​ព្រះសីហនុៈ ក្រសួងទេសចរណ៍ និង​អាជ្ញាធរខេត្ត​ព្រះសីហនុ ព្រមទាំង​វិស័យ​ឯកជន កំពុង​ខិតខំ​ជំរុញ​ការអនុវត្ត​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ២០២១- ២០២៥ តាមរយៈ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ចុងក្រោយ​នៃ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​បច្ចុប្បន្ន​កម្ម​។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយមាន​ការចូលរួម​ពី​លោក សុខ សុ​គុណ អគ្គនាយករង និង​ជា​ប្រធាន​ចាត់ចែង​គម្រោង​ក្រសួងទេសចរណ៍ លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ ព្រមទាំង​មានការ​ចូលរួម​ពី​លោក លោកស្រី​ជា​មន្ត្រីរាជការ ប្រធាន​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជលយាន​ខេត្ត ប្រធាន​សមាគម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​។

​គោលបំណង​នៃ​កិច្ចប្រជុំ «​ស្តីពី​សេចក្តីព្រាង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​បច្ចុប្បន្ន​កម្ម​ខេត្ត​ព្រះសីហនុ ២០២១- ២០២៥» គឺ​ដើម្បី​ពិភាក្សា​លើ​កិច្ចការ​មួយចំនួន​ដើម្បី​គាំទ្រ និង​ធ្វើឱ្យ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ដំណើរការ​ដោយ​រលូន ដែលមាន​ដូចជា ការរៀបចំ​ផែនការ​, ការវិភាគ​ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និង​ការគំរាមកំហែង (SWOT), ចក្ខុវិស័យ​, គោលដៅ និង​គោលបំណង​, ការ​ព្យាករ​ចំនួន​ទេសចរណ៍​ឆ្នាំ​២០២១-២០២៥, និង​ទិសដៅ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​។

​លោក សុខ សុ​គុណ បាន​និយាយថា ផែនការអភិវឌ្ឍន៍​ទេសចរណ៍ ៥​ឆ្នាំ (២០២១-២០២៥) ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ជំរុញ​កំណើន​ភ្ញៀវទេសចរ កំណើនសេដ្ឋកិច្ច​សង្គម ថែរក្សា​ធនធានធម្មជាតិ និង​វប្បធម៌​កាន់តែ​ល្អប្រសើរ​។ លោក​បន្តថា ផែនការ​នេះ ក៏ត្រូវ​រំពឹងថា​នឹង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឱ្យទៅជា​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ ដែលមាន​សុវត្ថិភាព មាន​ភាព​ទាក់ទាញ និង​ប្រកួតប្រជែង​កម្រិត​អន្តរជាតិ​។​

​លោក​ថ្លែងថា​៖«​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​ទទួលបាន​ជោគជ័យ​ចាំបាច់​ត្រូវមាន​ការគាំទ្រ និង​សហការ​អនុវត្ត​ល្អ​ពី​គ្រប់ភាគី ហើយ​ការប្រកួតប្រជែង​ទីផ្សារ​គឺ​ផ្តោតលើ​កញ្ចប់​ទស្សនកិច្ច​។ ម្យ៉ាងទៀត​ខេត្ត​ព្រះសីហនុ​មាន​ព្រលានយន្តហោះ​អន្តរជាតិ យន្តហោះ​ប្រភេទ​ធំ​អាច​ចុះចត​បាន និង​មាន​ឆ្នេរ​ខ្សាច់ និង​ប្រជុំ​កោះ ដែលជា​សក្តានុពល​ទេសចរណ៍​ដ៏​សម្បូរបែប​»​។​

​ទោះយ៉ាងណា លោក​លើកឡើងថា ទន្ទឹម​នឹងមាន​សក្តានុពល​ទាំងអស់នេះ ខេត្ត​ព្រះសីហនុ​ក៏មាន​បញ្ហា​ប្រឈម​ផងដែរ ដូចជា តំបន់​ទំនប់រលក ដែលមាន​សំរាម និង​ថង់​ប្លា​ស្ទិ​ក​ច្រើន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​។ លោក​បញ្ជាក់ថា​៖« យើង​ចង់​ប្រែក្លាយ​តំបន់​ទំនប់រលក ក្លាយជា​តំបន់​ទេសចរណ៍​ទាក់ទាញ ហើយ​សេចក្តីព្រាង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ នឹង​ក្លាយជា​ត្រីវិស័យ​មួយ​ក្នុងការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ក្រោយពី​វិបត្តិ​កូ​វីដ​១៩»​។

​អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌី​ម៉​ង់ បានបង្ហាញ​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដែល​ផែនការ​នេះ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​មន្ទីរ អង្គភាព ភាគី​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ប្រតិបត្តិ​ករ​ទេសចរណ៍ អ្នកវិនិយោគ​។ លោក​បាន​បញ្ជាក់ថា​៖«​រដ្ឋបាលខេត្ត​បេ្ត​ជ្ញា​ចិត្តនឹង​ជួយ​ជ្រោមជ្រែង​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​»​។

​បន្ថែម​ពីលើ​នេះ លោក ឌី​ម៉​ង់ ក៏បាន​និយាយថា រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ប្លង់​មេ​ក្នុងការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ នាពេលខាងមុខ​។ រាជរដ្ឋាភិបាល​ក៏បាន​កំណត់​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​ជាតា​រា​រះ​នា​ទិសនិរតី ដែលមាន​ខេត្ត​ជាប់​សមុទ្រ​៤ មានដូចជា ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្ត​កែប និង​ខេត្តកំពត​៕​