ភ្នំពេញៈ ការ​នាំ​ចេញ​ស្រូវ-អង្ករ របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ នៅ​ក្នុង​រយៈពេល ១​ខែ​ដំបូង ឆ្នាំ ២០២២ បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​គួរ​ឱ្យកត់​សម្គាល់ ដោយ​សម្រេច​បាន​ក្នុង​ទឹក​ប្រាក់​ជាង ៩៦ លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF)។

ទិន្នន័យ​បង្ហាញ​ថា នៅ​ក្នុង​ខែ​មករា ឆ្នាំ ២០២២ កម្ពុជា​ប្រមូល​បាន​ប្រាក់ ៣៥,៧២ លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​អង្ករ​ក្នុង​បរិមាណ​សរុប ៥៣ ០៣៦ តោន កើន​ឡើង ៥៤,៧៤​ភាគរយ បើ​ធៀប​នឹង​ខែ​មករា ឆ្នាំ ២០២១ ដែល​មាន​បរិមាណ ៣៤ ២៧៣តោន។

យោងតាម CRF ទីផ្សារ​គោលដៅ​នាំ​ចេញ​អង្ករ​កម្ពុជា មាន​ចំនួន ៣៤​ប្រទេស ដោយ​ក្នុង​នោះ​ប្រទេស​ ចិន និង​តំបន់​ស្វយ័ត ហុងកុង បានស្រូប​យក ៣១ ១៨១​តោន (៥៨,៧៩ ភាគរយ), ប្រទេស​ចំនួន ១៦​ក្នុង​ទ្វីប​អឺរ៉ុប មាន​ចំនួន ១២ ៥៤២​តោន ​(២៣,៥៨ ភាគរយ), ប្រទេស​ក្នុង​តំបន់​អាស៊ាន ៣ មាន​ចំនួន ៦ ២៧៧ តោន (១១,៨៤ ភាគរយ) , និង គោលដៅ​ផ្សេងៗ​ចំនួន ៣ ០៧២ តោន (៥,៥២ ភាគរយ)។

ដោយឡែក​សម្រាប់​ការ​នាំ​ចេញ​ស្រូវ សម្រេច​បាន ២៧៥ ៥១១តោន គិត​ជា​ទឹក​ប្រាក់​ប៉ាន់​ស្មាន​មាន​ប្រមាណ ៦០,៦១ លាន​ដុល្លារ។ នេះបើ​តាម CRF។

ទីផ្សារ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប ក្នុង​ឆ្នាំ ២០២២ នេះ​ត្រូវ​រំពឹង​ថា នឹង​មាន​កំណើន​ល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​វិធានការ​របស់​សហភាពអឺរ៉ុប​លើ​អង្ករ​កម្ពុជា ត្រូវ​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ ២០២២។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ គណៈកម្មការ​អឺរ៉ុប បាន​សម្រេច​ហូតពន្ធ​នាំចូល​រយៈពេល ៣ ឆ្នាំ​លើ​អង្ករ​ដែល​នាំ​ចេញ​ពី​ប្រទេស កម្ពុជា និង មីយ៉ាន់ម៉ា តាម​រយៈ​ការ​អនុវត្ត​វិធានការ​ការពារ ដោយសារ​តែ​ការ​កើន​ឡើង​ការ​នាំ​ចូល​អង្ករ​ប្រភេទ Indica ពីប្រទេស​ទាំង ២ ធ្វើ​ឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​បណ្ដា​ប្រទេស​ផលិត​អង្ករ​នៅ​សហភាព​អឺរ៉ុប។

តាម​រយៈវិធានការ​នេះ បាន​តម្រូវ​ឱ្យ​កម្ពុជា​ត្រូវ​បង់ពន្ធ​នាំចូល​ចំនួន ១៧៥ អឺរ៉ូ​ក្នុង ១ តោន នៅ​ឆ្នាំ​ដំបូង (ឆ្នាំ ២០១៩),១៥០ អឺរ៉ូ​នៅ​ឆ្នាំ​ទី ២ និង​ចំនួន ១២៥ អឺរ៉ូ​នៅ​ឆ្នាំ​ទី ៣។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុង សារ៉ន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ពេល​ថ្មីៗ នេះ​ថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពីក្របខ័ណ្ឌ​អនុគ្រោះ​ពាណិជ្ជកម្ម​ស្ថិត​ក្រោម​ផែនការ​ទំនិញ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ (EBA) ដើម្បី​ប្រកួត​ប្រជែង​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប។ អង្ករ​កម្ពុជា​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ​ការ​ដក EBA មួយ​ផ្នែក​នោះ​ទេ វា​មាន​ន័យ​ថា កម្ពុជា ទទួល​បាន​ពន្ធ​សូន្យ​ចាប់​ពី​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ ២០២២ តទៅ៕