ព្រះសីហនុៈ គម្រោង​វិនិយោគ​ក្នុង​វិស័យ​វាយនភណ្ឌ​ចំនួន ៤ ដែលមាន​ទុនវិនិយោគ​សរុប ១៨,៦ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៦ ២០៧ ​កន្លែង ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) យល់ព្រម​អនុម័ត​ចុះបញ្ជី​កាលពី​ថ្ងៃទី​ ៤ ខែកុម្ភៈ ឆ្នាំ​ ២០២២​។

សេចក្តី​ប្រកាស​ព័ត៌មាន​ពី CDC ឱ្យដឹងថា យោងតាម​សំណើសុំ​វិនិយោគ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ឱ្យ​គម្រោង​ចំនួន ៤ ដែល​រួមមាន​ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន Toyoki Apparel (Cambodia)Co., Ltd នៅក្នុង​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មាន​ទុន​វិនិយោគ ៤,៥ ​លាន​ដុល្លារ បង្កើត​ការងារ​បាន ២ ៩២៩​ កន្លែង​, និង​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​របស់​ក្រុមហ៊ុន Kh Win Star Garment Co., Ltd នៅ​ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ ៥,៣ ​លាន​ដុល្លារ និង​បង្កើត​ការងារ ១ ៤១៤ ​កន្លែង​។

ចំណែក​គម្រោង ២ ទៀត​រួមមាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​របស់​ក្រុមហ៊ុន Hong Ri (Cambodia) Clothing Co., Ltd នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ ៥,៤ ​លាន​ដុល្លារ បង្កើត​ការងារ​បាន ១ ៦៨៤ ​កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​ខារ​អំបោះ​របស់ Global Xilin Garment Accessory Co., Ltd នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​មាន​ទុន ៣,៤ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១៨០ ​កន្លែង​។

ក្នុង​ខែមករា ឆ្នាំ​ ២០២២ CDC បានអនុម័ត​លើ​គម្រោង​វិនិយោគ​ចម្រុះ ២៥ ដែល​ស្មើនឹង​ទុន ២ ២៨៥,៨៨ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ២៣ ១៧៥ កន្លែង ខណៈ​ខែមករា ឆ្នាំ​ ២០២១ គម្រោង​វិនិយោគ​ដែល CDC អនុម័ត​មាន​ចំនួន ១១ ស្មើនឹង​ទុនវិនិយោគ ៤៣,៨ លាន​ដុល្លារ និង​បង្កើត​ការងារ ៧ ៨៥៤ កន្លែង​៕ LA