ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បាន​យល់ព្រម​អនុម័ត​គម្រោង​វិនិយោគ​ចម្រុះ​ចំនួន ២៥ ដែល​ស្មើនឹង​ទុនវិនិយោគ​ចំនួន ២ ២៨៥,៨៨ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ២៣ ១៧៥ ​កន្លែង​នៅក្នុង​រយៈពេល ១ ​ខែ​ដំបូង​ឆ្នាំ​ ២០២២ ខណៈ​ក្នុង​ខែមករា ឆ្នាំ ២០២១ គម្រោង​វិនិយោគ​ដែល CDC អនុម័ត​មាន​ចំនួន ១១ ស្មើនឹង​ទុនវិនិយោគ ៤៣,៨ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៧ ៨៥៤ ​កន្លែង​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម CDC​។

តាម​ការគណនា​របស់​ភ្នំពេញ​-​ប៉ុស្តិ៍​ដោយ​ផ្អែកលើ​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់ CDC បង្ហាញថា គម្រោង​វិនិយោគ​ដែល​ត្រូវ​បានអនុម័ត​នា​ដើមឆ្នាំ​ ២០២២ នេះ គឺមាន​លក្ខណៈ​ចម្រុះ មាន​ដូចជា រោងចក្រ​កាត់ដេរ កាបូប​/​វ៉ាលិស សណ្ឋាគារ​/​កន្លែង​កម្សាន្ត កសិកម្ម អគ្គិសនី មន្ទីរពេទ្យ កំពង់ផែ សម្បក​កង់ វេចខ្ចប់ សម្ភារ​សត្វ​/​ចំណី​សត្វ​, និង​ក្តារបន្ទះ ជាដើម​។

បើ​យោងតាម CDC គម្រោង​វិនិយោគ​ធំៗ​ដែល​បានអនុម័ត​ក្នុង​ខែមករា​មានដូចជា គម្រោង​អភិវឌ្ឍន៍​មណ្ឌល​ភ័ស្តុភារកម្ម និង​កំពង់ផែ​ពហុបំណង​របស់​ក្រុមហ៊ុន Kampot Logi-stics And Port Company Limited ស្ថិតនៅ​ក្រុង​បូកគោ ខេត្តកំពត​មាន​ទុនវិនិយោគ ១៣០០​ លាន​ដុល្លារ អាចបង្កើត​ការងារ​បាន ៥៩០​ កន្លែង និង​គម្រោង​វិនិយោគ​វារីអគ្គិសនី​ស្ទឹងតាតៃលើ អានុភាព ១៥០MW របស់​ក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd នៅ​ស្រុក​ថ្មបាំង និង​ស្រុក​កោះកុង ខេត្តកោះកុង មាន​ទុនវិនិយោគ ៣៨៩ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១ ៥៨០ ​កន្លែង​។

ចំណែក​គម្រោង ៣ ទៀត​រួមមាន គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ ២៩៧ ​លាន​ដុល្លារ បង្កើត​ការងារ​បាន ១ ៦០០ ​កន្លែង​, គម្រោង​វិនិយោគ​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ​ ៥ ចំនួន ​៥២៨​ បន្ទប់​របស់ K.B.X Investment Co.,Ltd នៅ​មហាវិថី​ព្រះមុនីវង្ស ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ​មាន​ទុនវិនិយោគ​ ១២៩​ លាន​ដុល្លារ អាចបង្កើត​ការងារ​បាន ៧៣៧ ​កន្លែង និង​គម្រោង​វិនិយោគ​កសិកម្ម​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​របស់​ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​មាន​ទុនវិនិយោគ ៥១ ​លាន​ដុល្លារ អាចបង្កើត​ការងារ​ ១ ៨៦៧ ​កន្លែង​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា ​(​រាជបណ្ឌិត្យសភា​កម្ពុជា​) លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១ ខែកុម្ភៈ​ថា នេះ​គឺជា​វឌ្ឍនភាព​មួយ​នៃ​ការចាប់ផ្តើម​សម្រាប់​ឆ្នាំ​ ២០២២ ហើយក៏​ជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា ដែល​អាច​ស្រូប​បាន​ចំនួន​គម្រោង​វិនិយោគ និង​ទឹកប្រាក់​វិនិយោគ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ពី​ការបណ្តាក់ទុន​វិនិយោគ បន្ទាប់ពី​រដ្ឋាភិបាល​អាច​គ្រប់គ្រង​ស្ថានភាព​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ប្រកប​ដោយ​ប្រសិទ្ធភាព និង​ជោគជ័យ​។ លោក​បន្តថា កំណើន​ការបណ្តាក់ទុន​នេះ​ក៏​ទទួលបាន​ឥទ្ធិពល​ពី​ចំណុច​មួយចំនួន​ដូចជា កត្តានយោបាយ ភាពរឹងមាំ​នៃ​ម៉ាក្រូសេដ្ឋកិច្ច ភាពសម្បូរបែប​នៃ​កម្លាំង​ពលកម្ម​ជំនាញ​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន​ដឹកជញ្ជូន​ល្អ និង​ការធ្វើ​បច្ចុប្បន្ន​ភាពជា​បន្តបន្ទាប់​នៃ​ច្បាប់ និង​នីតិវិធី​សម្រាប់​ជួយ​សម្រួល​ដល់​ការវិនិយោគ ជាដើម​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ចំណុច​ពិសេស​ដែល​ប្រទេស​កម្ពុជា​ទទួលបាន​ក្នុងដំណាក់កាល​ដ៏លំបាក​នេះ ហើយក៏​ប្រហែលជា​មិនមាន​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​ច្រើន​នោះទេ ដែល​អាច​ទទួលបាន​ចំនួន​គម្រោង​វិនិយោគ និង​ទឹកប្រាក់​វិនិយោគ​ច្រើន​ក្នុងអំឡុង​នេះ​។ ចំនួន​ដ៏ច្រើន​នៃ​ការ​មក​បណ្តាក់ទុន​នឹង​ក្លាយជា​កម្លាំងចលករ​ដ៏ខ្លាំង​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩»​។

លោក​បន្ថែមទៀតថា អ្វីដែល​ជាការ​កត់សម្គាល់​នាពេលនេះ គឺ​គម្រោង​ដែល CDC អនុម័ត​គឺ​កាន់​តែមាន​លក្ខណៈ​ចម្រុះ​ និង​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ ដោយ​ខុសពី​ជាង ១ ​ទសវត្សរ៍​មុន ដែល​ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ​ (​ផលិត​សម្រាប់​ឆ្លើយតប​ចំពោះ​ទីផ្សារ​ប្រទេស​ដែល​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចេញ​ដូចជា EBA និង GSP​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​វិនិយោគ​ដែលមាន​លក្ខណៈ​ចម្រុះ​បែបនេះ​នឹងមិន​ត្រឹមតែ​ជួយ​ធ្វើឱ្យ​ខឿនសេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រឹងមាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​ទំនិញ​កម្ពុជា​នាំចេញ​កាន់តែ​ត្រូវបានធ្វើ​ពិពិធកម្ម​ផងដែរ​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​និយាយថា ការចូល​ជាធរមាន​នៃ​ច្បាប់​វិនិយោគ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​នាពេល​កន្លងមក និង​ពេលខាងមុខ​ឆាប់ៗ​កំពុង​ធ្វើឱ្យ​វិនិយោគិន​ជាច្រើន​ចាប់អារម្មណ៍​ក្នុងការ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។ កំណើន​នេះ​នឹង​កាន់​តែមាន​ច្រើន​ថែមទៀត​នៅពេលដែល​ពិភពលោក​អាច​គ្រប់គ្រង​ជំងឺ​កូវីដ ​១៩ បាន​ទាំងស្រុង​។ បន្ថែម​ពីលើ​នេះ គម្រោង​សាងសង់​កំពង់ផែ តំបន់​សេដ្ឋកិច្ច​ពិសេស និង​ផ្លូវ​ដឹកជញ្ជូន​ជា​បន្តបន្ទាប់ ក៏​ជា​ចំណុច​មួយ​ធ្វើឱ្យ​កម្ពុជា​អាច​ទទួល​បាន​ការបណ្តាក់ទុន​កាន់តែច្រើន​។

លោក​បន្ថែមថា​៖ «​ទីផ្សារ​នាំចេញ​ដែល​បាន​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ច្បាប់ពាណិជ្ជកម្ម​ថ្មីៗ​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​វិនិយោគ​កាន់តែច្រើន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​»៕ LA