ភ្នំពេញៈ កម្ពុជា​បានចាប់ផ្តើម​រៀបចំ​ផែនការ​ដំឡើង​ឧបករណ៍​សម្ភារ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី (EV Charging Station) នៅតាម​ស្ថានីយ​ប្រេងឥន្ធនៈ​មួយចំនួន ដើម្បី​ជំរុញ​ការប្រើប្រាស់​យានយន្ត​ប្រភេទ​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​កាត់បន្ថយ​ការបំពុល​បរិស្ថាន​។

ផែនការ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាមួយនឹង​ថ្នាក់ដឹកនាំ​នៃ​ស្ថានីយប្រេងឥន្ធនៈ​មួយ​ចំនួន​កាលពី​ថ្ងៃទី​ ៣ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដើម្បី​រិះរក​វិធី និង​របៀបរបប​បំពេញ​ការងារ​ទាក់ទង​នឹង​ការបំពាក់​សម្ភារ​ឧបករណ៍​បញ្ចូល​ថាមពល​យានយន្ត អគ្គិសនី (EV Charging Station)​។ ការបំពាក់​សម្ភារ​ឧបករណ៍​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី គឺ​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ការប្រើប្រាស់​យានយន្ត​ប្រភេទ​នេះ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា និង​ចូលរួម​កាត់បន្ថយ​ការបំពុល​បរិស្ថាន​។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ប្រាប់ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) កំពុង​រៀបចំ​ផែនការមេ​សម្រាប់​គាំទ្រ និង​ជំរុញ​ការប្រើប្រាស់​យានយន្ត EVs នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យបាន​ច្រើន តាមរយៈ​ការដំឡើង​ស្ថានីយ​សាកថ្ម​យានយន្ត EVs​។ ដើម្បី​ជាការ​សាកល្បង UNDP នឹង​ផ្ដល់ជូន​ម៉ូតូ​ដើរ​ដោយ​ថាមពល​អគ្គិសនី​ចំនួន ៣០ ​គ្រឿង សម្រាប់ធ្វើ​ការសាកល្បង​។

លោក​លើកឡើង​ទៀតថា គម្រោង​ដំឡើង​ស្ថានីយ​សាកថ្ម​យានយន្ត EVs នេះ​គ្រោង​ធ្វើ​នៅតាម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​ក្រុងព្រះសីហនុ​ចំនួន ២ កន្លែង និង​នៅតាម​បណ្ដាញ​ផ្លូវជាតិ​សំខាន់ៗ​ដូចជា ផ្លូវជាតិ​លេខ​ ១ ផ្លូវជាតិ​លេខ​ ៥ ផ្លូវជាតិ​លេខ​ ៦ និង​ផ្លូវជាតិ​លេខ​ ៧ ដោយ​សហការ​ជាមួយ​ស្ថានីយ​ប្រេងឥន្ធនៈ និង​គម្រោង​ដំឡើង​ស្ថានីយ​សាកថ្ម​យានយន្ត EVs នៅក្នុង​រាជធានី​ចំនួន ១០ ទីតាំង​ដោយ​សហការ​ជាមួយ​វិនិយោគិន​ដែលមាន​សក្តានុពល​។

លោក​ថ្លែងថា​៖ «​ក្រសួង​កំពុង​ពិចារណា​លើ​ការ​ស្នើឱ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ​ដូចជា Food Panda , NHAM24 និង E-Gets ពិនិត្យ​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​ម៉ូតូ​ដើរ​ដោយ​ថាមពល​អគ្គិសនី​ជំនួស​ម៉ូតូ​ដែល​ប្រើ​សាំង​ក្នុងការ​បម្រើសេវា​របស់​ខ្លួន​»​។

បន្ថែម​ពីលើ​នេះ លោក ចាន់ថុល ក៏បាន​បញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុងទិសដៅ​ឆ្ពោះទៅកាន់​ការសម្រេច​បាន​នូវ​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន​ទៅក្នុង​បរិយាកាស​ផែនដី​ឱ្យនៅ​កម្រិត​សូន្យ​នៅ​ឆ្នាំ ​២០៥០ និង​បាន​ដាក់ជូន​ផែនការមេ​ស្តីពី​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​ទៅ​អង្គការ​សហប្រជាជាតិ ដោយ​កំណត់ឱ្យ​មាន​ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ក្នុង​អត្រា ៤០ ​ភាគរយ និង​ម៉ូតូ​ដើរ​ដោយ​ថាមពល​អគ្គិសនី​ក្នុង​អត្រា ៣០ ​ភាគរយ​។

ជា​លទ្ធផល​ក្រុមហ៊ុន​ដែល​ចូលរួម​ទាំងអស់​បាន​សម្ដែង​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង និង​ខិតខំ​ធ្វើ​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​របស់ខ្លួន​ក្នុង​ការពិនិត្យ​លទ្ធភាព ដំឡើង​ឧបករណ៍​សាកថ្ម​យានយន្ត EVs នៅតាម​បណ្តា​ទីតាំង​ស្ថានីយ​នានា​របស់ខ្លួន​។

តំណាង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ធំៗ​ប្រចាំ​កម្ពុជា​ចំនួន ៥ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ក្រុមហ៊ុន​សូគីមិច ក្រុមហ៊ុន​តូតាល់ ក្រុមហ៊ុន​តេលា ក្រុមហ៊ុន​កាល់តិច និង​ក្រុមហ៊ុន​ភីធីធី៕

វីដេអូ៖