ភ្នំពេញៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​ (EDC) ​លោក កែវ រតនៈ បាន​និយាយថា ថាមពល​ស្អាត​ (​សូឡា​)​ ដែល​បានដាក់​បញ្ចូល​ក្នុង​បណ្តាញ​ជាតិ​នាពេលនេះ​បាន​កើន​ដល់​ក្នុង​រង្វង់ ១០ ​ភាគរយ​ហើយ ខណៈ​អាជ្ញាធរ​ជំរុញ​ និង​លើកទឹកចិត្ត​សម្រាប់​ការវិនិយោគ​លើ​ថាមពល​ស្អាត និង​កើត​ឡើងវិញ​ឱ្យបាន​ច្រើន​។

ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ៧ ខែកុម្ភៈ​លោក កែវ រតនៈ បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​តាម​ក្រសួង​រ៉ែ និង​ថាមពល​អគ្គិសនី​កម្ពុជា និង​ផ្នែក​ពាក់ព័ន្ធ​កំពុង​ខិតខំ​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​ការប្រើប្រាស់ និង​កំណើន​សេដ្ឋកិច្ច​។ ការពង្រឹង​សមត្ថភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​ត្រូវបាន​ឈរលើ​គោលដៅ​ចម្បង​ចំនួន ២ គឺ​ធ្វើឱ្យ​ថាមពល​អគ្គិសនី​កុំឱ្យ​ខ្វះខាត និង​ចង់ឱ្យមាន​ថាមពល​ចេញពី​ប្រភព​ស្អាត​ (​សូឡា​)​។

លោក កែវ រតនៈ បាន​លើកឡើង​ថា កាលពីពេល​ថ្មីៗ​នេះ​មាន​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​អានុភាព ២០ មេហ្គាវ៉ាត់​នៅក្នុង​ឃុំ​មនោរម្យ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ ដោយ​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ​តាមរយៈ​ប្រព័ន្ធ​ចែកចាយ​នៅ​ក្រុង​បាវិត​។ ការដាក់​ដំណើរ​ការបន្ថែម​នេះ​ធ្វើឱ្យ​ថាមពល​អគ្គិសនី​ពី​ថាមពល​ពន្លឺព្រះអាទិត្យ​ក្នុង​ខេត្តស្វាយរៀង​ដែល​តភ្ជាប់​ចូល​បណ្តាញ​ជាតិ​កើនឡើង​ដល់ ៣០ ​មេហ្គាវ៉ាត់​។ លោក​បន្តថា ថាមពល​ស្អាត​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​ក្រុង​បាវិត ដោយ​ជួយ​កាត់បន្ថយ​ការយក​ប្រភពពី​ភ្នំពេញ និង​វារីអគ្គិសនី​សេ​សាន​។ វា​នឹង​ជួយ​ឱ្យ​សកម្មភាព​វិនិយោគ​នៅ​ទីនោះ​កាន់តែ​មាន​ភាព​មមាញឹក និង​ជា​តំបន់​ថាមពលបៃតង​ផងដែរ​។

លោក​បន្ថែមថា នេះ​ជាការ​ចូលរួម​បន្ថែម​ទៅក្នុង​បណ្តាញ​ជាតិ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺជា​ប្រភព​ស្អាត និង​ជា​ថាមពល​កកើតឡើង​វិញ​ដែល​ប្រទេស​កម្ពុជា​កំពុងផ្តល់​អាទិភាព​ខ្ពស់​ក្នុង​ការជំរុញ​ថាមពល​ប្រភេទ​នេះ​ឱ្យដល់​កម្រិត​អតិបរមា​។ លោក​ថ្លែងថា​៖ «​នេះ​ជា​ការចូលរួម​ក្នុង​ការផ្តល់​ថាមពល​ឱ្យបាន​គ្រប់គ្រាន់​នៅក្នុង​ប្រទេស​កម្ពុជា​ផង និង​ក៏​ក្នុងន័យ​ដើម្បី​បង្កើន​ចីរភាព​នៃ​កិច្ចការពារ​បរិស្ថាន​ផងដែរ​»​។

យោងតាម​លោក កែវ រតនៈ រហូត​មកដល់​ពេលនេះ​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​ដែល​បានដាក់​ចូលក្នុង​បណ្តាញ​ជាតិ​រួចហើយ​មាន​ប្រមាណ ៣៥០ ​មេហ្គាវ៉ាត់​ដោយ​ក្នុងនោះ ៣០ មេហ្គាវ៉ាត់​នៅ​ខេត្តស្វាយរៀង​, ៨០ ​មេហ្គាវ៉ាត់​នៅ​ខេត្តកំពង់ស្ពឺ​, ៩០ ​មេហ្គាវ៉ាត់​នៅ​ខេត្ត​ពោធិ៍សាត់​, ៦០ មេហ្គាវ៉ាត់​នៅ​ខេត្តបាត់ដំបង​, ៦០ ​មេហ្គាវ៉ាត់​នៅ​កំពង់ឆ្នាំង និង​ ៣០ ​មេហ្គាវ៉ាត់​នៅ​ខេត្តបន្ទាយមានជ័យ​។

លោក​អះអាង​ថា​៖ «​នេះ​គឺជា​ការរាប់​ត្រួសៗ​នៅក្នុង​ផែនការ​ដែល​បានចេញ​ដំណើរការ ឬ​ចូល​បណ្តាញ​ជាតិ​រាល់ថ្ងៃ​រួច​ហើយ ប៉ុន្តែ​យើង​ក៏​នៅមាន​ផែនការ​រាប់រយ​មេហ្គាវ៉ាត់​បន្ថែមទៀត​ដែល​នឹងត្រូវ​ដាក់ពង្រាយ​ (​បណ្តាញ​ជាតិ​) ​ជា​បន្តបន្ទាប់​នៅពេល​ខាងមុខ​»​។

ទាក់ទង​សមត្ថភាព​ផ្គត់ផ្គង់​លោក កែវ រតនៈ បាន​បញ្ជាក់ថា ទោះបី​ការចូល​ជា​ធរមាន​នៃ​ច្បាប់​វិនិយោគ​ថ្មី និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​- ចិន និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​នឹងធ្វើ​ឱ្យ​កម្ពុជា​ទាក់ទាញ​ការវិនិយោគ​បាន​កាន់តែច្រើន​ក៏​កម្ពុជា​នៅតែ​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការឆ្លើយតប​នឹង​តម្រូវការ​ទាំងអស់នោះ​។

លោក​ថ្លែងថា​៖ «​យើង​អាច​ធានា​មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ដំណើរការ​រោងចក្រ​សហគ្រាស ប៉ុន្តែ​បើ​មាន​បញ្ហា​រអាក់រអួល​ខ្លះ គឺ​កើតឡើង​ពីអ្វី​ដែល​មិនអាច​ព្យាករ​បាន​ (​ចៃដន្យ​)​ តែប៉ុណ្ណោះ​»​។ លោក​បន្តថា​៖ «​បន្ថែម​ពីលើ​នេះ​យើង​ក៏មាន​ការប្តេជ្ញា​ខ្ពស់​ក្នុង​ការបង្កើន​អត្រា​ថាមពល​ស្អាត និង​ថាមពល​កកើត​ឡើងវិញ​ឱ្យបាន​កាន់តែច្រើន​ផងដែរ​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​និយាយថា បញ្ហា​ថាមពល​អគ្គិសនី​តែងតែ​ជា​ក្តីកង្វល់​របស់​អ្នកវិនិយោគ​។ ថាមពល​អគ្គិសនី គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម ដូច្នេះ​ប្រសិនបើ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ធានាបាន​នូវ​ការផ្គត់ផ្គង់​មួយ​ដែលមាន​និរន្តរភាព និង​មានតម្លៃ​សមរម្យ វា​មិន​ត្រឹមតែ​អាច​បង្កើន​សក្តានុពល​ក្នុងការ​ទាក់ទាញ​ការបណ្តាក់ទុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​ថ្លៃដើម​ផលិត​ទាប ដែល​ធ្វើឱ្យ​ផលិតផល​កម្ពុជា​កាន់តែ​មាន​ឱកាស​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។

លោក​ប្រាប់ថា​៖ «​ការបង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ថាមពល​ពិសេស​ពី​ថាមពល​កើនឡើង​វិញ​វា​នឹង​ជួយ​ទាក់ទាញ​ឱ្យមាន​ការចូល​វិនិយោគ​កាន់តែច្រើន និង​អាច​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ផងដែរ​»​។

បច្ចុប្បន្ន​នៅ​រដូវប្រាំង​ប្រទេស​កម្ពុជា​បាន​នាំចូល​ថាមពល​ពី​ប្រទេស​ជិតខាង​ជា​មធ្យម​ក្នុង​រង្វង់​ជាង ២០ ​ភាគរយ ប៉ុន្តែ​បើ​ក្នុង​រដូវវស្សា​ការ​នាំចូល​អាចមាន​ក្នុង​រង្វង់​ចន្លោះ​ពី ៥-១០ ​ភាគរយ​យ៉ាងច្រើន​។

យោងតាម​លោក កែវ រតនៈ នៅ​រដូវប្រាំង​ការប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា​ស្ថិតក្នុង​កម្រិត​អតិបរមា​ក្នុង​រង្វង់ ២ ០០០ ​មេហ្គាវ៉ាត់ ហើយ​នឹងមាន​អានុភាព​ដំឡើង​អាច​កើន​ដល់ ៣ ០០០ ​មេហ្គាវ៉ាត់​៕ LA