ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​យ៉ាងតិច​ចំនួន ២ គ្រោង​នឹង​ចាប់ផ្តើម​ពង្រីក​ប្រតិបត្តិការ​ហោះហើរ​មក​ប្រទេស​កម្ពុជា​ក្នុង​ខែកុម្ភៈ​នេះ បន្ទាប់ពី​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់​។ នេះ​បើ​យោងតាម​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​។

ក្រុមហ៊ុន​អាកាសចរណ៍​ដែល​គ្រោង​នឹង​ពង្រីក​ចំនួន​ជើងហោះហើរ និង​ចាប់ផ្តើម​ជើងហោះហើរ​មក​កម្ពុជា​នៅ​ដើមខែ​កុម្ភៈ រួមមាន ក្រុមហ៊ុន Bangkok Airways និង Thai VietJet​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣១ ខែមករា​ថា បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ទទួលភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ ​១៩ ចាប់ពី​ពាក់កណ្តាល​ខែវិច្ឆិកា​មក គេ​ឃើញ​មាន​ចំនួន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក និង​អន្តរជាតិ​កាន់តែច្រើន​បាន​បើក​ការហោះហើរ​មក​កម្ពុជា​។ លោកស្រី​ថា ការតភ្ជាប់​ជើងហោះហើរ​ក្នុងស្រុក និង​អន្តរជាតិ​ឡើងវិញ​នេះ​កំពុងផ្តល់​ភាព​វិជ្ជមាន​ជាច្រើន​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា រាប់ទាំង​អ្នក​ធ្វើការ​ដោយផ្ទាល់ និង​ប្រយោល​។

លោកស្រី​ថ្លែងថា​៖ «​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​បានស្នើ​សុំ​ខាង​អាកាសចរ​ស៊ីវិល​បើក​ជើងហោះហើរ​ឡើងវិញ ទាំង​ក្រុមហ៊ុន​ធ្លាប់​ហោះហើរ និង​ក្រុមហ៊ុន​ដែល​មិន​ធ្លាប់​ហោះហើរ​មក​កម្ពុជា ក៏​សុំ​បើក​ការហោះហើរ​ថ្មី​ផងដែរ​។ ចាប់ពី​ខែកុម្ភៈ​ទៅ​យើង​នឹង​ឃើញ​មានការ​ហោះហើរ​ថ្មីៗ​បន្ថែម​»​។

ចំណែក​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​លើកឡើងថា ការតភ្ជាប់​ជើងហោះហើរ​អន្តរជាតិ​ឡើងវិញ គឺ​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ទំនុកចិត្ត​របស់​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​ក្នុងការ​ធ្វើដំណើរ​មក​កម្ពុជា ដែល​សកម្មភាព​ទាំងនេះ​នឹង​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​កម្ពុជា បើទោះជា​មិនទាន់​ល្អប្រសើរ​សម្រាប់​វិស័យ​ទេសចរណ៍ តែ​យ៉ាងហោចណាស់​ក៏​អាច​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​។

ទោះយ៉ាងណា​លោក ស៊ីណាន ប្រាប់ថា ពេលនេះ​លោក​មិនទាន់​រំពឹង​ខ្លាំង​លើ​ភាព​វិជ្ជមាន​នៃ​វិស័យ​ទេសចរណ៍​នៅឡើយ​ទេ បើទោះបី​មានការ​បើក​ហោះហើរ​ឡើងវិញ​ច្រើន​ក៏ដោយ​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​វិបត្តិ​កូវីដ​ ១៩ នៅ​មិនទាន់​ផុតរលត់ ដូច្នេះ​ខ្ញុំ​យល់ថា មាន​ទេសចរ​ជាច្រើន​មិនទាន់​ហ៊ាន​ប្រថុយ​ចេញ​ដើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​ឡើយ ព្រោះ​ការបិទ​ទីក្រុង ឬ​តំបន់​នានា​ក្នុង​ពិភពលោក គឺអាច​កើតឡើង​គ្រប់ពេល​។ ការបើក​ការហោះហើរ​នៅពេលនេះ​គឺមាន​ភាព​ល្អប្រសើរ​សម្រាប់​ការវិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​ជាង​»​។

លោក ស៊ិន ចាន់​សេរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ប្រាប់ថា កាលវិភាគ​ហោះហើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា បង្ហាញថា គិត​ត្រឹម​ចុងខែ​មករា​ឆ្នាំ​ ២០២២ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក និង​ក្រៅ​ស្រុក​ប្រមាណ ១០ កំពុង​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​នៅ​កម្ពុជា ដោយមាន​ក្រុមហ៊ុន​ខ្លះ​ហោះហើរ​ចន្លោះ​ពី ៣-៤ ​ដង​ក្នុង​ ១​ សប្តាហ៍​។

លោក​បន្ថែមថា ការហោះហើរ​ឡើងវិញ គឺជា​សញ្ញាណ​ល្អ​សម្រាប់​វិស័យ​អាកាសចរណ៍​កម្ពុជា​ដែល​នឹង​ធ្វើឱ្យ​ការហោះហើរ​មមាញឹក​ជា​បណ្តើរៗ​ហើយ​អាច​នឹង​ឈានទៅ​ភាពប្រក្រតី​វិញ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។

លោក​ថ្លែងថា​៖ «​កម្ពុជា​ជា​ប្រទេស​ដែលមាន​ភាព​ទាក់ទាញ និង​បាន​គ្រប់គ្រង​វិបត្តិ​កូវីដ​ ១៩ បានល្អ​។ កត្តា​នេះ​នឹង​ធ្វើឱ្យ​ទេសចរណ៍​ពី​ក្រៅប្រទេស​ចាប់ផ្តើម​មាន​ឡើងវិញ​ជា​បណ្តើរៗ​»​។

ទោះយ៉ាងណា លោក ចាន់សេរីវុត្ថា និយាយថា បច្ចុប្បន្ន​ទេសចរ​មក​ពី​ក្រៅប្រទេស​នៅ​មាន​កម្រិត​នៅឡើយ​។ នៅ​ខែកុម្ភៈ​នេះ មាន​ការស្នើសុំ​បើក​ជើងហោះហើរ​ច្រើន​ដែរ​ ប៉ុន្តែ​ការហោះហើរ​នោះ​ក៏​អាស្រ័យ​លើ​អ្នកដំណើរ​ដែរ បើ​មិនមាន​អ្នកដំណើរ​ទេ គេ​ក៏​នឹង​អាច​លុប​ជើងហោះហើរ​វិញ​ដែរ​។

កាលវិភាគ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​បាន​បង្ហាញថា AirAsia ដែលជា​ក្រុមហ៊ុន​មាន​ប្រតិបត្តិការ​ហោះហើរ​ច្រើន និង​មានតម្លៃ​សមរម្យ​ក្នុង​តំបន់​អាស៊ី​បាន​បើក​ដំណើរការ​ជើងហោះហើរ​របស់ខ្លួន​ឡើងវិញ​ពី​ទីក្រុង​គូឡាឡាំពួ មកកាន់​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន បន្ទាប់ពី​ផ្អាក​អស់​រយៈពេល​ជាង ១៧ ​ខែ​។ ក្រៅពីនេះ​ក៏មាន​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួនទៀត​កំពុងមាន​ប្រតិបត្តិការ​ដែរ ដូចជា Vietnam Airlines, Bangkok Airways, Lanmei Airlines, Thai Air Asia, Thai smile, Cambodia airways, Cambodia Angkor Air, China Southern Airlines និង Singapore Airlines ជាដើម​៕ LA

វីដេអូ៖