​ភ្នំពេញៈ ភ្ញៀវទេសចរ​ក្នុងស្រុក​ជិត ១​លាន​នាក់​បានចេញ​ដើរ​កម្សាន្ត​នៅក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន កើនឡើង ៦,១៥​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ពិធី​ចូលឆ្នាំ​ចិន​កាលពី​ឆ្នាំ​២០២១ ក្នុងនោះ​រាជធានី​ភ្នំពេញ មាន​ប្រមាណ ៣០​ភាគរយ​។ នេះ​បើ​យោងតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

​ទិន្នន័យ​បានបង្ហាញ​ថា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១-៣ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​ភ្ញៀវទេសចរ​ចេញ​ដើរលេង​កម្សាន្ត​ប្រមាណ ៩៤៧ ៤៩៧ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៩៣១ ៣០៨ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១៦ ១៨៩ នាក់ ដោយ​ក្នុង​ថ្ងៃទី​១ ខែកុម្ភៈ មាន​ចំនួន ៣៣៣ ៧០៩ នាក់​, ថ្ងៃទី​២ ខែកុម្ភៈ មាន​ចំនួន ៣៥៣ ២១៦​នាក់ និង​ថ្ងៃទី​៣ ខែកុម្ភៈ មាន​ចំនួន ៣០៧ ៤២១​នាក់​។​

​យោងតាម​ក្រសួងទេសចរណ៍ គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន រាជធានី​ភ្នំពេញ ២៥៨ ០៦៩​នាក់​, ខេត្តបាត់ដំបង ១៩៣ ៥៦៧​នាក់​, ខេត្ត​ព្រះសីហនុ ៩៧ ៥៤២​នាក់​, ខេត្តកំពត ៦៦ ៥៣៤​នាក់​, ខេត្តសៀមរាប ៥៨ ៩៥៣​នាក់​, ខេត្ត​កែប ៥៥,២៥១​នាក់​, ខេត្តកណ្តាល ៥២ ៣៩៤​នាក់ និង​ខេត្តពោធិ៍សាត់ ២៩ ៧២៦​នាក់​។

​លោក ថោង ខុន បាន​លើកឡើងថា បើទោះបី​ពុំមាន​ថ្ងៃ​ឈប់សម្រាក​ផ្លូវការ ប៉ុន្តែ​ចរន្ត​ភ្ញៀវទេសចរ​នា​អំឡុង ៣​ថ្ងៃនេះ មាន​ភាព​ផុលផុស​នៅ​គ្រប់​គោលដៅ​ទេ​សចណ៍​សំខាន់ៗ​ទូទាំងប្រទេស​។​

​លោក​ថ្លែងថា​៖«​ជាក់ស្តែង​តួលេខ​ខាងលើ​មានការ​កើនឡើង​ប្រមាណ ៦,១៥​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ពិធី​ចូលឆ្នាំ​ចិន​កាលពី​ឆ្នាំ​២០២១»​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី លោក ង៉ែត ពិ​ទូ ដែលជា​ខេត្ត​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ ១៣ ៥៥៩​នាក់ ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​កន្លងមក បាន​និយាយថា កំណើន​ភ្ញៀវទេសចរ​នេះ គឺជា​សញ្ញា​ល្អ​ដែល​បង្ហាញថា​ខេត្តរតនគិរី ចាប់ផ្តើម​មាន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​វិញ​ហើយ បន្ទាប់ពី​រាជរដ្ឋាភិបាល​បើក​ប្រទេស​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​១៩ រយៈពេល​ជិត​២​ឆ្នាំ​។ លោក​បន្តថា ចំនួន​ភ្ញៀវ​ដែលមាន​ការកើនឡើង​នេះ ក៏បាន​បង្ហាញឱ្យឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល តាមរយៈ​ការធានាបាន​នូវ​សុខសន្តិភាព​, ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី និង​ភាពជោគជ័យ​លើ​យុទ្ធនាការ​នៃ​ការ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ផងដែរ​៕​