បាត់ដំបងៈ ក្រុម​វិនិយោគិន​ជប៉ុន​បានបង្ហាញ​គម្រោង​ចង់​ចូលរួម​វិនិយោគ​លើ​ការចិញ្ចឹម​ដង្កូវនាង​យក​សូត្រ​នៅក្នុង​ខេត្ត​បាត់ដំបង សម្រាប់​កែច្នៃ​ទៅជា​ផលិតផល​ប្រើប្រាស់​ក្នុងស្រុក និង​នាំទៅ​ទីផ្សារ​អន្តរជាតិ​។

លោក TAMURA Tsutomu នាយក​សមាគម​ជប៉ុន-កម្ពុជា ​(JCA) ​និង​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Nippon Kei Co.,Ltd បានលើកឡើង​ក្នុងជំនួប​ជាមួយនឹង​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង កាលពីថ្ងៃ​ទី​ ២ ខែកុម្ភៈ​ថា ក្រុមហ៊ុន​ជប៉ុន​មានបំណង​វិនិយោគ​លើ​ផលិតផល​សូត្រ​ក្នុង​ខេត្ត​បាត់​ដំបង និង​សិក្សា​អំពី​សក្ដានុពល​នៃ​វិស័យ​កសិកម្ម​ដែល​មិនទាន់បាន​កែច្នៃ​ក្នុង​ខេត្តបាត់ដំបង​។

លោក​បន្តថា សមាគម​ជប៉ុន​ក៏​គ្រោង​នឹង​ដឹកនាំ​អ្នកវិនិយោគ​ខ្លួន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បន្តទៅ​ខេត្តបាត់ដំបង​ក្នុងអំឡុង​ខែមេសា​ខាងមុខ ដើម្បី​សិក្សា​ពី​សក្តានុពល​របស់​ខេត្ត​ក៏ដូចជា​វិស័យ​កសិកម្ម ដោយ​ផ្តោតទៅលើ​សហគ្រាស​ធុន​តូច និង​មធ្យម ពិសេស​ការវិនិយោគ​លើ​ការធ្វើ​សូត្រ​នៅ​ខេត្ត​បាត់ដំបង និង​មួយទៀត​ផ្តោតទៅលើ​គម្រោង​ទីក្រុង​ឆ្លាតវៃ​។

លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​សម្តែង​ការ​ស្វាគមន៍​ដល់​ក្រុមហ៊ុន​ជប៉ុន ដែល​គ្រោង​មក​សិក្សា​ស្វែងយល់​អំពី​សក្តានុពល​ខេត្តបាត់ដំបង ជាពិសេស​ទៅលើ​ការកែច្នៃ​ផលិតផល​កសិកម្ម និង​ការចិញ្ចឹម​ដង្កូវនាង​ ដើម្បី​ផលិត​សូត្រ​។ លោក​ក៏បាន​ប្រាប់​ឱ្យ​សមាគម​ជប៉ុន​-​កម្ពុជា​ (JCA) ត្រូវ​ជួយ​ជំរុញ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សក្តានុពល​របស់​ខេត្ត​ទៅ​អ្នកវិនិយោគ និង​ក្រុមហ៊ុន​ជប៉ុន ឱ្យ​មក​វិនិ​យោគ​នៅ​ខេត្តបាត់ដំបង​ផង​។

អភិបាលរង​ខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ ខែកុម្ភៈ​ថា ការដាំដុះ និង​ផលិត​ពូជ​ដង្កូវនាង​ក្នុង​ខេត្តបាត់ដំបង​មិនសូវមាន​ការវិនិយោគ​ទេ គឺ​មានតែ​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។ បើសិន​មានការ​វិនិយោគ​ពី​សំណាក់​ក្រុមហ៊ុន​ជប៉ុន វា​នឹងចូលរួម​ចំណែក​លើកស្ទួយ​សេដ្ឋកិច្ច និង​ពលកម្ម​នៅក្នុង​ខេត្តបាត់ដំបង​កាន់តែច្រើន​។

លោក​បន្តថា ជាមួយ​បំណង​វិនិយោគ​លើ​វិស័យ​សូត្រ​ក្នុង​ខេត្ត គេ​គួរតែមាន​ការសិក្សា និង​បណ្តុះបណ្តាល តម្រង់ទិស​ដល់​កសិករ​លើ​ការដាំដុះ​ដើមមន និង​ការចិញ្ចឹម​ដង្កូវនាង​ឱ្យមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​កែច្នៃ ដើម្បី​ឆ្លើយតប​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​។

លោក​និយាយថា​៖ «​ក្នុង​ខេត្ត​បាត់ដំបង​មានគ្រួសារ​មួយចំនួន​បាន​ប្រកបរបរ​ក្នុង​វិស័យ​សូត្រ ប៉ុន្តែ​ក្រុមហ៊ុន​អត់​មាន​ទេ​។ នៅពេលដែល​មានការ​និយោគ​លើ​វិស័យនេះ​វា​នឹង​ជួយ​ជំរុញ​លើ​អ្វីដែល​ខេត្ត​មាន ជាពិសេស គឺ​ជួយ​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កាន់តែ​រីកចម្រើន​។

លោក អៀង លី នាយក​មជ្ឈមណ្ឌល​សូត្រ Silk Center of RUPP បាន​និយាយថា វិស័យ​សូត្រ​នៅ​កម្ពុជា​បានបង្ហាញ​វត្តមាន​ជាច្រើន​ឆ្នាំ​មក ប៉ុន្តែ​មិនសូវមាន​ការយកចិត្ត​ទុកដាក់​កែច្នៃ និង​រៀបចំ​ឱ្យ​បានល្អ​នោះទេ​។

លោក​លើកឡើងថា​៖ «​នៅពេលដែល​គាត់​មក​យើង​ជជែក​គ្នា​តើ​យើង​ចង់បាន​អ្វី និង​គាត់​ចង់បាន​អ្វី និង​កែច្នៃ​បែបណា​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ ព្រោះ​បើ​និយាយ​ពី​សិប្បកម្ម គឺមាន​ច្រើនណាស់​ក្នុង​វិស័យ​សូត្រ​នេះ ដែលមាន​ផលិតផល​ដូចជា តម្បាញ គ្រឿងសម្អាង និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ផ្សេងទៀត​»៕ LA