
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅសាលាខេត្តបន្ទាយមានជ័យ ក្នុងជំនួបជាមួយ លោក TAMURA Tsutomu នាយកសមាគមជប៉ុនកម្ពុជា និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Nippon Kei Co, Ltd កាលពីថ្ងៃទី ១ ខែកុម្ភៈ។ រូបថត រដ្ឋបាលខេត្ត
បន្ទាយមានជ័យៈ សមាគមជប៉ុន-កម្ពុជា (JCA) កំពុងស្វែងរកការវិនិយោគបន្ថែមលើវិស័យកសិកម្មនៅខេត្តបន្ទាយមានជ័យ ខណៈបច្ចុប្បន្នវិនិយោគិនជប៉ុននៅទីនោះភាគច្រើនវិនិយោគលើរោងចក្រផលិតសម្ភារបរិក្ខារអេឡិចត្រូនិក និងដំឡើងរថយន្ត។
ក្នុងជំនួបជាមួយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ លោក TAMURA Tsutomu នាយកសមាគមជប៉ុនកម្ពុជា និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Nippon Kei Co, Ltd បានលើកឡើងថា គោលបំណងដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីសិក្សាស្វែងយល់បន្ថែមពីសក្តានុពលខេត្តប្រមូលព័ត៌មានថ្មីៗបន្ថែម និងពិនិត្យមើលបញ្ហាប្រឈមផ្សេងៗនៃដំណើរការក្រុមហ៊ុន/រោងចក្ររបស់ជប៉ុនដែលកំពុងដំណើរការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក TAMURA បានប្រាប់ថា៖ «សមាគមគ្រោងនឹងដឹកនាំវិនិយោគិនជប៉ុនមកធ្វើទស្សនកិច្ចនៅកម្ពុជា ពិសេសមកកាន់ខេត្តបន្ទាយមានជ័យ ដែលជាខេត្តមួយមានសក្តានុពលផ្នែកកសិកម្ម ស្រូវ ដំឡូងមី ឧស្សាហកម្ម និងទេសចរជាដើម»។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យបានត្រៀមជានិច្ចក្នុងការគាំទ្រគំនិតផ្តួចផ្តើម និងសហការីជាមួយនឹងសមាគម JCA នូវគ្រប់សកម្មភាពដែលនាំមកនូវការរីកចម្រើនដល់ខេត្ត។
លោកបានថ្លែងថា៖ «ខ្ញុំសូមសំណូមពរដល់លោកនាយកសមាគមជប៉ុន-កម្ពុជា សូមបន្តជួយផ្សព្វផ្សាយក៏ដូចជាជំរុញអ្នកវិនិយោគ និងទេសចរជប៉ុនឱ្យមកបណ្តាក់ទុន ជាពិសេសលើវិស័យកសិកម្ម ព្រោះមានប្រជាពលរដ្ឋប្រមាណ ៧៩ ម៉ឺននាក់ក្នុងនោះ ៨៥ ភាគរយប្រកបមុខរបរធ្វើស្រែចម្ការ ដូចនេះវិស័យកសិកម្មមានសក្តានុពលខ្លាំងក្នុងការវិនិយោគ»។
ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យលោក ឈឿង ឈីវអៀន បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ២ ខែកុម្ភៈថា ជនជាតិជប៉ុនភាគច្រើនវិនិយោគទៅលើការផលិតបរិក្ខារអេឡិចត្រូនិក និងរោងចក្រដំឡើងរថយន្តក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ ខេត្តបន្ទាយមានជ័យ។
លោកលើកឡើងថា ដោយសារខេត្តបន្ទាយមានជ័យមានសក្តានុពលលើវិស័យកសិកម្មច្រើន ដូចនេះលោកចង់ឱ្យវិនិយោគិនជប៉ុន និងវិនិយោគិនបរទេសដទៃទៀតបោះទុនវិនិយោគលើរោងចក្រកែច្នៃផលិតផលកសិកម្ម ដែលអាចបន្ថយបញ្ហាប្រឈមរបស់ប្រជាកសិករ ដែលពាក់ព័ន្ធបញ្ហាទីផ្សារ»។
បើតាមលោកអភិបាលខេត្តបន្ទាយមានជ័យ ខេត្តនេះមានច្រកសេដ្ឋកិច្ចសំខាន់ៗចំនួន ៣ គឺច្រកទ្វារអន្តរជាតិប៉ោយប៉ែត, ច្រកបឹងត្រកួន និងច្រកព្រំដែនម៉ាឡៃ ព្រមទាំងមានតំបន់សេដ្ឋកិច្ចពិសេស ៥ នៅក្រុងប៉ោយប៉ែត គឺតំបន់សេដ្ឋកិច្ចពិសេសអូរនាង, តំបន់សេដ្ឋកិច្ចពិសេសសានកូ, តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី, តំបន់សេដ្ឋកិច្ចពិសេស លី អ៊ុតនី និងឧទ្យានឧស្សាហកម្ម ១ កន្លែងនៅក្នុងក្រុងសិរីសោភ័ណ៕ LA