ភ្នំពេញៈ គម្រោង​វិនិយោគ​ក្នុង​វិស័យ​វាយនភណ្ឌ​ចំនួន ៤ ដែល​មាន​ទុន​វិនិយោគ​សរុប ១៨,៦ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៦ ២០៧កន្លែង ត្រូវ​បាន​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) យល់​ព្រម​អនុម័ត​ចុះ​បញ្ជី កាល​ពី​ថ្ងៃទី ​៤ ខែ​កុម្ភៈ ឆ្នាំ ២០២២។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC ឱ្យ​ដឹង​ថា យោង​តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ឱ្យ​គម្រោង​ចំនួន ៤ ដែល​រួម​មាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ របស់​ក្រុមហ៊ុន Toyoki Apparel (Cambodia) Co., Ltd ស្ថិត​នៅ​ស្រុក​ កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង មាន​ទុន​វិនិយោគ ៤,៥​ លានដុល្លារ​និង​អាច​បង្កើត​ការងារ​បាន ២ ៩២៩​កន្លែង, គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ របស់​ក្រុមហ៊ុន Kh Win Star Garment Co., Ltd នៅ​ស្រុក សំរោងទង ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ ៥,៣ ​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ១ ៤១៤​កន្លែង។

ចំណែក​គម្រោង ២ ទៀត​រួមមាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ របស់​ក្រុមហ៊ុន Hong Ri (Cambodia) Clothing Co., Ltd នៅ​សង្កាត់​ចោមចៅ​ទី​ ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ ៥,៤ ​លាន​ដុល្លារ អាច​បង្កើត​ការងារ​បាន ១ ៦៨៤​ កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​ខារ​អំបោះ របស់​ក្រុមហ៊ុន Global Xilin Garment Accessory Co., Ltd ស្ថិត​នៅ​សួនឧស្សាហកម្ម​កាណាឌីយ៉ា ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ ៣,៤​ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ១៨០ ​កន្លែង។

ក្នុង​ខែ​មករា ឆ្នាំ ២០២២ CDC បាន​អនុម័ត​លើ​គម្រោង​វិនិយោគ​ចម្រុះ​ចំនួន ២៥ ដែល​ស្មើ​នឹង​ទុនវិនិយោគ​ចំនួន ២ ២៨៥,៨៨ លានដុល្លារ និង​បង្កើត​ការងារ​បាន ២៣ ១៧៥ កន្លែង ខណៈ​ក្នុង​ខែ​មករា ឆ្នាំ ២០២១ គម្រោង​វិនិយោគ​ដែល CDC អនុម័ត​មាន​ចំនួន ១១ ស្មើ​នឹង​ទុន​វិនិយោគ ៤៣,៨ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៧ ៨៥៤ កន្លែង៕