ភ្នំពេញៈ ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​ទេសចរណ៍​ក្នុងអំឡុងពេល​ ២​ ឆ្នាំ​ចុង​ក្រោយនេះ ជាក់ស្តែង​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើដំណើរ​មក​កម្ពុជា​កាលពី​ឆ្នាំ​ ២០២១ កន្លងមក​បាន​ធ្លាក់ចុះ​ប្រមាណ ៨៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ ទោះយ៉ាងណា​មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​អះអាងថា ឆ្នាំ​ ២០២២ គឺជា​ឆ្នាំ​នៃ​ការស្ទុះ​ងើបឡើង​វិញ​នៃ​ឧស្សាហកម្ម​នេះ ខណៈ​កម្ពុជា​បានប្រកាស​ជា​កន្លែង​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​។

យោងតាម​ទិន្នន័យ​ចុងក្រោយ​របស់​ក្រសួង​ទេសចរណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ១ ខែកុម្ភៈ កម្ពុជា​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស ១៩៦ ៤៩៥​នាក់​កាលពី​ឆ្នាំ​២០២១ ធ្លាក់ចុះ ៨៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ១,៣ ​លាន​នាក់​។ នេះ​គឺជា​ការធ្លាក់ចុះ​ខ្លាំង​បំផុត​នៅក្នុង​កំណត់ត្រា​បើ​ធៀប​នឹង​ភ្ញៀវទេសចរ​ចំនួន ៦,៦ លាន​នាក់​កាលពី​ឆ្នាំ ​២០១៩​។

ទិន្នន័យ​បានបង្ហាញ​ថា ភ្ញៀវទេសចរ​ថៃ​ឈរលើ​លំដាប់​កំពូល​ជាមួយ​នឹង​ចំនួន ៨១ ៨៤៤ ​នាក់ ធ្លាក់ចុះ ៦១,២ ​ភាគរយ បន្ទាប់មក​ជនជាតិ​ចិន ៤៥ ៧៧៥ ​នាក់ ធ្លាក់ចុះ ៨៦,១ ​ភាគរយ​, វៀតណាម ២២ ១២០ ​នាក់ ធ្លាក់ចុះ ៨៧,៩ ​ភាគរយ​, ឥណ្ឌូនេស៊ី ៨ ៤១០ ​នាក់​ធ្លាក់ចុះ ៤២,៣ ​ភាគរយ​, អាមេរិក ៦ ៥៣៥ នាក់​ធ្លាក់ចុះ ៨៨,៣ ​ភាគរយ និង​ភ្ញៀវ​កូរ៉េ ចំនួន ៦ ៥៣៥​ នាក់ ធ្លាក់ចុះ ៨៩,១ ​ភាគរយ​។

អ្នកនាំពាក្យ​នៃ​ក្រសួង​ទេសចរណ៍​លោក ជុក ជំនោរ បាន​ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២ ខែកុម្ភៈ​ថា ការរីករាលដាល​ជំងឺ​កូវីដ ​១៩ បាន​រំខាន​ដល់​ឧស្សាហកម្ម​នេះ​រយៈពេល​ជាង​ ២​ ឆ្នាំ​មកហើយ ខណៈ​ប្រទេស​ជាច្រើន​បាន​បិទ​ច្រកចូល​អន្តរជាតិ​របស់​ខ្លួន​។

លោក​ថ្លែងថា​៖ «​ជាការ​ពិត​ចំនួន​ភ្ញៀវទេសចរ​បរទេស​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​កាលពី​ឆ្នាំមុន ដោយសារតែ​ការរីក​រាលដាល​កូវីដ​ ១៩ ដែល​បណ្ដាលឱ្យ​ប្រទេសមួយ​ចំនួន​បិទ​ប្រទេស​។ ទោះយ៉ាងណា ចំនួន​ភ្ញៀវទេសចរ​ផ្ទៃក្នុង ដែល​រួមទាំង​ភ្ញៀវ​បរទេស​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា និង​ភ្ញៀវ​ក្នុងស្រុក នៅតែមាន​ភាពល្អប្រសើរ បើទោះជា​ធ្លាក់ចុះ​ប្រហែល ៣៥ ​ភាគរយ​កាលពី​ឆ្នាំមុន​ក៏ដោយ​»​។

លោក​ឱ្យដឹងទៀតថា ទោះ​មានការ​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ក៏​ក្រសួង​ទេសចរណ៍​បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​ផែនទី​បង្ហាញផ្លូវ​ជាច្រើន ដើម្បី​កសាង​ប្រទេស​ជា​ទិសដៅ​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​។

លោក​និយាយថា​៖ «​ជាមួយនឹង​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​របស់​យើង យើង​មាន​ភាពស៊ាំ​ក្នុង​សហគមន៍ ដែល​អាចឱ្យ​យើង​បើក​សកម្មភាព​សេដ្ឋកិច្ចសង្គម​ឡើងវិញ​យ៉ាង​ពេញលេញ​កាលពី​ឆ្នាំមុន​។ កម្ពុជា​អនុញ្ញាតឱ្យ​ភ្ញៀវ​ដែល​ចាក់​វ៉ាក់សាំង​រួច អាចធ្វើ​ដំណើរ​មក​ប្រទេស​យើង​បាន​។ នោះ​ជា​មូលហេតុ​ដែល​ចំនួន​ទេសចរ​បរទេស​កើនឡើង​នៅ​ត្រីមាស​ទី​ ៤ ឆ្នាំមុន​»​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍ PATA បាន​និយាយថា លោក​ជឿថា ចាប់តាំងពី​រដ្ឋាភិបាល​ប្រកាស​បើក​សេដ្ឋកិច្ច​ឡើងវិញ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​ ២០២១ វា​មាន​សញ្ញា​វិជ្ជមាន​នៃ​ការ​ស្ទុះ​ងើបឡើង​វិញ​របស់​ឧស្សាហកម្ម​នេះ​។

លោក​បញ្ជាក់ថា​៖ «​ឧស្សាហកម្ម​នេះ ត្រូវ​ទទួលរង​ដោយសារតែ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ប៉ុន្តែ​ចាប់ពី​ប្រទេស​យើង​មាន​អត្រា​ការចាក់​វ៉ាក់សាំង​ខ្ពស់ យើង​ក៏​ទទួលបាន​សញ្ញា​វិជ្ជមាន​នៅក្នុង​ឧស្សាហកម្ម​នេះ​។ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ឧស្សាហកម្ម​នេះ​នឹង​រីកចម្រើន​បន្តិច​ម្តងៗ​ប្រសើរ​ជាង​ឆ្នាំមុន ទោះជា​ឧស្សាហកម្ម​នេះ​មិនមាន​ការរីកចម្រើន​ខ្លាំង​ដូច​ឆ្នាំ​ ២០១៩ ក៏ដោយ​»​។

ជាមួយ​គ្នានេះដែរ​លោក ជុក ជំនោរ បាន​លើកឡើងថា ការធ្វើជា​ម្ចាស់ផ្ទះ​ប្រកបដោយ​ជោគជ័យ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​កាលពី​ខែមករា​ឆ្នាំនេះ ក៏​ជា​ភាព​វិជ្ជមាន​មួយ​ផងដែរ​សម្រាប់​ប្រទេស​កម្ពុជា​។ លោក​បន្តថា​៖ «​ខ្ញុំ​សង្ឃឹមថា ឆ្នាំ​ ២០២២ នឹង​ក្លាយជា​ឆ្នាំ​ដ៏ល្អ​សម្រាប់​ឧស្សាហ​កម្មនេះ ដូចដែល​យើង​បានប្រកាស​រួចហើយ​ថា​យើង ជា​កន្លែង​ដែលមាន​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​»​។

ចំនួន​ភ្ញៀវទេសចរ​ដែល​បានធ្វើ​ដំណើរ​តាមផ្លូវ​អាកាស​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ៨៦,៨ ​ភាគរយ ខណៈ​ដែល​តាមផ្លូវ​គោក និង​ផ្លូវទឹក​ធ្លាក់ចុះ ៨២,៤​ ភាគរយ​៕ LA

វីដេអូ៖