កំពង់ស្ពឺៈ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ជំរុញ​ឱ្យ​កសិករ និង​អ្នកវិនិយោគ​ត្រូវ​ខំ​បង្កើន​ការដាំដុះ​ស្វាយ​ខុសរដូវ​តាមបែប​បច្ចេកទេស និង​ទំនើបកម្ម​កសិកម្ម​ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​ឈានទៅ​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប បន្ទាប់ពី​ទីផ្សារ​ប្រទេស​ចិន​។

អំឡុងពេល​ចុះ​ទស្សនកិច្ច​នៅ​ចម្ការ​ស្វាយ រីចហ្វាម ជម្ពូព្រឹក្ស នៅក្នុង​ខេត្តកំពង់ស្ពឺ ជាមួយ​នឹង​ក្រុមហ៊ុន Rich Farm Asia និង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ៣១ ខែមករា លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​លើកឡើង​ថា ថ្វី​ដ្បិត​ប្រទេស​ចិន​ជា​ទីផ្សារ​ដ៏ធំ​សម្រាប់​ការនាំចេញ​ស្វាយ​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​នៅតែមាន​បញ្ហា​ច្រើន ដូចនេះ​ក្រសួងកសិកម្ម​រំពឹងថា ដំណាំ​ស្វាយ​នឹង​អាច​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប ក៏ដូចជា​ប្រទេស​អាល្លឺម៉ង់​នាពេល​ឆាប់ៗ​នេះ​ផងដែរ​។

លោក​បាន​បន្ថែមថា ប្រទេស​កម្ពុជា​កំពុង​ឈានដល់​ដំណាក់កាល​មួយ​ដែល​ត្រូវតែ​បង្កើន​គុណភាព​ផលិតផល​កសិកម្ម ដើម្បី​នាំចេញ និង​បង្កើន​ប្រាក់ចំណូល​របស់​កសិករ​។

លោក​បន្ថែមថា ដើម្បី​នាំចេញ​បាន អ្នក​ដាំដុះ​ត្រូវតែ​បង្កើន​គុណភាព​តាម​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ​ដែល​គេ​តម្រូវ​ដោយ​ក្នុងនោះ​សម្រាប់​ដំណាំ​ស្វាយ នឹងមិន​នាំចេញ​ជា​ទៀងទាត់​បានទេ បើ​ត្រូវ​រង់ចាំតែ​ស្វាយ​តាម​រដូវ​។ ហេតុដូចនេះ​ត្រូវតែ​មាន​ការដាំដុះ​ស្វាយ​ខុសរដូវ​ផងដែរ ដោយ​ត្រូវអនុវត្ត​ទៅតាម​បច្ចេកទេស​ទំនើប និង​អនុវត្ត​គោលការណ៍​កសិកម្ម​ល្អ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដើម្បី​អាច​ដាំដុះ​ស្វាយ​ខុសរដូវ​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដា ហើយ​អាច​នាំចេញ​បាន គឺ​ទាមទារ​ឱ្យមាន​ការប្រើប្រាស់​បច្ចេកទេស​ខ្ពស់ ជាពិសេស​ការរៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ទឹក​ឱ្យបាន​ត្រឹមត្រូវ​បើ​មិន​ដូច្នោះ​ទេ នឹងមិន​ទទួលបាន​ផល​»​។

អគ្គនាយក​ក្រុមហ៊ុន Rich Farm Asia លោក ហ៊ុន ឡាក់ បាន​ឱ្យដឹងថា ក្រុមហ៊ុន​របស់លោក​បាន​សហការ​ជាមួយនឹង​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដល់​តំណាង​សហគមន៍​កសិកម្ម​ចម្ការ​ស្វាយ​មកពី​ខេត្ត​ចំនួន​ ៥ ពី​បច្ចេកទេស​នៃ​ការដាំដុះ​ស្វាយ​ខុសរដូវ​ការធ្វើ​ទំនើបកម្ម​កសិកម្ម​លើ​ដំណាំ​ស្វាយ ដែល​ប្រកប​ដោយ​គុណភាព និង​បរិមាណ​។

លោក​បន្តថា ចម្ការ​ស្វាយ រីចហ្វាម ជម្ពូព្រឹក្ស នៅ​ខេត្ត​កំពង់ស្ពឺ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ចម្ការ​ស្វាយ​គំរូ​មួយ​នៅ​កម្ពុជា ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​ដូចជា ការបំពាក់​ប្រព័ន្ធ​ស្រោចស្រព​ទំនើប​ក្នុង​ចម្ការ ការប្រើ​ប្រាស់​ថាមពល​សូឡា​ដើម្បី​បូមទឹក​ដើម្បី​បង្កើន​ទិន្នផល ផលិតភាព អាចបំពេញ​តម្រូវការ​ទីផ្សារ​តាមរយៈ​ការគោរព​តាម​បទដ្ឋាន​ស្តង់ដា​។

លោក​បញ្ជាក់ថា​៖ «​យើង​ចង់​ផ្សព្វផ្សាយ​ដល់​កសិករ​ឱ្យ​គាត់​មាន​ការយល់ដឹង​ពី​បច្ចេកទេស​ដាំដុះ​ដំណាំ​ស្វាយ បើសិន​យើង​ដាំដុះ​មាន​ស្តង់ដា​ខ្ពស់ នោះ​យើង​អាច​នាំចេញ​ស្វាយ​ទៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ក្រៅពី​ចិន ដូចជា​សហគមន៍​អឺរ៉ុប អាមេរិក និង​អាល្លឺម៉ង់​ជាដើម​»​។

បើតាម​អ្នកជំនាញ​ដំណាំ​ស្វាយ​នៃ​ក្រុមហ៊ុន Rich Farm Asia ការដាំដុះ​ស្វាយ​ខុសរដូវ​មាន​ការលំបាក​ច្រើន ដោយ​ត្រូវ​ចំណាយ​ដើមទុន​ច្រើន និង​ប្រើប្រាស់​បច្ចេកទេស​ខ្លាំង​ជាង​ស្វាយ​តាម​រដូវ​ពិសេស​ការដាំដុះ​ស្វាយ​ខុសរដូវ នៅ​រដូវវស្សា​ជួប​បញ្ហា​ច្រើន​៕ LA

វីដេអូ៖