ព្រះសីហនុៈ វិស័យ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​នឹងមាន​ការប្រែប្រួល​មុខមាត់​ថ្មី ខណៈ​អាជ្ញាធរ និង​វិស័យ​ឯកជន​កំពុង​រួមគ្នា​ជំរុញ​ការអនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ២០២១-២០២៥ តាមរយៈ​ការដាក់ចេញ​នូវ​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់​។

កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ចុងក្រោយ​ស្តីពី​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​បច្ចុប្បន្នកម្ម​ខេត្ត​ព្រះសីហនុ ២០២១-២០២៥ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅ​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​លោក សុខ សុគុណ អគ្គនាយករង និង​ជា​ប្រធាន​ចាត់ចែង​គម្រោង​ក្រសួង​ទេសចរណ៍ លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ ព្រមទាំង​មានការ​ចូលរួម​ពី​លោក លោកស្រី ជា​មន្ត្រីរាជការ ប្រធាន​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជលយាន​ខេត្ត ប្រធាន​សមាគម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​។

គោលបំណង​នៃ​កិច្ចប្រជុំ​ស្តីពី​ «​សេចក្តី​ព្រាង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​បច្ចុប្បន្នកម្ម​ខេត្ត​ព្រះសីហនុ ២០២១-២០២៥» គឺ​ដើម្បី​ពិភាក្សា​លើ​កិច្ចការ​មួយ​ចំនួន​គាំទ្រ និង​ធ្វើឱ្យ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ដំណើរការ​ដោយ​រលូន​ដែល​រួមមាន ការរៀបចំ​ផែនការ​, ការវិភាគ​ពី​ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និង​ការ​គំរាមកំហែង ​(SWOT), ចក្ខុវិស័យ​, គោលដៅ និង​គោលបំណង​, ការព្យាករ​ចំនួន​ទេសចរណ៍​ឆ្នាំ​ ២០២១-២០២៥, និង​ទិសដៅ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​។

លោក សុខ សុគុណ បាន​និយាយថា ផែនការអភិវឌ្ឍន៍​ទេសចរណ៍ ៥ ​ឆ្នាំ (២០២១-២០២៥) ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការជួយ​ជំរុញ​កំណើន​ភ្ញៀវទេសចរ កំណើន​សេដ្ឋកិច្ច​សង្គម ថែរក្សា​ធនធាន​ធម្មជាតិ និង​វប្បធម៌​ឱ្យ​កាន់តែ​ល្អប្រសើរ​។ លោក​បន្តថា ផែនការ​នេះ​ក៏ត្រូវ​រំពឹងថា​នឹង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​ដែលមាន​សុវត្ថិភាព​មាន​ភាពទាក់ទាញ និង​ប្រកួតប្រជែង​កម្រិត​អន្តរជាតិ​។

លោក​បាន​ថ្លែងថា​៖ «​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ទទួលបាន​ជោគជ័យ​ចាំបាច់​ត្រូវ​មាន​ការគាំទ្រ និង​សហការ​អនុវត្ត​ល្អ​ពី​គ្រប់ភាគី ហើយ​ការប្រកួត​ប្រជែង​ទីផ្សារ​គឺ​ផ្តោតទៅលើ​កញ្ចប់​ទស្សនកិច្ច​។ ម្យ៉ាងទៀត​ខេត្ត​ព្រះសីហនុ​ក៏មាន​ព្រលាន​យន្តហោះ​អន្តរជាតិ ដែល​យន្តហោះ​ប្រភេទ​ធំ​អាច​ចុះចត​បាន និង​មាន​ឆ្នេរ​ខ្សាច់ និង​ប្រជុំ​កោះ ដែលជា​សក្តានុពល​ទេសចរណ៍​ដ៏សម្បុរ​បែប​»​។

ទោះយ៉ាងណា លោក​លើកឡើង​ថា ទន្ទឹមនឹង​សក្តានុពល​ទាំងអស់​នេះ ខេត្ត​ព្រះសីហនុ​ក៏មាន​បញ្ហា​ប្រឈម​ផងដែរ ដូចជា​តំបន់​ទំនប់រលក​ដែល​មាន​សំរាម និង​ថង់​ប្លាស្ទិក​ជាច្រើន​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​។ លោក​បាន​បញ្ជាក់ថា​៖ «​យើង​ចង់​ប្រែក្លាយ​តំបន់​ទំនប់​រលក​ទៅជា​តំបន់​ទេសចរណ៍​ទាក់ទាញ ហើយ​សេចក្តី​ព្រាង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​នឹង​ក្លាយជា​ត្រីវិស័យ​ក្នុង​ការស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ក្រោយពី​វិបត្តិ​កូវីដ​ ១៩»​។

អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ បានបង្ហាញ​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ដែល​ផែនការ​នេះ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​មន្ទីរ អង្គភាព ភាគី​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​អ្នកវិនិយោគ​។ លោក​បញ្ជាក់ថា​៖ «​រដ្ឋបាលខេត្ត​បេ្តជ្ញា​ចិត្តនឹង​ជួយ​ជ្រោមជ្រែង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​»​។

បន្ថែម​ពីលើ​នេះ លោក ឌីម៉ង់​ និយាយថា រដ្ឋាភិបាល​កំពុង​រៀបចំ​ប្លង់​មេ​ក្នុងការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​នាពេល​ខាងមុខ​។ រដ្ឋាភិបាល​ក៏បាន​កំណត់​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង និង​ជា​តារា​រះ​នា​ទិសនិរតី ដែលមាន​ខេត្ត​ជាប់​សមុទ្រ ៤ មានដូចជា ខេត្ត​ព្រះសីហនុ កោះកុង ខេត្ត​កែប និង​ខេត្តកំពត​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ការដាក់ចេញ​ផែនការ​មេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដ៏ច្រើន បាននិង​កំពុង​ជួយ​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​កាន់​តែមាន​សក្តានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យទៅ​កម្សាន្ត ជាពិសេស​បន្ទាប់ពី​ពិភពលោក​អាច​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ បាន​។ បន្ថែម​ពីលើ​នេះ ការទទួលបាន​កិត្តិនាម​ជា​ឆ្នេរសមុទ្រ​ស្អាត ព្រមទាំង​មាន​ព្រលានយន្តហោះ​អន្តរជាតិ និង​កំពង់ផែ​សមុទ្រ​ក៏​ជា​ផ្នែក​សំខាន់​ក្នុង​ការជួយ​ទ្រទ្រង់​ដល់​វិស័យ​ទេសចរណ៍​ផងដែរ​។

លោកស្រី​បានលើកឡើង​ថា​៖ «​ការដាក់ចេញ​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់ រួមជាមួយ​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នឹង​ជួយ​ឱ្យ​ខេត្ត​ព្រះសីហនុ​ក្លាយជា​កន្លែង​ទាក់ទាញ​ឱ្យទៅ​សម្រាក​កម្សាន្ត​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នាពេល​ខាងមុខ​ឆាប់ៗ​នេះ​»៕ LA