ភ្នំពេញៈ កម្ពុជា និង​ប្រទេស​ម៉ារ៉ុក​គ្រោង​នឹង​រៀបចំ​វេទិកា​ធុរកិច្ច​រវាង​វិនិយោគិន​នៃ​ប្រទេស​ទាំង​ ២ ​ក្នុងឆ្នាំនេះ​ ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។

ក្នុងជំនួប​ជាមួយនឹង​លោក Abderrahim Rahhaly ឯកអគ្គរាជទូត​ថ្មី​នៃ​ព្រះរាជាណាចក្រ​ម៉ារ៉ុក​ប្រចាំ​កម្ពុជា​កាលពីដើម​ខែកុម្ភៈ ឆ្នាំ​ ២០២២ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រទេស​ម៉ារ៉ុក​បាន​ចាប់អារម្មណ៍​ចំពោះ​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា ពិសេស​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា ដែលមាន​លក្ខណៈ​អំណោយផល​ច្រើន​សម្រាប់​វិនិយោគិន​បរទេស​។

លោក​បន្ថែមថា កន្លងទៅ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​នៅមានកម្រិត​នៅឡើយ ដោយសារតែ​ប្រទេស​ទាំង​ ២ ​នៅ​ឆ្ងាយ​ពីគ្នា ប៉ុន្តែ​នៅពេលនេះ​បើតាម​ការលើកឡើង​របស់​លោក​ឯកអគ្គរាជទូត គឺ​វិនិយោគិន​ម៉ារ៉ុក​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​ពី​ការវិនិយោគ​នៅ​កម្ពុជា ពិសេស​នៅពេល​កម្ពុជា​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ បានល្អ និង​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​បន្តបន្ទាប់​។

លោក​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​និយាយថា​៖ «​ប្រទេស​ម៉ារ៉ុក​ចង់​ពង្រីក​ទីផ្សារ​ជាមួយ​កម្ពុជា ដោយ​ចង់​បង្កើន​ការនាំ​ចូល​ទំនិញ​ពី​កម្ពុជា​បន្ថែមទៀត ដោយ​ឯកអគ្គ​រដ្ឋទូត​ប្រទេស​នេះ​បាន​បំផុស​វិនិយោគិន​របស់ខ្លួន​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​។ យើង​ក៏​គ្រោង​រៀបចំ​ឱ្យមាន Business Forum រវាង​ប្រទេស​ទាំង​ ២ ដើម្បី​កំណត់ថា កម្ពុជា​អាច​នាំ​អ្វី​ខ្លះទៅ​ម៉ារ៉ុក ព្រោះ​ប្រទេស​នេះ​មាន​ប្រជាជន​ប្រមាណ​ពី​ ៣៥-៣៦ ​លាន​នាក់​ដែរ​»​។

លោក ប៉ែន សុ​វិជាតិ អ្នក​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយនឹង​ម៉ារ៉ុក​នៅមាន​ចំនួន​តិចតួច​នៅឡើយ ដោយមាន​ទឹកប្រាក់​ជាង ៤ ​លាន​ដុល្លារ​កាលពី​ឆ្នាំ ​២០២១​។

ចំពោះ​មូលហេតុ​ដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​ នៅមានកម្រិត​តិចតួច​បែបនេះ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូបនេះ​បញ្ជាក់ថា ទី​ ១ ដោយសារ​ប្រទេស​នេះ​ស្ថិត​ឆ្ងាយ​ពី​កម្ពុជា​គឺ​នៅ​ទ្វីប​អាហ្វ្រិក ដែល​ពិបាក​ក្នុងការ​ដឹកជញ្ជូន និង​ទី​ ២ ផលិតផល​ដែល​កម្ពុជា​នាំទៅ​ម៉ារ៉ុក​ជា​ផលិតផល​កសិកម្ម ខណៈ​ផលិតផល​វាយនភណ្ឌ​មាន​តិចតួច​នៅឡើយ ដែល​នាំចូល​តាមរយៈ​ប្រទេស​បារាំង និង​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប​ទៅកាន់​ប្រទេស​នេះ​។

ទោះបីយ៉ាងណា​លោក​លើកឡើង​ថា​៖ «​បើសិន​យើង​អាច​កំណត់​នូវ​ទំនាក់ទំនង ពិសេស​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា​នឹង​គ្នា​មានន័យថា តើ​ម៉ារ៉ុក​ត្រូវការទិញ​អ្វី​ពី​កម្ពុជា ឧទាហរណ៍​ដូចជា កសិផល ឬ​សម្លៀក​បំពាក់ គ្រឿងបន្លាស់ ឬ​គ្រឿង​បង្គុំ ឬ​កង់​ជាដើម​។ ហើយ​យើង​ក៏​សម្លឹងមើល​ដូចគ្នា ថា​តើ យើង​អាច​នាំ​អ្វី​ពី​ម៉ារ៉ុក​មកវិញ ព្រោះ​ការកំណត់​គោលដៅ​ទំនិញ​ច្បាស់​បែបនេះ​អាចឱ្យ​ប្រទេស​ទាំង​ ២ ​យល់​ពី​តម្រូវការ​គ្នា​ទៅវិញទៅមក ហើយ​ពង្រីក​សហប្រតិបត្តិការ​ចំពោះ​គ្នា​បាន​»​។

លោក សុវិជាតិ បាន​អះអាងថា ក្រសួង​ពាណិជ្ជកម្ម​គាំទ្រ និង​ស្វាគមន៍​ការវិនិយោគ​ពី​ប្រទេស​ម៉ារ៉ុក ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។

យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម ការដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​ម៉ារ៉ុក​ក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ទឹកប្រាក់​ជាង ៤,៤ ​លាន​ដុល្លារ កើនឡើង ៤,៤២ ​ភាគរយ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ម៉ារ៉ុក​មាន​ទឹកប្រាក់​ជាង ៤,៣ ​លាន​ដុល្លារ កើនឡើង​ ៤,៣១​ ភាគរយ ខណៈ​ការនាំចូល​មកវិញ​មានតម្លៃ​ទឹកប្រាក់​សរុប​ជាង ១១ ​ម៉ឺន​ដុល្លារ កើនឡើង​ ០,១១​ ភាគរយ​៕LA