ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ​បានប្រកាស​ពី​ការលើកលែង​ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​សម្រាប់​សកម្មភាព​អាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ សម្រាប់​រយៈពេល ៦ ខែ​បន្ថែមទៀត​ក្នុង​ឆ្នាំ​ ២០២២ នេះ​ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សកម្មភាព​អាជីវកម្ម​នេះ​ឡើងវិញ​។

យោងតាម​ការជូនដំណឹង​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​ថ្ងៃទី​ ១ ខែកុម្ភៈ ឆ្នាំ​ ២០២២ ឱ្យដឹងថា ក្នុងការ​អនុវត្ត​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា រាជរដ្ឋាភិបាល​បានសម្រេច​បន្ត​លើកទឹកចិត្ត​ដល់​វិស័យ​អចលនទ្រព្យ អាកាសចរណ៍ និង​វិស័យ​ទេសចរណ៍ តាមរយៈ​ការលើកលែង​ពន្ធ​ប្រចាំខែ​ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២២​។

ការបន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ទាំងនោះ រួមមាន អាករ​លើ​តម្លៃបន្ថែម ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល ពន្ធ​លើ​ប្រាក់បៀវត្សរ៍ ពន្ធ​លើ​អត្ថប្រយោជន៍​បន្ថែម ពន្ធ​កាត់​ទុក​អាករ​ពិសេស​លើ​ទំនិញ​ និង​សេវា​មួយចំនួន អាករ​សម្រាប់​បំភ្លឺ​សាធារណៈ និង​អាករ​លើ​ការស្នាក់នៅ ចំពោះ​សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២ ខែកុម្ភៈ​ថា ការបន្ត​លើកលែង​ពន្ធ​របស់​រដ្ឋាភិបាល គឺ​ជួយ​បាន​ច្រើន​សម្រាប់​វិស័យ​ឯកជន ផ្នែក​ទេសចរណ៍ ពិសេស​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ដែល​មកទល់នឹង​ពេល​ចំណូល​របស់​អាជីវកម្ម​ប្រភេទ​នេះ​នៅមាន​កម្រិត​នៅឡើយ​។

លោកស្រី​បាន​បន្ថែមថា នេះ​គឺជា​លើកទឹកចិត្ត​ដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ដើម្បីឱ្យ​គាត់​បន្ត​ប្រឹងប្រែង និង​តស៊ូ​បន្តទៀត ពិសេស​នៅ​ខេត្តសៀមរាប អ្នកវិនិយោគ​លើ​អាជីវកម្ម​ទាំងនេះ​ត្រូវការ​ដើមទុន ដើម្បី​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ឡើងវិញ​នៅ​គ្រា​ដែល​កម្ពុជា​កំពុង​បើកទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​។

លោកស្រី ស៊ីវលីន បញ្ជាក់ថា​៖ «​ប្រសិនបើ​រដ្ឋាភិបាល​បន្ត​ការលើកលែង​រហូតដល់​ដំណាច់ឆ្នាំ គឺ​រឿង​ដ៏ប្រសើរ​បំផុត ព្រោះ​បើទោះជា​បច្ចុប្បន្ន​យើង​បាន​ដំណើរ​ការបើក​ប្រទេស​ឡើងវិញ​ក៏ពិតមែន ប៉ុន្តែ​មេរោគ​បំប្លែង​ថ្មី​ «​អូមីក្រុង​» នៅតែ​បន្ត​យាយី ដែល​ធ្វើឱ្យ​ប្រទេស​មួយចំនួន​មានការ​រឹតត្បិត​។ ដូចនេះ​ការហូរ​ចូល​នៃ​ទេសចរ​ក៏​នៅមាន​ឧបសគ្គ​ផងដែរ ថ្វីដ្បិតតែ​យើង​ចាប់ផ្តើម​មាន​ជើងហោះហើរ​ឡើងវិញ ប៉ុន្តែ​នៅមានកម្រិត​ទាប​នៅឡើយ​»​។

លោក កន ចាន់សត្យា អ្នកគ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ លីណាយ៉ា អង្គរ រីវើរ រីសត អេន ស្ប៉ា ​(Lynnaya Angkor Ri-ver Resort and Spa) បានឱ្យដឹង​ដែរ​ថា វិបត្តិ​ជំងឺ​កូវីដ ​១៩ បានធ្វើឱ្យ​អាជីវកម្ម​សណ្ឋាគារ​មាន​បញ្ហា​យ៉ាងខ្លាំង​។ លោក​បន្ថែមថា ការអនុគ្រោះ​របស់​រដ្ឋាភិបាល​ចំពោះ​ការបង់ពន្ធ​នេះ​នឹង​ជួយ​សម្រាល​ទៅដល់​បន្ទុក​របស់​ម្ចាស់​សណ្ឋាគារ​បាន​មួយកម្រិត ព្រោះថា​ថ្វី​ដ្បិត​មិនសូវមាន​ភ្ញៀវទេសចរ​មែន ប៉ុន្តែ​ការចំណាយ​របស់​សណ្ឋាគារ​គឺ​នៅ​ដដែល​ពាក់ព័ន្ធ​នឹង​​ថ្លៃ​ទឹក ថ្លៃ​ភ្លើង និង​ការចំណាយ​លើ​បុគ្គលិក​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​ថ្វីដ្បិតតែ​មាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ដើរ​កម្សាន្ត​ច្រើន​ពិតមែន ប៉ុន្តែ​ការចំណាយ​របស់​ពួកគាត់​គឺ​មិន​ច្រើន​ដូច​ភ្ញៀវទេសចរ​បរទេស​ឡើយ ដូចនេះ​អ្វីដែល​យើង​រំពឹង​មានតែ​ចាំមើល​ការ​កក់​ពី​ភ្ញៀវ​ខាងក្រៅ នៅពេល​ប្រទេស​របស់​យើង​បើក​ជើងហោះហើរ​កាន់តែច្រើន​»​។

យោងតាម​អគ្គនាយកដ្ឋាន​ពន្ធដារ ការលើកលែង​ពន្ធ​នេះ គឺ​សម្រាប់​អនុវត្ត​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប កំពត ក្រុង​បាវិត និង​ប៉ោយប៉ែត​៕ LA