ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​អំពាវនាវ​ឱ្យ​ពាណិជ្ជករ សហគ្រិន និង​អ្នកវិនិយោគ​ជប៉ុន ពិចារណា​ជ្រើសរើស​កម្ពុជា​ធ្វើជា​ដៃគូ​អាជីវកម្ម និង​ទិសដៅ​វិនិយោគ ខណៈ​កម្ពុជា​ជា​ប្រទេស​មាន​ស្ថិរភាព​សន្តិភាព និង​នយោបាយ​ល្អប្រសើរ ព្រមទាំង​មាន​បរិយាកាស​អាជីវកម្ម​អំណាយ​ផល​ផងដែរ​។

ការអំពាវនាវ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​កាលពី​ថ្ងៃទី​ ៣ ខែកុម្ភៈ​រវាង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាមួយ​លោក Fumiaki TAKAHASHI ប្រធាន​សមាគម​ជប៉ុន-កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា-ជប៉ុន និង​ជំរុញ​បរិយាកាស​ធុរកិច្ច​ឱ្យ​កាន់តែ​ប្រសើរ​។

លោក ប៉ាន សូរស័ក្តិ បាន​និយាយថា ជប៉ុន ជា​ប្រទេស​ដែលមាន​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា ជាពិសេស​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏សំខាន់​ដែល​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា តាមរយៈ​ការស្តារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់​នូវ​កម្មវិធី​អភិវឌ្ឍន៍​ធនធានមនុស្ស ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការវិនិយោគ​លើ​វិស័យ​ជាច្រើន​ទៀត​។

លោក​បន្តថា លើសពីនេះ​វិនិយោគិន​ជប៉ុន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ក៏បាន​នាំមក​នូវ​លំហូរ​បច្ចេកវិទ្យា ចំណេះដឹង និង​ជំនាញ​ពី​ការវិនិយោគ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន (FDI) និង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA)​ ផងដែរ​។ បច្ចុប្បន្ន​កម្ពុជា-ជប៉ុន ក៏​បាននិង​កំពុង​ពិភាក្សា​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​គ្នា​ព្រមទាំង​ពិភាក្សា​ការងារ​លើ​ការសិក្សា​ពី​លទ្ធភាព​ក្នុង​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា និង​ជប៉ុន​ផងដែរ​។

លោក សូរស័ក្តិ បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ពាណិជ្ជករ​ជប៉ុន សហគ្រិន និង​អ្នកវិនិយោគ​ពិចារណា​ជ្រើសរើស​កម្ពុជា​ជា​ដៃគូ​អាជីវកម្ម និង​ទិសដៅ​វិនិយោគ ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធានា​នូវ​ស្ថិរភាព​សន្តិភាព និង​នយោបាយ ព្រមទាំង​ការវិនិយោគ និង​បរិយាកាស​អាជីវកម្ម ដែល​អំណាយផល​សម្រាប់​វិនិយោគិន​ជប៉ុន​»​។

លោក​រដ្ឋមន្ត្រី​បន្ថែមថា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន (AJCEP) ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ដើមឆ្នាំ​ ២០២២ ក៏​បាននិងកំពុង​ជួយ​ពន្លឿន​ការឆ្លើយតប​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ជប៉ុន តាមរយៈ​ការផ្តល់​សិទ្ធិសេរីភាព​នៃ​ពាណិជ្ជកម្ម សេវាកម្ម និង​ការវិនិយោគ​ផងដែរ​។

ជាការ​ឆ្លើយតប​លោក Fumiaki TAKAHASHI បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការធានា​បាន​នូវ​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ជាពិសេស​ការសម្រេចបាន​នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។

បន្ថែម​ពីលើ​នេះ លោក​ក៏បាន​បង្ហាញ​ការគាំទ្រ​លើ​ចំណុច​ដែល​លោក​រដ្ឋមន្ត្រី​កម្ពុជា​បាន​លើកឡើង ដែលមាន​ដូចជា ទី​ ១ សមាគម​ជប៉ុន-កម្ពុជា​នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការពាំនាំ​សំណើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ជប៉ុន ទៅ​រាជរដ្ឋាភិបាល​ជប៉ុន ២, ​អភិវឌ្ឍន៍​ការវិនិយោគ​ខ្សែ​ច្រវាក់​តម្លៃ​សូត្រ​នៅតាម​ខេត្ត​គោលដៅ និង​ ៣. បន្ត​គាំទ្រ​ការវិនិយោគ​របស់​សហគ្រិន​ជប៉ុន​ក្នុងប្រទេស​កម្ពុជា​។

លោក សូរស័ក្តិ បាន​កត់សម្គាល់ថា កិច្ច​ជំនួប​ពិភាក្សា​ការងារ​នេះ គឺជា​ជំហាន​មួយ​របស់​កម្ពុជា​ក្នុង​ការកសាង​ផែនទី​ចង្អុល​បង្ហាញផ្លូវ សម្រាប់​កិច្ចសហប្រតិបត្តិការ​នាពេល​អនាគត ហើយនឹង​ក្លាយជា​សូចនាករ​គោលដៅ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​សមាគម​កម្ពុជា​-​ជប៉ុន ក្នុង​ការ​សម្រេច​គោលដៅ​ជំរុញ​ផលិតកម្ម និង​ការនាំចេញ​របស់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSMEs) ព្រមទាំង​អ្នក​ផលិត នៅពេល​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​ប្រទេស​ទាំង ​២៕