ភ្នំពេញៈ ក្នុង​រយៈពេល​ពេញ ១​ ខែមករា ឆ្នាំ​ ២០២២ ដោយ​រាប់បញ្ចូល​ទាំង​ពិធីបុណ្យ​ឆ្លងឆ្នាំ​សកល​ផង មាន​ភ្ញៀវទេសចរ​ប្រមាណ ៣ ១៥៨ ៥៣៧ ​នាក់​បាន​ដើរលេង​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​នៅ​ទូទាំងប្រទេស​ដែល​នេះ​អាច​ចាត់ទុកថា ជា​សញ្ញា​វិជ្ជមាន​នៃ​ការ​ងើប​ឡើងវិញ​ដ៏​ឆាប់រហ័ស​នៃ​វិស័យ​ទេសចរណ៍​ផ្ទៃក្នុង​សម្រាប់​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​។

ដោយឡែក​នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​រយៈពេល​ ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១-៣ ខែកុម្ភៈ ឆ្នាំ​ ២០២២ មាន​ភ្ញៀវទេសចរ​ចេញ​ដើរលេង​កម្សាន្ត​នៅតាម​តំបន់​ទេសចរណ៍​នានា​ប្រមាណ​ជិត ១ ​លាន​នាក់​ក្នុង​នោះ​ភ្ញៀវ​ជាតិប្រមាណ ៩៣១ ៣០៨​ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​ប្រមាណ ១៦ ១៨៩​ នាក់​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ​៦ ខែកុម្ភៈ ថា ចំនួន​ភ្ញៀវទេសចរ​ដែល​បានចេញ​ដើរលេង​កម្សាន្ត​នៅក្នុង​តំបន់​ទេសចរណ៍​នានា​ជាង ៣ ​លាន​នាក់​ក្នុង​ខែមករា​កន្លងមក គឺជា​តួលេខ​មួយ​ដែលមាន​ភាព​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍ ព្រោះ​ជាការ​ងើប​ឡើងវិញ​តាមរយៈ​ការចំណាយ​ធនធាន​ផ្សេងៗ​របស់​ភ្ញៀវទេសចរ​។

លោកស្រី​បន្ថែមថា មួយវិញទៀត​ចំនួន​ដ៏​ច្រើន​នេះ ក៏បាន​រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ច និង​ផ្តល់ឱកាស​ការងារ​ទៅដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ជាពិសេស​ផ្តល់ឱកាស​ដល់​អ្នករកស៊ី​ផ្នែក​ទេសចរណ៍​រៀបចំ​បើកទ្វារ​ឡើងវិញ​ដើម្បី​បម្រើ​សេវាកម្ម​ទេសចរណ៍​សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​បរទេស ខណៈ​ទីតាំង​អាជីវកម្ម​ទេសចរណ៍​ជាច្រើន​បាន​បិទទ្វារ​។

លោកស្រី ស៊ីវលីន បាន​ថ្លែងថា​៖ «​តាមរយៈ​ការចេញ​ដើរ​របស់​ភ្ញៀវទេសចរ​នៅក្នុង​ស្រុក គឺ​ជួយ​ច្រើន ព្រោះ​ជាង ៣ ​លាន​នាក់​នេះ​គាត់​មិន​ទៅ​តែ​តំបន់​មួយ​ទេ គឺ​គាត់​ដើរ​បាចសាច​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស ដែល​ធ្វើឱ្យ​ផលិតផល​គ្រឿងទេស​ជាច្រើន​បើកទ្វារ និង​បង្កើត​សេវាកម្ម​ផ្សេងៗ ដើម្បី​ផ្គត់ផ្គង់ ដើម្បី​តម្រូវ​ចិត្ត​ភ្ញៀវ​ផងដែរ​»​។

បើតាម​លោកស្រី ស៊ីវលីន ភ្ញៀវទេសចរ​ជាង ៣ ​លាន​នាក់ ដែល​ចេញ​ដើរ​កម្សាន្ត​នេះ​បាន​បង្កើត​ការងារ និង​សេដ្ឋកិច្ច​នៅតាម​មូលដ្ឋាន​ជាច្រើន​ពិសេស​បាន​ចូលរួម​ចាក់​បញ្ចូល​ទៅក្នុង​សេដ្ឋកិច្ចជាតិ ព្រោះ​អាជីវកម្ម​មូលដ្ឋាន​ ១ ​ភាគ​មាន​កាតព្វកិច្ច​ក្នុងការ​បង់ពន្ធ​រដ្ឋ​ផងដែរ​។ មិនតែប៉ុណ្ណោះ វា​ក៏​ផ្តល់ឱកាស​ការងារ​ធ្វើ​ឡើងវិញ​ទៅដល់​អ្នកជំនាញ​ទេសចរណ៍ ដែល​ភាគច្រើន​បាន​ផ្លាស់ប្តូរ​អាជីព បន្ទាប់ពី​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ ដោយ​អាជីវកម្ម​ទេសចរណ៍​របស់​ពួកគេ​បាន​បិទ​។

ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា លោក ឌិន សុមេធារិទ្ធិ បានកត់សម្គាល់​ឃើញថា ក្នុង​រយៈពេល​កន្លងមក​នេះ ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បានចេញ​ដើរ​កម្សាន្ត​ទៅកាន់​តំបន់​ទេសចរណ៍​មានការ​កើនឡើង​ជា​បន្តបន្ទាប់ ពោលគឺ​ក្រោយពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា មេរោគ​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ឆ្លង​លឿន ប៉ុន្តែ​វា​មិន​សាហាវ​ដូច​ជំងឺ​កូវីដ​មុនៗ​។

លោក​បាន​បន្តថា នៅ​ចុងឆ្នាំ និង​ចូលឆ្នាំ​ចិន​កន្លងមក​មាន​មនុស្ស​ចេញ​ដើរ​កម្សាន្ត​ច្រើន​ជាពិសេស​ក្នុង​ខេត្តសៀមរាប​។ ការធ្វើដំណើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​បានរួម​ចំណែក​ដល់​ការស្នាក់​នៅក្នុង​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​នានា​ឱ្យ​បើកទ្វារ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ឡើងវិញ ដែល​នេះ វា​បាន​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​ផងដែរ​។

លោក​លើកឡើងថា​៖ «​នៅពេល​ដែលមាន​ចលនា​មនុស្ស​ដើរ​ច្រើន វា​នឹង​ជួយ​ជំរុញ​ដល់​ចលនា​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​។ នេះ​ជា​ចំណុច​ល្អ និង​សំខាន់បំផុត​»៕ LA