ភ្នំពេញៈ អគ្គិសនី​កម្ពុជា និង​រដ្ឋបាល​ខេត្តបាត់ដំបង​កំពុង​ជំរុញ​ឱ្យ​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​បង្កើនល្បឿន​នៃ​ការសិក្សា​ទៅលើ​ផែនការរៀបចំ​បណ្តាញ​ខ្សែ​បញ្ជូន​​អគ្គិសនី​តង់ស្យុង​ខ្ពស់​កម្លាំង ៥០០ ​គីឡូវ៉ុល​ពី​ប្រទេស​ថៃ​ចូលមក​អនុ​ស្ថានីយ​អគ្គិសនី​បាត់ដំបង​ឱ្យបាន​ឆាប់​ដើម្បី​បង្កើន​សមត្ថភាព​នៃ​ការផ្គត់ផ្គង់ និង​ទាក់ទាញ​ការវិនិយោគ​។

នាយក​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង លោក មូល ធន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ៣០ ខែមករា​ថា អាជ្ញាធរខេត្ត​កំពុង​ខិតខំ​ជំរុញ​កិច្ចការ​នេះ​ឱ្យ​ឆាប់​ចេញ​ជា​ផ្លែផ្កា ព្រោះ​នៅពេល​មាន​អគ្គិសនី​គ្រប់គ្រាន់ វា​នឹងមិន​ត្រឹម​ធ្វើឱ្យ​ការចែកចាយ​ទៅដល់​ទីជនបទ​ឆ្ងាយៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ឱ្យ​ខេត្ត​កាន់​តែមាន​សក្តានុពល​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នក​វិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​ក្នុង​ខេត្ត​បាន​កាន់តែច្រើន​។

លោក​ប្រាប់ថា​៖ «​នៅពេល​មាន​ថាមពល និង​ការចែកចាយ​អគ្គិសនី​កាន់តែច្រើន ឱកាស​ក្នុង​ការទាក់ទាញ​អ្នកវិនិយោគ និង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ក៏មាន​កាន់តែខ្លាំង​ផងដែរ​»​។

បើតាម​លោក មូល ធន ខ្សែបញ្ជូន​អគ្គិសនី​តង់ស្យុង ៥០០ ​គីឡូវ៉ុល​ដែល​ភ្ជាប់​ពី​ប្រទេស​ថៃ​ត្រង់​ខេត្ត​ស្រះកែវ មក​ខេត្ត​បាត់ដំបង​របស់​កម្ពុជា អាច​នឹង​ឆ្លងកាត់​ភូមិសាស្ត្រ​ស្រុក​សំពៅលូន ស្រុក​បវេល ស្រុក​ថ្មគោល ក្រុង​បាត់ដំបង និង​ស្រុក​សង្កែ​។

ទោះបី​យ៉ាងណា លោក មូល ធន បញ្ជាក់ថា​៖ «​យើង​មិនអាច​កំណត់​ពេលណា​នឹង​អាច​ចាប់ផ្តើម​សង់​គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ៥០០ ​គីឡូ​វ៉ុល​នេះ​នៅឡើយ​ទេ ដោយ​យើង​ត្រូវ​សិក្សា និង​ដោះស្រាយ​ផលប៉ះពាល់​ឱ្យ​រួចរាល់​សិន​»​។

ក្នុង​កិច្ចប្រជុំ​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង ព្រមទាំង​មន្ទីរស្ថាប័ន​ពាក់ព័ន្ធ​នៅ​ជុំវិញ​ខេត្ត​បាត់ដំបង​កាលពី​សប្តាហ៍​មុន​អគ្គនាយករង​នៃ​អគ្គិសនី​កម្ពុជា លោក ប្រាំង ជលសា បាន​លើកឡើង​ថា ដោយ​មានការ​សម្របសម្រួល​ពី​រដ្ឋបាលខេត្ត កន្លងមក​ក្រុមការងារ​របស់​អគ្គិសនី​កម្ពុជា​បាន​ចុះ​ធ្វើការ​អង្កេត​តាម​គន្លង​ខ្សែ​បញ្ជូន និង​ប្រមូល​ទិន្នន័យ​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ជាមួយនឹង​គម្រោង​ខ្សែ​បញ្ជូន​នេះ​បាន​មួយចំនួន​រួចហើយ​។ លោក​បន្តថា ទោះជា​យ៉ាងណា​ដោយសារ​នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ត្រូវ​ដោះស្រាយ និង​សម្របសម្រួល ដូច្នេះ​លោក​ស្នើ​អាជ្ញាធរខេត្ត​ឱ្យ​បង្កើត​អនុគណៈកម្មការ​ឱ្យជួយ​សម្របសម្រួល និង​ដោះស្រាយ​ផលប៉ះពាល់​ដីធ្លី​សំណង់ផ្ទះ​សំបែង និង​ដើមឈើ ជាដើម​។

លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​បាន​សន្យា​នឹង​ខិតខំ​សហការ​ជួយ​សម្របសម្រួល ព្រមទាំង​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​ឱ្យ​ល្អ​ជាមួយ​អគ្គិសនី​-​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ដំណើរ​ការដោះស្រាយ​ផលប៉ះពាល់​ឆាប់​បានបញ្ចប់ និង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ដំណើរការ​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ៥០០ គីឡូវ៉ុល​នេះ​។

តាម​គម្រោង​ខ្សែ​បញ្ជូន​នេះ​នឹងមាន​ប្រវែង​សរុប​ ១០៧ ​គីឡូម៉ែត្រ​ស្មើនឹង ២៥៧ ​បង្គោល​។

របាយការណ៍​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ (EAC)​ បានឱ្យដឹងថា គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២០ កម្ពុជា​អាច​ផលិត​ថាមពល​បាន​ ២ ៩១៦,០២ ​មេហ្គា​វ៉ាត់​កើន ២២,៩២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន ២ ៣៧២,២២ ​មេហ្គាវ៉ាត់​៕ LA