ភ្នំពេញៈ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េខាងត្បូង​ដែល​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្តលេខា​ឱ្យប្រើ​ជា​ផ្លូវការ​ក្រោយពី​បាន​ចំណាយពេល​ចរចា​ជាង​ ១ ​ឆ្នាំ​នឹង​ចូល​ជាធរមាន​នៅ​រយៈពេល ៦០ ​ថ្ងៃ​ បន្ទាប់ពី​ភាគី​នៃ​ប្រទេស​ទាំង ២ ឯកភាព​រួមគ្នា​។

ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​កូរ៉េ​ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃ​ទី​ ២៩ ខែធ្នូ ឆ្នាំ​ ២០២១ មុនពេល​ព្រឹទ្ធសភា​ពិនិត្យ​ចប់​សព្វគ្រប់​នា​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ​ ២០២២ និង​ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រម​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៩ ខែមករា ឆ្នាំ​ ២០២២​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាន​និយាយ​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ប្រទេស​កូរ៉េ​នឹងត្រូវ​ចូល​ជា​ធរមាន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។

លោក​បញ្ជាក់ថា​៖ «​ក្រសួងពាណិជ្ជកម្ម​បាន​និង​កំពុង​រៀបចំសេចក្តី​ជូនដំណឹង​ផ្ញើ​ទៅ​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ បន្ទាប់មក​ក្រសួងការបរទេស​នឹង​ផ្ញើ​បន្តទៅ​ភាគី​កូរ៉េ​។ បន្ទាប់ពី​ខាង​កូរ៉េ​ផ្ញើ​មកវិញ យើង​រាប់ ៦០ ​ថ្ងៃ​ពីថ្ងៃ​បានទទួល ដូច្នេះ​កិច្ចព្រមព្រៀង​នឹង​ចូល​ជា​ធរមាន​»​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​លោក គី សេរីវឌ្ឍន៍ បាន​និយាយថា ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-​កូរ៉េ​នឹង​ផ្តល់​សិទ្ធិ​ដល់​រដ្ឋាភិបាល​ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ ២ បន្ទាប់ពី​មាន​ការអនុម័ត​ដោយ​ស្ថាប័ន​នីតិប្បញ្ញត្តិ​។ លោក​បន្តថា ច្បាប់​នេះ គឺជា​ការបើកផ្លូវ​ដើម្បីឱ្យ​កម្ពុជា និង​កូរ៉េខាងត្បូង អាច​អនុវត្ត​បាន​ដោយ​ពេញលេញ​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ ២​។

លោក​បញ្ជាក់ថា​៖ «​បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បានប្រកាស​ឱ្យប្រើ​នោះ​មានន័យថា វា​នឹង​ចូល​ជា​ធរមាន​ឆាប់ៗ​នេះ ដូចនេះ​ក្នុង​នាម​អ្នកវិនិយោគ​ដែល​នៅក្នុង​វិស័យ​ផលិតកម្ម​ត្រូវ​ទាញយក​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បានជា​អតិបរមា​»​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន ​រីចហ្វាម អេស៊ា ​(Rich Farm Asia) បាន​និយាយថា ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការនាំចេញ​ផលិតផល​ជាច្រើន ​ជាពិសេស​ផលិតផល​កសិកម្ម​ទៅកាន់​ប្រទេស​កូរ៉េ​។

លោក​បាន​បន្ថែមថា កន្លងមក​កម្ពុជា​បាន​នាំចេញ​ផលិតផល​ផ្លែស្វាយ​កែវរមៀត​ស្រស់​ទៅ​ប្រទេស​កូរ៉េ ប៉ុន្តែ​ការនាំចេញ​នៅមានកម្រិត​នៅឡើយ ដោយ​ភាគី​កូរ៉េ​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ពេក​ក្នុង​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ប្រទេស​គេ​។

លោក​លើកឡើងថា​៖ «​ទីផ្សារ​កូរ៉េ​បាន​ស្រូបយក​ផលិត​ស្វាយស្រស់​របស់​កម្ពុជា​ហើយ ប៉ុន្តែ​ចំនួន​នៅមានកម្រិត​នៅឡើយ ដោយសារតែ​លក្ខខណ្ឌ​តម្រូវ​របស់​រដ្ឋាភិបាល​កូរ៉េ គឺ​មុននឹង​នាំ​ផ្លែស្វាយ​ទៅ​ត្រូវតែ​ឆ្លងកាត់​ម៉ាស៊ីន​សម្លាប់​ពងរុយ ដែល​តម្រូវឱ្យ​មានការ​វិនិយោគ​ក្នុងតម្លៃ​ខ្ពស់ ដូចនេះ​បច្ចុប្បន្ន​ទើបតែ​មាន​ក្រុមហ៊ុន​មួយ​ទេ​ដែល​បាន​វិនិយោគ​»​។

លោក​បាន​បន្តថា ប្រទេស​កូរ៉េ​កំពុង​ចាប់អារម្មណ៍​ខ្លាំង​លើ​រសជាតិ​ស្វាយកែវ​រមៀត​កម្ពុជា​ ហេតុ​ដូច្នេះ​ក្រសួងកសិកម្ម​កំពុង​ជំរុញ​ឱ្យ​កសិករ និង​ម្ចាស់​ចម្ការ​ស្វាយ​ទាំងអស់​ទៅ​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​ដើម្បី​ទទួលបាន​ការបញ្ជាក់​ពី​ប្រព័ន្ធ​អនុវត្ត​កសិកម្ម​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា និង​កូរ៉េ​ត្រូវ​បាន​ក្រុមការងារ​ជំនាញ​នៃ​ប្រទេស​ទាំង ​២​ ពិភាក្សា និង​តាក់តែងឡើង​កាលពី​ឆ្នាំ​ ២០២១​។ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយ​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​លោក YEO Han-Koo រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២១​។

អ្នកសេដ្ឋកិច្ច និង​អ្នកវិនិយោគ​រំពឹងថា កិច្ចព្រមព្រៀង​នេះ​នឹង​រួមចំណែក​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​បន្ថែមទៀត​ដូចជា ទំនិញ​កសិកម្ម ផលិតផល​សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងបន្លាស់ និង​ឧបករណ៍​អេឡិចត្រូនិក​ជាដើម​៕ LA