ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន ក្នុង​ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ជាង ១១,១ ​ពាន់​លាន​ដុល្លារ កើនឡើង ៣៧,២៨ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២១ ទំហំ​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​មាន​ប្រមាណ ១,៥១ ​ពាន់​លាន​ដុល្លារ កើនឡើង ៣៩ ​ភាគរយ ខណៈ​ការនាំ​ទំនិញ​ពី​ប្រទេស​ចិន​មក​កម្ពុជា​មាន​ទឹកប្រាក់ ៩,៦៣ ​ពាន់​លាន​ដុល្លារ កើនឡើង ៣៧ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ចំណងមិត្តភាព​ដ៏រឹងមាំ​របស់​កម្ពុជា​ជាមួយនឹង​ប្រទេស​ចិន​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ច្រើន ជាពិសេស​នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ប្រទេស​ចិន​។

លោក​បន្តថា ចំពោះ​ទំហំ​ទឹកប្រាក់​ដែល​កម្ពុជា​នាំចូល​ពី​ចិន​មានតម្លៃ​ប្រមាណ ៩,៦៣ ​ពាន់​លាន​ដុល្លារ ច្រើនជាង​ការនាំចេញ​របស់​កម្ពុជា គឺ​ដោយសារ​តែ​កម្ពុជា​នាំចូល​មក​ភាគច្រើន​ជា​សម្ភារ និង​វត្ថុធាតុដើម​សម្រាប់​បម្រើ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​សម្ភារ​អេឡិចត្រូនិក ព្រម​ទាំង​គ្រឿងអគ្គិសនី​ជាដើម​។ ការនាំចូល​ផលិតផល​ទាំងអស់នេះ ព្រោះតែ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ត្រូវយក​ទំនិញ​ទាំងអស់​នោះមក​ចូលរួម​ក្នុង​ចង្វាក់​ផលិតកម្ម​ផលិត​ដើម្បី​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។

លោក​បញ្ជាក់ថា​៖ «​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹងមាន​កំណើន​បន្ថែម​ទៀត ដោយសារ​តែ​យើង​ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA) ជាមួយគ្នា​ផង គួបផ្សំ​នឹង​ច្បាប់​វិនិយោគ​ថ្មី ដែល​ផ្តល់​ការអនុគ្រោះ​ច្រើន​ផង​។ យើង​រំពឹងថា ទាំង​ការនាំចេញ និង​នាំចូល​នឹង​បន្ត​កើនឡើង​បន្ថែមទៀត​»​។

លោក គី សេរីវឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញ​ថា កំណើន​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​កម្ពុជា ក្នុង​ឆ្នាំ​ ២០២១ ដោយសារតែ​កត្តា​ធំៗ​ចំនួន​ ៣ រួមមាន ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​កម្ពុជា​ និង​ចិន ស្រប​ពេលដែល​កម្ពុជា​ក្លាយជា​ប្រធាន​កិច្ចប្រជុំ​របស់​អាស៊ាន​, ការថយចុះ​នៃ​ការផ្គត់ផ្គង់​របស់​ពិភពលោក​ក្នុង​បរិបទ​កូវីដ​ ១៩, និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ដែល​ត្រូវបាន​ដាក់ឱ្យ​អនុវត្ត​កាលពីដើម​ខែមករា ឆ្នាំ​ ២០២២​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​ការ​ផ្គត់ផ្គង់​របស់​ពិភពលោក​ធ្លាក់ចុះ ព្រោះ​វិបត្តិ​​កូវីដ​ ១៩ ដូច្នេះ​ការនាំចេញ​ផលិតផល​​មួយចំនួន​ពី​កម្ពុជា គឺជា​សក្តានុពល​សម្រាប់​កំណើនសេដ្ឋកិច្ច​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ក៏បាន​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុជា​ទៅ​ប្រទេស​ចិន លែង​សូវ​មាន​បញ្ហា​ស្មុគស្មាញ​ផងដែរ​»​។

ទោះយ៉ាងណា​ក៏ លោក សេរីវឌ្ឍន៍ បាន​អះអាងថា នៅមាន​កត្តា​រារាំង​ខ្លះ​ចំពោះ​ការនាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ចិន ដោយសារតែ​កំពង់ផែ​ទឹកជ្រៅ​របស់​កម្ពុជា​មិនទាន់​បានបញ្ចប់ និង​ដាក់ឱ្យ​ប្រើប្រាស់​ពេញលេញ​នៅឡើយ ដូចនេះ​កម្ពុជា​នៅតែ​ពឹង​ផ្អែកលើ​កំពង់ផែ​របស់​ប្រទេស​វៀតណាម និង​ថៃ​ដដែល ដែល​អាច​នឹងមាន​បញ្ហា​កើតឡើង បើ​កំពង់ផែ​ប្រទេស​ទាំង ២ ផ្អាក ឬ​បិទ​ដោយ​ប្រការ​ណាមួយ​។

បែបនេះ​ក្តី​អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ​រំពឹងថា នៅពេលដែល​កំពង់ផែ​ទឹកជ្រៅ​របស់​កម្ពុជា​ (​ក្នុង​ខេត្ត​ព្រះសីហនុ​) សាងសង់​រួចរាល់ ការធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​លើ​ពិភពលោក​នឹងមាន​កំណើន​ដូចៗ​គ្នា​ជាមិនខាន​៕ LA