ភ្នំពេញៈ រយៈពេល​ ១​ ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០២២ វិស័យ​នាំចេញ​ស្រូវ​-​អង្ករ​កម្ពុជា បានបង្ហាញ​សញ្ញា​វិជ្ជមាន​គួរឱ្យកត់សម្គាល់ ដោយ​សម្រេចបាន​ក្នុង​ទឹកប្រាក់​ជាង ៩៦ ​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​អង្ករ​មាន​ជាង ៣៥ ​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​។

ទិន្នន័យ​ CRF បង្ហាញថា នៅក្នុង​ខែមករា ឆ្នាំ​ ២០២២ កម្ពុជា​ប្រមូលបាន​ប្រាក់ ៣៥,៧២ ​លាន​ដុល្លារ​ពី​ការនាំចេញ​អង្ករ​ក្នុង​បរិមាណ ៥៣ ០៣៦ ​តោន កើនឡើង ៥៤,៧៤​ ភាគរយ​បើ​ធៀប​នឹង​ខែមករា ឆ្នាំ​ ២០២១ ដែលមាន​បរិមាណ ៣៤ ២៧៣ ​តោន​។ ទីផ្សារ​គោលដៅ​នាំចេញ​អង្ករ​កម្ពុជា​មាន ៣៤​ ប្រទេស ក្នុងនោះ​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុង ស្រូបយក ៣១ ១៨១ ​តោន​ (៥៨,៧៩ ​ភាគរយ​), ប្រទេស​ចំនួន ១៦ ​ក្នុង​ទ្វីបអឺរ៉ុប ១២ ៥៤២ ​តោន​ (២៣,៥៨ ​ភាគរយ​), ប្រទេស​ក្នុង​តំបន់​​អាស៊ាន​ ៣ មាន​ចំនួន ៦ ២៧៧​ តោន​ (១១,៨៤ ​ភាគរយ​)​ និង​គោលដៅ​ផ្សេងៗ​ចំនួន ៣ ០៧២ ​តោន​ (៥,៥២ ​ភាគរយ​)​។

ដោយឡែក​សម្រាប់​ការនាំចេញ​ស្រូវ​សម្រេចបាន ២៧៥ ៥១១​ តោន គិត​ជា​ទឹកប្រាក់​ប៉ាន់ស្មាន​ប្រមាណ ៦០,៦១​ លាន​ដុល្លារ​។ ការនាំចេញ​ភាគច្រើន គឺ​ទៅ​ប្រទេស​វៀតណាម​។

ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​ក្នុង​ឆ្នាំ​ ២០២២ នេះ​ត្រូវ​រំពឹងថា​នឹងមាន​កំណើន​ល្អប្រសើរ​ឡើងវិញ បន្ទាប់ពី​វិធានការ​របស់​សហភាព​អឺរ៉ុប​លើ​អង្ករ​កម្ពុជា ត្រូវបាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​ ២០២២​។

កាលពី​ថ្ងៃទី​ ១៧ ខែមករា ឆ្នាំ​ ២០១៩ គណៈកម្មការ​អឺរ៉ុប​បានសម្រេច​ហូត​ពន្ធ​នាំចូល​រយៈពេល ៣​ ឆ្នាំ​លើ​អង្ករ​ដែល​នាំ​ចេញពី​ប្រទេស​កម្ពុជា និង​មីយ៉ាន់ម៉ា តាមរយៈ​ការអនុវត្ត​វិធានការ​ការពារ​ដោយសារ​ការកើនឡើង​ការនាំចូល​អង្ករ​ប្រភេទ Indica ពី​ប្រទេស​ទាំង​ ២ ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​បណ្ដា​ប្រទេស​ផលិត​អង្ករ​នៅ​អឺរ៉ុប​។

​តាមរយៈ​វិធានការ​នេះ​បាន​តម្រូវឱ្យ​កម្ពុជា​ត្រូវ​បង់ពន្ធ​នាំចូល​ចំនួន ១៧៥ ​អឺរ៉ូ​ក្នុង​ ១​ តោន​នៅ​ឆ្នាំ​ដំបូង​ (២០១៩) ១៥០​ អឺរ៉ូ នៅ​ឆ្នាំ​ទី​ ២ (២០២០) និង​ ១២៥ ​អឺរ៉ូ នៅ​ឆ្នាំ​ទី​ ៣ (២០២១)​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្នុង​ថ្ងៃទី​ ៦ ខែកុម្ភៈ​ថា បរិមាណ​នៃ​ការនាំចេញ​ស្រូវ​អង្ករ ក្នុង​ឆ្នាំ​ ២០២២ ​នឹងមាន​កំណើន​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដោយសារ​កត្តា​រួមផ្សំ​មួយចំនួន​ដូចជា ការផ្តល់​កូតា​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ចិន​ (៤០ ​ម៉ឺន​តោន​) ​និង​សម្ទុះ​នៃ​ការបញ្ជាទិញ​ពី​ទីផ្សារ​អឺរ៉ុប​។

លោក​ថ្លែងថា​៖ «​តាម​ការព្យាករ​ក្នុង​ត្រីមាស​ទី​ ១​ នេះ កំណើន​នឹង​បន្ត​ក្នុង​ខែកុម្ភៈ និង​មីនា​បន្តទៀត ខណៈ​ផល​ស្រូវ​ដែល​ប្រមូលបាន​មាន​ចំនួន​កាន់តែ​ច្រើន និង​កាន់តែ​ល្អ ហើយ​កត្តា​ទីផ្សារ​ក៏​បើកទូលាយ​ជាង​មុន​»​។

លោក​បាន​បន្ថែមទៀតថា​ជាមួយ​ភាពល្អប្រសើរ​នៃ​បរិមាណ​គុណភាព និង​ទិន្នផល ព្រមទាំង​ទីផ្សារ​ក៏​កំពុង​ទាក់ទាញ​ឱ្យមាន​ការវិនិយោគ​លើ​ឡ​សម្ងួត និង​ឃ្លាំង​ស្តុក​ផងដែរ​។ លោក​បញ្ជាក់ថា​៖ «​ការវិនិយោគ​នេះ​កំពុង​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការពង្រឹង និង​ពង្រីក​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ឱ្យ​កាន់តែ​មាន​ស្ថិរភាព និង​កំណើន​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​»​។

ក្នុង​ឆ្នាំ​ ២០២២ នេះ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានដាក់​ផែនការ​នាំចេញ​អង្ករ​ក្នុង​ចន្លោះ​ពី ៨០-៨៥​ ម៉ឺន​តោន​។ នេះ​បើតាម​លោក សារ៉ន​។

កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ក្របខ័ណ្ឌ​អនុគ្រោះ​ពាណិជ្ជកម្ម​ស្ថិតក្រោម​ផែនការ​ទំនិញ​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ (EBA) ដើម្បី​ប្រកួតប្រជែង​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប​។

ចាប់ពី​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​ ២០២២ មក អង្ករ​កម្ពុជា​មិន​ស្ថិតនៅក្នុង​បញ្ជី​នៃ​ការដក EBA មួយផ្នែក​នោះទេ ដែល​មានន័យថា ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប គឺ​មិន​តម្រូវឱ្យមាន​ការបង់ពន្ធ​ឡើយ​ខណៈ​ក្នុង​រយៈពេល ៣ ​ឆ្នាំកន្លងមក ​(​ឆ្នាំ​ ២០១៩, ២០២០ និង​ឆ្នាំ​ ២០២១) ​ត្រូវបាន​តម្រូវឱ្យ​បង់ពន្ធ​ចំនួន ១៧៥ អឺរ៉ូ​ក្នុង ១ ​តោន​នៅ​ឆ្នាំ​ ២០១៩១៥០ ​អឺរ៉ូ​ក្នុង ១​ តោន​នៅ​ឆ្នាំ​ ២០២០ និង​ចំនួន ១២៥​ អឺរ៉ូ​ក្នុង ១ ​តោន នៅ​ឆ្នាំ​ ២០២១​។

កាលពី​ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​គោលដៅ​សរុប​ចំនួន ៥៦ ​ប្រទេស និង​តំបន់​ក្នុង​បរិមាណ​សរុប ៦១៧ ០៦៩​ តោន គិត​ជា​ទឹកប្រាក់​ចំនួន ៤១៨​ លាន​ដុល្លារ និង​បាន​នាំ​ស្រូវ​ចេញ​ចំនួន ៣ ៥២៧ ៤១៨ តោន​គិត​ជា​ទឹកប្រាក់​ប្រមាណ ៨៤៥,៩៥ ​លាន​ដុល្លារ​៕ LA