ត្បូងឃ្មុំៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នឹងសិក្សា​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ទីផ្សារ​ចិន​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​ផ្លែ​ទុរេន​របស់​កម្ពុជា​អាច​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​បាន​នាពេល​ឆាប់ៗ​ខាងមុខនេះ​។

ក្នុងពេល​ចុះទៅពិនិត្យ​ដំណាំ​ទុរេន​នៅ​ភូមិ​ក្រសាំង ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី ​២៩ ខែមករា លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម​សិក្សា​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ទីផ្សារ​ចិន ដោយ​ត្រូវធ្វើ​ទំនាក់ទំនង​ជាមួយ​អគ្គរដ្ឋបាល​គយ​ចិន​ក្នុងការ​សិក្សា​ពី​បែបបទ ឯកសារ​តម្រូវ​ទាំង​បច្ចេកទេស និង​ច្បាប់​។

លោក​រដ្ឋមន្ត្រី​លើកឡើង​ថា​៖ «​យើង​គួរ​សហការ​ជាមួយ​ក្រុមហ៊ុន​នាំចេញ​ស្វាយ ឬ​ចេកអំបូង​លឿង ដើម្បី​ស្វែងយល់​បន្ថែម​អំពី​លទ្ធភាព​នាំចេញ​ផ្លែ​ទុរេន​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន​នាពេល​អនាគត​ដ៏ខ្លី​។ មួយវិញទៀត អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវធ្វើ​បច្ចុប្បន្នភាព​ផ្ទៃដី​ដាំដុះ​ទុរេន និង​ទិន្នផល​នៅ​ទូទាំង​ប្រទេស ព្រម​ជាមួយ​គ្នានេះ​ក៏ត្រូវ​យកចិត្ត​ទុកដាក់​សិក្សា​ស្រាវជ្រាវ​អំពី​បច្ចេកទេស​ដាំដុះ ជំងឺ សត្វល្អិត និង​បច្ចេកទេស​កែច្នៃ ទុកដាក់​សមស្រប​តាម​ស្តង់ដា CamGAP ជាពិសេស​ស្តង់ដា​ទីផ្សារ​នាំចេញ​»​។

លោក​បន្ថែមថា ទុរេន​ជា​ដំណាំ​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ ដែល​ទាមទារ​បច្ចេកទេស​ដាំ តាក់តែង​មែក ការកំណត់​ចំនួន​ផ្លែ​ក្នុង​ដើម​នីមួយៗ​តាម​អាយុកាល ការផ្តល់​ជី ទឹក និង​ការមើល​ថែរក្សា ការពារ​ជំងឺ និង​សត្វល្អិត​ចង្រៃ ដោយ​ត្រូវ​យកចិត្ត​ទុកដាក់​ប្រាកដប្រជា​ទើប​ទទួលបាន​ទិន្នផល​ខ្ពស់​។

លោក សុខ ឡេង ម្ចាស់​ចម្ការ​ទុរេន សុខ ឡេងផាន់នី នៅ​ភូមិ​ក្រសាំង ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១ ខែកុម្ភៈ​ថា បច្ចុប្បន្ន​ផ្ទៃដី​ប្រមូល​ផល​នៅ​ចម្ការ​របស់លោក​មាន​ចំនួន ១៣ ​ហិកតា ដោយ​កាលពី​ឆ្នាំ​ ២០២១ ទទួលបាន​ទិន្នផល ១០០ ​តោន​នឹង​រំពឹង​កើនឡើង​ថែមទៀត​ក្នុង​ឆ្នាំ​ ២០២២ នេះ​។

លោក​បន្តថា ដំណាំ​ទុរេន​មាន​ទីផ្សារ​ល្អ​ដោយ​អាច​លក់បាន​ក្នុងតម្លៃ ២០ ០០០ ​រៀល​ក្នុង​ ១​ គីឡូក្រាម​។ លោក​បន្ថែមថា ជា​រឿង​ដ៏ប្រសើរ​បំផុត​បើសិន​ទុរេន​កម្ពុជា អាច​មាន​វត្តមាន​នៅលើ​ឆាក​អន្តរជាតិ ពិសេស​ទីផ្សារ​ចិន​។

លោក​ប្រាប់ថា​៖ «​ក្រោយពី​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ចុះមក​ពិនិត្យ​នៅ​ចម្ការ​ទុរេន​របស់ខ្ញុំ​រួចហើយ ខាង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​បានមក​ពិភាក្សា​ពី​ការរៀបចំ​បង្កើត​ចងក្រង​បណ្តុំ​ផលិត ឬ​សហគមន៍​ទុរេន​ប្រចាំ​នៅ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​ពី​ផ្ទៃដី​ដាំដុះ ផ្ទៃដី​ប្រមូល​ផល និង​បរិមាណ​ផល​ដែលមាន​លទ្ធភាព​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​»​។

ទោះបីយ៉ាងណា លោក​អះអាងថា របរ​ដាំដុះ​ទុរេន គឺ​ត្រូវការ​ដើមទុន​ច្រើន និង​ពិបាក​ថែទាំ ដែល​ទាមទារ​ឱ្យ​កសិករ​មានចិត្ត​អំណត់ និង​បច្ចេកទេស​ច្បាស់លាស់​ទើបបាន​ផល​។

ម្ចាស់​ចម្ការ​ទុរេន​ ១ ​កន្លែង​នៅ​ខេត្តកំពត​លោក ចាន់ ស៊ីថា បាន​និយាយថា លោក និង​កសិករ​ដទៃទៀត​ក្នុង​ខេត្តកំពត​រីករាយ​នឹង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ក្នុងការ​សិក្សា​ពី​លទ្ធភាព ក៏ដូចជា​បច្ចេកទេស​នៃ​ការដាំដុះ​ទុរេន​ឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដា​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន​។

លោក ស៊ីថា បញ្ជាក់ថា​៖ «​កន្លងទៅ ការដាំ​ទុរេន​តែង​ធ្វើឡើង​តាម​បច្ចេកទេស​របស់​កសិករ​រៀងៗ​ខ្លួន ដូចនេះ​បើ​មាន​អ្នកជំនាញ​ពី​ក្រសួង​ពាក់ព័ន្ធ​ចុះមក​បណ្តុះបណ្តាល​ឱ្យមាន​ការដាំដុះ​តាម​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ​នោះ ជា​ការល្អ ដើម្បី​ជំរុញ​ឱ្យ​ទុរេន​កម្ពុជា​អាច​នាំចេញ​បាន​»​។

តាម​របាយការណ៍​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​នៅ​ទូទាំង​ខេត្ត​នេះ មាន​ផ្ទៃដី​ដាំដុះ​ទុរេន​សរុប ៦១០​ ហិកតា (​ស្រុក​មេមត់ ពញាក្រែក តំបែរ និង​ស្រុក​អូររាំងឪ​) ដោយ​ក្នុងនោះ​ផ្ទៃដី​ប្រមូល​ផល​មាន​ ៣០០​ ហិកតា​ទទួលបាន​ទិន្នផល ៤ ៥៤៨ ​តោន​៕ LA