមួយ​នឹង​ភាពជោគជ័យ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩ បានធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​កាលានុវត្តភាព​កាន់តែច្រើន​សម្រាប់​ការ​ចូលមក​បណ្តាក់ទុន​។ នេះ​បើ​យោងតាម​លោក សុខ ចិន្តាសោភា អគ្គលេខាធិការ​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​។

ការលើកឡើង​នេះ​ធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង​លោក សុខ ចិន្តាសោភា ជាមួយ​លោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រ​ខាងកើត​កាលពី​ថ្ងៃទី​ ២៧ ខែមករា ឆ្នាំ​ ២០២២ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​ ២៦-២៩ ខែមករា ឆ្នាំ​ ២០២២​។

ជាកិច្ច​ចាប់ផ្ដើម​លោក ចិន្ដាសោភា បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ ដោយ​លោក​លើកឡើង​ថា នេះ​ជាការ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដើម្បី​ទាញយក​ផលប្រយោជន៍​ទៅវិញទៅមក​ជា​អតិបរមា​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។ បន្ថែម​លើ​នេះ លោក​ក៏បាន​លើក​ពី​ការវិវត្ត​សំខាន់ៗ​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​កាលានុវត្តភាព​វិនិយោគ និង​ខ្លឹមសារ​សំខាន់ៗ​នៃ​ច្បាប់​ស្ដីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ប្រកាស​ឱ្យប្រើ​កាលពី​ថ្ងៃទី ​១៥ ខែតុលា ឆ្នាំ​ ២០២១​។

លោក​លើកឡើង​ទៀតថា កម្ពុជា​ក៏​ត្រូវបាន​គេទទួល​ស្គាល់​ជា​ប្រទេស​ដែល​ទទួលបាន​ជោគជ័យ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ភាពជោគជ័យ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ និង​ការប្រកាន់ខ្ជាប់​នូវ​វិធានការ​សុខាភិបាល​នានា ពិសេស វិធានការ «៣ ​កុំ និង ៣ ​ការពារ​»​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​ទាំងនេះហើយ ទើប​កម្ពុជា​អាច​បើក​ដំណើរការ​ប្រទេស​ពេញលេញ និង​ឈានដល់​ការដាក់ចេញ​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​ ២០២១-២០២៣ ដែល​បានប្រកាស​ដាក់ឱ្យអនុវត្ត​កាលពី​ថ្ងៃទី​ ២២ ខែធ្នូ ឆ្នាំ​ ២០២១ កន្លងទៅ​»​។

ជាការ​ឆ្លើយតប លោកស្រី Adaljiza Albertina Xavier Reis Magno បាន​សម្តែង​ការកោតសរសើរ និង​ចូលរួម​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានទទួល​ជោគជ័យ​ក្នុង​ការគ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូវីដ-១៩ ដើម្បី​បើក​ដំណើរការ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ និង​បាន​វាយតម្លៃ​ខ្ពស់​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​ជាង ៧ ​ភាគរយ​ក្នុងអំឡុង​ជាង ២ ​ទសវត្សរ៍​ចុងក្រោយ មុន​មាន​វត្តមាន​ជំងឺ​រាតត្បាត​សកល​កូវីដ ​១៩​។ ក្នុងន័យនេះ ប្រទេស​ទីម័រ​មានបំណង​ដកស្រង់​បទពិសោធ​របស់​កម្ពុជា​ក្នុងការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​អង្គការ​តំបន់ និង​សកល និង​ជោគជ័យ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ការដាក់ឱ្យ​ដំណើរការ​នូវ​ការចុះបញ្ជី​ធុរកិច្ច​តាម​ថ្នាល​ព័ត៌មានវិទ្យា​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ៣០ ខែមករា ថា ទីម័រ​ខាងកើត គឺជា​ប្រទេស​តូច​មាន​ប្រជាជន​តិច និង​មាន​សេដ្ឋកិច្ច​ពឹង​លើ​ការនាំចេញ​ប្រេង ថ្មម៉ាប និង​ធនធាន​ធម្មជាតិ​មួយចំនួន ដូច្នេះ​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ គឺ​មិនមាន​លក្ខណៈ​ធំធេង​ដូច​ប្រទេស​ចិន អាមេរិក ឥណ្ឌា និង​សហគមន៍​អឺរ៉ុប​នោះទេ​។ លោក​បន្តថា ទោះយ៉ាងណា​ក្នុងន័យ​សេដ្ឋកិច្ច គ្រប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី នឹង​ផ្តល់នូវ​ផល​វិជ្ជមាន​ដល់​ដៃគូ​ទាំង​ ២​។

លោក​បញ្ជាក់ថា​៖ «​គ្រប់​កិច្ចសហប្រតិបត្តិការ​សុទ្ធតែ​ផ្តល់​ផល​វិជ្ជមាន ជាពិសេស​ទីម័រ ក៏​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​ត្រូវតែមាន​កិច្ចសហប្រតិបត្តិការ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ជាមួយ​គ្រប់​ប្រទេស​នៅក្នុង​តំបន់​»​។

លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន ក្នុងជំនួប​ជាមួយនឹង​លោកស្រី Adaljiza Albertina Xavier Reis Magno កាលពី​ថ្ងៃទី​ ២៨ ខែមករា ក៏បាន​ស្នើឱ្យ​ប្រទេស​ទីម័រ​ខាងកើត ពិនិត្យ​លើ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ គឺ​ការចាប់ផ្តើម​លើ​វិស័យសេដ្ឋកិច្ច តាមរយៈ​ការបញ្ជាទិញ​អង្ករ​ពី​កម្ពុជា ហើយ​ករណីនេះ លោក​ក៏បាន​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​របស់​ទីម័រ​ខាងកើត​អាចមក​វិនិយោគ​ទាំង​ខាង​ម៉ាស៊ីនកិនស្រូវ ឃ្លាំង​ស្តុក​ស្រូវ និង​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​នាំ​ចេញទៅ​ប្រទេស​ទីម័រ​ខាងកើត​ផងដែរ​។

បន្ថែម​ពីលើ​នេះ​លោក ក៏បាន​ស្នើឱ្យ​ទីម័រ​ខាងកើត ពិចារណា​លើ​ការ​ផ្ដួចផ្ដើម​ឱ្យមាន​កិច្ចសហប្រតិបត្តិ​ជាពិសេស​ពិនិត្យ​ឱ្យមាន​កិច្ចសន្យា និង​កិច្ចព្រមព្រៀង​គាំពារ​វិនិយោគ​រវាង​ប្រទេស​ទាំង ​២ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) របស់​ប្រទេស​ទាំង​ ២ និង​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា​រវាង​ប្រទេស​ទាំង​ ២​ ផងដែរ​៕ LA