
ស្ត្រីម្នាក់កំពុងស្វែងរកទិញទំនិញតាមប្រព័ន្ធអនឡាញ។ ហុង មិនា
ភ្នំពេញៈ ច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្មដែលត្រូវបានធ្វើវិសោធនកម្មបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយពេលព្រះមហាក្សត្រឡាយព្រះហស្តលេខាកាលពីពេលថ្មីៗនេះ។
ច្បាប់ទាំង ២ នេះត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសឱ្យប្រើព្រមគ្នាកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ ក្រោយពីរដ្ឋសភាពិនិត្យយ៉ាងល្អិតល្អន់ និងអនុម័តទាំងស្រុងកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ៣ ខែកុម្ភៈ ថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម គឺដើម្បីឱ្យស្របទៅនឹងសភាពការណ៍ជាក់ស្តែង និងទៅតាមនិយាមអន្តរជាតិ។
ដោយឡែកច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្មវិញ ត្រូវបាន លោក សុវិជាតិ បញ្ជាក់ថា កាលពីមុនសហគ្រាសពាណិជ្ជកម្មត្រូវបានកំណត់ប្រភេទទៅលើក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នមានប្រភេទក្រុមហ៊ុនច្រើន ជាពិសេសក្រុមហ៊ុនអាជីវកម្មតាមអនឡាញ ដូចនេះច្បាប់ស្ដីពីវិសោធនកម្មថ្មី គឺរៀបចំឱ្យស្របនឹងការវិវត្តរបស់ពិភពលោក។
លោកថ្លែងថា៖ «ហេតុផលទាំងនេះហើយ ដែលក្រសួងពាណិជ្ជកម្មបានផ្តួចផ្តើមគំនិតឱ្យមានការធ្វើវិសោធនកម្មច្បាប់ទាំង ២ នេះ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងពាណិជ្ជកម្មនៅកម្ពុជា ពិសេសជំរុញឱ្យមានការប្រកួតប្រជែងដោយស្មើភាព និងត្រឹមត្រូវទាំងអ្នកវិនិយោគក្នុងស្រុក និងមកពីក្រៅប្រទេស។
លោកបន្ថែមថា ច្បាប់ទាំង ២ នេះ គឺជួយបញ្ចៀសឱ្យបាននូវបញ្ហាការក្លែងបន្លំក្រុមហ៊ុន ឬម៉ាកសញ្ញាផ្សេងៗ ដែលគ្មានការទទួលខុសត្រូវ រួមទាំងចៀសវាងការបង់ពន្ធដែលមិនស្មើភាពគ្នាផងដែរ។
លោកបានបញ្ជាក់ថា៖ «សព្វថ្ងៃនៅមានបញ្ហាចំពោះអ្នកលក់អនឡាញពីបរទេស និងអ្នកលក់អនឡាញនៅក្នុងស្រុក ដែលមានការប្រកួតប្រជែងមិនស្មើភាពគ្នា ព្រោះអ្នកដែលបានចុះបញ្ជីមានហាងច្បាស់លាស់ និងបង់ពន្ធត្រឹមត្រូវ ប៉ុន្តែអ្នកលក់អនឡាញមិនបង់ពន្ធត្រឹមត្រូវឡើយ ដែលនេះជាការប្រកួតប្រជែងមិនស្មើភាពគ្នា»។
លោកបានបន្តថា ច្បាប់នេះគឺបានកំណត់យ៉ាងច្បាស់ដើម្បីឱ្យពាណិជ្ជករទាំងអស់ទទួលខុសត្រូវចំពោះមុខច្បាប់នៅពេលដែលមានការក្លែងបន្លំអ្វីផ្សេងៗទាំងការបង់ពន្ធ ទាំងម៉ាកទំនិញ ក៏ដូចជាការប្រកបអាជីវកម្មទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីធានាការប្រមូលចំណូលពន្ធចូលរដ្ឋឱ្យបានត្រឹមត្រូវ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវច្បាប់ទាំង ២ នេះ គឺជាការធ្វើឱ្យប្រសើរឡើងនៅក្នុងស្មារតីច្បាប់ពាណិជ្ជកម្ម ដែលមានពីមុន។
លោកបានបន្ថែមថា ច្បាប់នេះមានគោលបំណង ២ រួមមាន ទី ១ គ្រប់គ្រងឱ្យខានតែបានលើមុខរបរ ឬក៏សហគ្រាសពាណិជ្ជកម្មដែលមាននៅក្នុងប្រទេសកម្ពុជា ទី ២ ដើម្បីជួយការពារបញ្ហាទាំងឡាយ ដែលកើតមានលើកិច្ចការធុរកិច្ចរបស់ធុរជនដើម្បីឱ្យមានលក្ខណៈស្របច្បាប់ និងច្បាស់លាស់នៅពេលមានបញ្ហាវិវាទផ្សេងៗកើតមានឡើង។
លោកអះអាងថា៖ «សំខាន់បំផុតច្បាប់ថ្មីនេះ គឺធ្វើឱ្យការគ្រប់គ្រងនានាក្នុងដែនសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មមានលក្ខណៈស្របទៅតាមការវិវត្តនៃទម្រង់ពាណិជ្ជកម្មថ្មី ដែលឆ្លើយតបនឹងការវិវត្តនៃការធ្វើពាណិជ្ជកម្មរបស់សកលលោកទាំងមូល»។
គួរបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មនឹងជួយសម្រួលដល់ការធ្វើធុរកិច្ចនៅប្រទេសកម្ពុជា តាមរយៈការធ្វើឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការទៅបានដោយរលូន មានតម្លាភាព និងមានស្តង់ដាខ្ពស់ ស្របតាមការធ្វើធុរកិច្ចជាសកលនាពេលបច្ចុប្បន្ន៕ LA