ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២ នេះ​នឹង​សម្រេចបាន ៥,៦ ​ភាគរយ​ដែល​ឆ្លុះបញ្ចាំង​ពី​ភាពស៊ាំ​ក្នុង​សហគមន៍ ដោយសារ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ខ្ពស់​ដែល​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​បើក​ដំណើរការ​សេដ្ឋកិច្ច​សង្គម បាន​ពេញលេញ បើ​ធៀប​នឹង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ និង​ពិភពលោក​។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើង​នៅក្នុង​ពិធី​បើក​សន្និបាត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍​ថា ដូចគ្នា​នឹង​បណ្តា​ប្រទេស​នានា​លើ​សកលលោក ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ គឺជា​ឆ្នាំ​ដ៏​លំបាក​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប ដោយសារ​ការទទួល​រង​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ទាំង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​ជំងឺ​កូវីដ​ ១៩​។

លោក​បាន​ថ្លែងថា​៖ «​ក្នុង​ថេរវេលា​ជិត ២ ​ឆ្នាំកន្លងមក កម្ពុជា​បាន​ឆ្លើយតប​ទៅនឹង​វិបត្តិ​នេះ​ប្រកបដោយ​ភាពស្វាហាប់ និង ភាពបត់បែន​ជាមួយ​ការអនុវត្ត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ស្មារតី​បុរេសកម្ម​។ លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​ខាងលើនេះ​បាន​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេសមួយ​ចំនួន​តូច​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​សកល​ដែលមាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់ ហើយ​បាន​បង្កើត​នូវ​ភាពស៊ាំ​សហគមន៍​ដ៏រឹងមាំ​»​។

លោក​បន្ថែមថា​៖ «​ភាពជោគជ័យ​នៃ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង និង​ការគ្រប់គ្រង​បាន​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​យើង​អាច​បិទ​បញ្ចប់​នូវ​«​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ ហើយ​បាន​បើក​ប្រទេស និង​ដំណើរការ​សកម្មភាព​សង្គម-​សេដ្ឋកិច្ច​បាន​ពេញលេញ​ឡើងវិញ​»​។

លោក​បញ្ជាក់ថា ឈរ​នៅលើ​មូលដ្ឋាន​នេះ សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​វាយតម្លៃថា នឹង​ងើប​ឡើងវិញ​ខ្ពស់ជាង​ការរំពឹងទុក​ក្នុង​អត្រាកំណើន ៣,០ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ ពី​កំណើន​អវិជ្ជមាន -៣,១ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០ ដែល​គាំទ្រ​ដោយ​ការ​ងើបឡើង​វិញ​លឿន​នៃ​វិស័យ​ឧស្សាហកម្ម ពោលគឺ​អនុវិស័យ​កាត់ដេរ និង​កម្មន្តសាល​មិនមែន​កាត់ដេរ និង​កំណើន​ល្អប្រសើរ​នៃ​វិស័យ​កសិកម្ម​។

លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា​៖ «​សម្រាប់​ឆ្នាំ​ ២០២២ សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹង​បន្ត​និន្នាការ​កើនឡើង​ក្នុង​រង្វង់ ៥,៦ ​ភាគរយ ដែល​គាំទ្រ​ដោយ​ការរំពឹងទុក​នូវ​ការកើនឡើង​នៃ​តម្រូវការ​សកល និង​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស​»​។

ធនាគារ​ពិភពលោក (WB) ក្នុង​របាយការណ៍​ជំនួយស្មារតី​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៣១ មករា បានឱ្យដឹងថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា ដែល​រង​ការខូចខាត​យ៉ាងដំណំ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​ប្រទេស​នេះ​អាច​ស្តារ​សេដ្ឋកិច្ច​ឱ្យមាន​កំណើន​ទៀងទាត់​ឡើងវិញ​បាន​តាមរយៈ​ការបង្កើន​ផលិតភាព​របស់​ក្រុមហ៊ុន និង​ពលករ​, ការពង្រីក​ពិពិធភាព​ក្នុង​ផ្នែក​នាំចេញ និង​ចាត់វិធានការ​នានា​ឈានទៅ​ជំរុញ​ការវិនិយោគ​ក្នុងស្រុក​។

តំណាង WB ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Maryam Salim ថ្លែងថា​៖ «​ចំណាត់ការ​គោលនយោបាយ​រយៈពេល​ខ្លី និង​មធ្យម​មួយចំនួន​អាចមាន​ប្រយោជន៍​ដល់​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ច ហើយ​តាមរយៈ​នោះ​វា​នឹង​អនុញ្ញាតឱ្យ​កម្ពុជា​កសាង​សេដ្ឋកិច្ច​បានមក​វិញ​កាន់តែ​​រឹងមាំ​ថែមទៀត​នៅក្រោយពេល​មាន​វិបត្តិ​កូវីដ​ ១៩»​។

លោកស្រី​ថ្លែងថា​៖ «​ការ​ងាក​ទៅរក​គន្លង​ផ្លូវ​ឆ្ពោះទៅ​កំណើន​ដោយ​ចីរភាព​វិញ គឺ​ចាំបាច់​ត្រូវការ​របៀបវារៈ​កែទម្រង់​មួយ​ប្រកប​ដោយ​មហិច្ឆតា​ដែល​ផ្តោត​ការយកចិត្ត​ទុកដាក់​ទៅលើ​ការបង្កើន​សមត្ថភាព​របស់​ក្រុមហ៊ុន ពលករ និង​ក្រុមគ្រួសារ​នៅ​កម្ពុជា ពង្រឹង​បទប្បញ្ញត្តិ​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​បំភ្លៃ​លើ​ទីផ្សារ និង​កែលម្អ​បរិយាកាស​ធ្វើ​ធុរកិច្ច និង​ការវិនិយោគ​ថែមទៀត​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ទ្រទ្រង់​ដល់​កំណើន​ប្រកប​ដោយ​គុណភាព​»​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៣១ ខែមករា​ថា ឧស្សាហកម្ម​កាត់ដេរ​កំពុង​ស្ថិតក្នុង​ផលិតកម្ម​ប្រកប​ដោយ​ស្ថិរភាព​រហូតមកដល់​ពេលនេះ ខណៈដែល​ការនាំចេញ​នៅតែ​បន្ត​កើនឡើង​។

លោក​ថ្លែងថា​៖ «​ដោយសារ​លក្ខខណ្ឌ​ប្រកប​ដោយ​ស្ថិរភាព​ដូច​នៅពេលនេះ យើង​អាចមាន​សុទិដ្ឋិនិយម​ថា នៅ​ឆ្នាំ ​២០២២ នេះ ការនាំចេញ​របស់​យើង​នឹង​បន្ត​កើនឡើង​ប្រហែល​កំណើន​មធ្យម​សម្រាប់​សម្លៀកបំពាក់ និង​កំណើន​ល្អ​សម្រាប់​ទំនិញ​ធ្វើដំណើរ​។ ការផ្លាស់​ទីតាំង​ការបញ្ជា​ទិញ​សម្លៀកបំពាក់​មួយចំនួន​ចេញពី​ប្រទេស​ចិន និង​មីយ៉ាន់ម៉ា​នឹង​បន្ត​ផ្តល់​ផលប្រយោជន៍​ដល់​កម្ពុជា​»​។

ទោះ​យ៉ាងនេះ​ក្តី លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា​ក៏​នៅតែ​បន្ត​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ខ្ពស់​ដោយសារ​ការលេចឡើង​នូវ​ហានិភ័យ​មួយចំនួន​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​សកល​មាន​ជាអាទិ៍ ការរាំងស្ទះ​មកលើ​ប្រព័ន្ធ​ដឹកជញ្ជូន​ និង​ឡូ​ជីស្ទិក ភាពតានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ​, សម្ពាធ​នៃ​អត្រា​អតិផរណា និង​ជាពិសេស​ការដាក់ចេញ​នូវ​គោលនយោបាយ​របស់​ដៃគូ​មួយចំនួន​ដូចជា ការរឹតបន្តឹង​ការធ្វើដំណើរ និង​ការ​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ ខណៈ​វីរុស​កូរ៉ូណា​នៅតែ​បន្ត​បំប្លែង​ខ្លួន​ជា​បន្តបន្ទាប់​ដែល​អាច​នឹងមាន​លទ្ធភាព​ចម្លង​កាន់តែ​ខ្ពស់ និង​អាច​បង្ក​ហានិភ័យ​ចំពោះ​សុខភាព​សាធារណៈ​កាន់តែ​ធ្ងន់ធ្ងរ​។

លោក​ថ្លែងថា​៖ «​ក្នុង​បរិការ​ណ៍​បែបនេះ ថ្មីៗ​នេះ​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ «​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូវីដ​ ១៩ ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ ​២០២១-២០២៣ ដែល​នឹង​ដើរតួនាទី​ជា​ផែនទី​បង្ហាញផ្លូវ និង​ជា​កម្លាំងចលករ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ពង្រឹង​សក្តានុព​​នៃ​ចន្ទល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​រស់រវើក​ឡើងវិញ ក៏ដូចជា​សម្រាប់​ការចាប់យក​ឱ្យបាន​នូវ​កាលានុវត្តភាព​ថ្មីៗ​ដែល​កំពុង​លេចឡើង ស្រប​នឹង​និន្នាការ​តំបន់ និង​សកល​សំដៅ​លើកកម្ពស់​កំណើន​ប្រកបដោយ​ចីរភាព និង​កាន់​តែ​មាន​ពិពិធ​កម្ម ក៏ដូចជា​កសាង​ភាព​ធន់​ដ៏រឹងមាំ​នៃ​សង្គម​សេដ្ឋកិច្ច​»៕ LA